សង្គមជាតិ
អន្តរជាតិ
ក្រុមបាតុករ​ថៃ គ្រោង​ហែ​ក្បួន​តវ៉ា​ធំ​មួយ​ទៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​សប្តាហ៍​ក្រោយ​
11, Sep 2020 , 8:29 am        
រូបភាព
មេដឹកនាំបាតុករថៃលើកម្រាមដៃបីក្នុងសន្និសីទសារព័ត៌មានៅសាកលវិទ្យាល័យ Thammasat ។ រូបភាព AFP
មេដឹកនាំបាតុករថៃលើកម្រាមដៃបីក្នុងសន្និសីទសារព័ត៌មានៅសាកលវិទ្យាល័យ Thammasat ។ រូបភាព AFP
ដោយ៖​កង ម៉េង​ហុង
​ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃទី​៩ ខែកញ្ញា​បានប្រកាស​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ធ្វើបាតុកម្ម​មួយ​យប់​និង​ប្រមូល​មនុស្ស​ឲ្យ​បាន​មួយ​សែន​នាក់​ដើម្បី​ដើរ​ជា​ក្បួន​ទៅកាន់​វិមាន​រដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​។ នេះ​ជាការ​ដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាល​ឲ្យ​ចុះ​ចេញពី​តំណែង​។​

 
« យើង​នឹង​ស្នាក់នៅ​ពេញ​មួយ​យប់​នៅ​បរិវេណ​សាកលវិទ្យាល័យ​នៅ​ថ្ងៃទី ១៩ ខែកញ្ញា និង​ហែ​ក្បួន​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ប្រសិនបើ​មាន​មនុស្ស​ចូលរួម​ច្រើន ការប្រមូលផ្តុំ​នឹង​ផ្លាស់​ទៅ Sanam Luang វិញ​»​។ នេះ​ជាស​ម្តី​របស់​មេដឹកនាំ​នៃ​រណសិរ្ស​បង្រួបបង្រួម​ប្រចាំ​សាកលវិទ្យាល័យ Thammasat និង​ជា​មេដឹកនាំ​បាតុកម្ម អ្នកនាង Panusaya Sithijirawattankul អំឡុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សាកលវិទ្យាល័យ Thammasat នៅ​ថ្ងៃទី​៩ ខែកញ្ញា​។​
 
​នេះ​ជាស​ញ្ញា​ដែល​បាតុកម្ម​វិលត្រឡប់​មក​តាម​ដងផ្លូវ​ជាថ្មី​ដើម្បី​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចេញពី​តំណែង​។ លោក ប្រា​យុទ្ធ ដែល​កំពុង​ដឹកនាំ​ថៃ​ជា​មេដឹកនាំ​ស៊ីវិល ឡើងកាន់​អំណាច​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ក្រោយ​ការតវ៉ា​តាមផ្លូវ​របស់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ 
 
​ជាមួយនឹង​ការតវ៉ា​សឹង​មិន​លស់​ថ្ងៃ លោក ប្រា​យុទ្ធ ព្រមាន​ថា ថៃ​នឹងត្រូវ​ហ៊ុមព័ទ្ធ​ដោយ​អណ្តាតភ្លើង​ប្រសិនបើ​ការតវ៉ា​នៅតែ​បន្ត​កើតមាន​បែបនេះ​។​
 
​ក្រៅពី​ការទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ លាលែង ក្រុមអ្នកតវ៉ា​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការរំខាន​យាយី​ដល់​អ្នកប្រឆាំង ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​រំលាយ​សភា​។ ជាមួយគ្នា​នោះ បាតុករ​ខ្លះ​ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​កំហិត​អំណាច​នៃ​រាជានិយម​របស់​ប្រទេស​។ មេដឹកនាំ​បាតុករ​ម្នាក់ទៀត លោក Parit Chiwarak ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា Penguin ប្រកាសថា បាតុកម្ម​ថ្ងៃទី​១៩ ខែកញ្ញា​ខាងមុខ នឹង​និយាយ​ពី​ការកែទម្រង់​របបរាជានិយម​ម្ដងទៀត​។ 
 
​ក្រុមអ្នកតវ៉ា​បាន​សន្យាថា ពួកគេ​នឹងធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ លោក Parit បាន​អះអាង បាតុករ មិនមាន​អាវុធ​ទេ ដូច្នេះ​ប៉ូលិស​មិនចាំបាច់​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ម​កលើ​ពួកគេ​ឡើយ ហើយក៏​កុំ​រំខាន​ដំណើរ​ការតវ៉ា​នេះដែរ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​លោក Anucha Burapachaisri បាន​និយាយថា​ការប្រមូលផ្តុំ​គឺ​ត្រូវតែ​ធ្វើឡើង​ដោយ​សន្តិភាព​និង​ស្របច្បាប់ ខណៈ​រដ្ឋាភិបាល​ពិតជា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លាំងណាស់ ៕
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com