ជាតិ
សង្គមជាតិ
អ្នកស្រី ប៉ែន មុំ អតីតមន្ត្រីបក្សប្រឆាំង ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ] អ្នកស្រី ប៉ែន មុំ ត្រូវសមត្ថកិច្ច នាំខ្លួនទៅកាន់រថយន្ត ដឹកទៅឃុំនៅពន្ធនាគារ បន្ទាប់ពីតុលាការខេត្តកំពត ប្រកាសសាលក្រម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដោយផ្តន្ទាទោសឲ្យជាប់ឃុំ៥ឆ្នាំ (រូបពីគណនីហ្វេសប៊ុក Mesa Love LyMa)
× សាលាដំបូងខេត្តកំពត បានប្រកាសសាលក្រម នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដោយផ្តន្ទាទោសអ្នកស្រី ប៉ែន មុំ វ័យ៣៩ឆ្នាំ អតីតសមាជិកានៃក្រុមប្រឹក្សាឃុំខាងគណបក្សប្រឆាំង នៅឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ] តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យតុលាការខេត្តកំពត អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកស្រី បែន មុំ ពាក់ព័ន្ធនឹងការកៀរគរ និងការបំផុសប្រជាជនឲ្យចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលផែនការនេះ ដឹកនាំនិងចាត់តាំងដោយលោក សម រង្ស៊ី។
អ្នកនាំពាក្យតុលាការខេត្តកំពត បន្តថា ផែនការរបស់លោក សម រង្ស៊ី ដែលចង់ផ្តួលរំលំរដ្ឋាភិបាល គឺធ្វើឡើងតាមរយៈឧបាយកលនៃការវិលត្រឡប់របស់លោក មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោក បានបំផុសប្រជាជនក្នុងស្រុក ឲ្យចាំទទួលលោក។
យ៉ាងណា លោក សម រង្ស៊ី មិនបានចូលស្រុកតាមការគ្រោងទុកឡើយ។ កាលនោះ មិនមែនមានតែអ្នកស្រី ប៉ែន មុំ ទេ គឺនៅមានអ្នកផ្សេងទៀត ដែលត្រូវចាប់ខ្លួន ក្រោយសមត្ថកិច្ច រកឃើញថា ពួកគេ ដើរប្រមែលប្រមូលគ្នីគ្នា ចាំទទួលលោក សម រង្ស៊ី។
ប៉ុន្តែ ក្រោយមកប៉ុន្មានថ្ងៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការជាមួយលោក សម រង្ស៊ី តែត្រូវស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ នាពេលនោះ មានមនុស្សមិនតិចជាង៧០នាក់ឡើយ ដែលត្រូវចាប់ខ្លួននៅទូទាំងប្រទេស ដោយសង្ស័យថា ប៉ងចូលរួមក្នុងផែនការរបស់លោក សម រង្ស៊ី។
ដោយមានការស្នើសុំពីសម្តេចនាយករដ្ឋមន្ត្រី អ្នកទាំងនោះ ក៏ត្រូវដោះលែងវិញ។ អ្នកស្រី ប៉ែន មុំ ក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបានការដោះលែងដែរ។ ប៉ុន្តែ ទីបំផុត អ្នកស្រី ត្រូវតុលាការខេត្តកំពត ហៅទៅជំនុំជម្រះ និងឈានដល់ការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។
លោក ជូង ជូងឺ មេធាវីរបស់អ្នកស្រី ប៉ែន មុំ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា លោក មិនទាន់បានទៅជួបនិងពិភាក្សាជាមួយអ្នកស្រី ប៉ែន មុំ ជាកូនក្តីនោះទេ ពីការដាក់បណ្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ឬយ៉ាងណា។ លោក ប្រាប់ថា កំពុងរវល់ ហើយក៏ផ្តាច់ការចហៅចូល។
លោក សម រង្ស៊ី និង លោក កឹម សុខា សុទ្ធតែត្រូវបានរដ្ឋាភិបាល ប្រកាសប្រាប់ប្រជាជនថា បានក្បត់ជាតិ ដោយលើកអំណះអំណងថា មេដឹកនាំកំពូលទាំងពីរនៃក្រុមប្រឆាំង ប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរយៈការលួចទៅពឹងពាក់បរទេស៕
Tag:
តុលាការ
អតីតបក្សប្រឆាំង
ប៉ែន មុំ
© រក្សាសិទ្ធិដោយ thmeythmey.com