សង្គមជាតិ
អន្តរជាតិ
ក្រុមបាតុករថៃ គ្រោងហែក្បួនតវ៉ាធំមួយទៅការិយាល័យនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ មេដឹកនាំបាតុករថៃលើកម្រាមដៃបីក្នុងសន្និសីទសារព័ត៌មានៅសាកលវិទ្យាល័យ Thammasat ។ រូបភាព AFP
×
ដោយ៖កង ម៉េងហុង
ក្រុមសកម្មជនប្រឆាំងរដ្ឋាភិបាលថៃនៅថ្ងៃទី៩ ខែកញ្ញាបានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការធ្វើបាតុកម្មមួយយប់និងប្រមូលមនុស្សឲ្យបានមួយសែននាក់ដើម្បីដើរជាក្បួនទៅកាន់វិមានរដ្ឋាភិបាលនៅសប្តាហ៍ក្រោយ។ នេះជាការដាក់សម្ពាធបន្ថែមទៀតទៅលើរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា បាលឲ្យចុះចេញពីតំណែង។
« យើងនឹងស្នាក់នៅពេញមួយយប់នៅបរិវេណសាកលវិទ្យាល័យនៅថ្ងៃទី ១៩ ខែកញ្ញា និងហែក្បួននៅថ្ងៃបន្ទាប់ ហើយប្រសិនបើមានមនុស្សចូលរួមច្រើន ការប្រមូលផ្តុំនឹងផ្លាស់ទៅ Sanam Luang វិញ»។ នេះជាសម្តីរបស់មេដឹកនាំនៃរណសិរ្សបង្រួបបង្រួមប្រចាំសាកលវិទ្យាល័យ Thammasat និងជាមេដឹកនាំបាតុកម្ម អ្នកនាង Panusaya Sithijirawattankul អំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅសាកលវិទ្យាល័យ Thammasat នៅថ្ងៃទី៩ ខែកញ្ញា។
នេះជាសញ្ញាដែលបាតុកម្មវិលត្រឡប់មកតាមដងផ្លូវជាថ្មីដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចេញពីតំណែង។ លោក ប្រាយុទ្ធ ដែលកំពុងដឹកនាំថៃជាមេដឹកនាំស៊ីវិល ឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ក្រោយការតវ៉ាតាមផ្លូវរបស់បាតុករប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ។
ជាមួយនឹងការតវ៉ាសឹងមិនលស់ថ្ងៃ លោក ប្រាយុទ្ធ ព្រមានថា ថៃនឹងត្រូវហ៊ុមព័ទ្ធដោយអណ្តាតភ្លើងប្រសិនបើការតវ៉ានៅតែបន្តកើតមានបែបនេះ។
ក្រៅពីការទាមទារឲ្យលោក ប្រាយុទ្ធ លាលែង ក្រុមអ្នកតវ៉ាចង់ឲ្យរដ្ឋាភិបាលបញ្ឈប់ការរំខានយាយីដល់អ្នកប្រឆាំង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរំលាយសភា។ ជាមួយគ្នានោះ បាតុករខ្លះក៏បានបន្តអំពាវនាវឲ្យកំហិតអំណាចនៃរាជានិយមរបស់ប្រទេស។ មេដឹកនាំបាតុករម្នាក់ទៀត លោក Parit Chiwarak ដែលត្រូវបានគេស្គាល់ថាជា Penguin ប្រកាសថា បាតុកម្មថ្ងៃទី១៩ ខែកញ្ញាខាងមុខ នឹងនិយាយពីការកែទម្រង់របបរាជានិយមម្ដងទៀត។
ក្រុមអ្នកតវ៉ាបានសន្យាថា ពួកគេនឹងធ្វើបាតុកម្មដោយសន្តិវិធី។ លោក Parit បានអះអាង បាតុករ មិនមានអាវុធទេ ដូច្នេះប៉ូលិសមិនចាំបាច់ប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពួកគេឡើយ ហើយក៏កុំរំខានដំណើរការតវ៉ានេះដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថាការប្រមូលផ្តុំគឺត្រូវតែធ្វើឡើងដោយសន្តិភាពនិងស្របច្បាប់ ខណៈរដ្ឋាភិបាលពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com