ជាតិ
ភ្ជុំបិណ្ឌ៖ អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យក្រាលកន្ទេលនៅបណ្តោយឆ្នេរឥតគិតថ្លៃ
× នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរ អាចយកកន្ទេលទៅក្រាលអង្គុយលេង និងទទួលទានអាហារ នៅតាមបណ្តោយឆ្នេរនានានៅក្នុងខេត្តព្រះសីហនុ ដោយមិនចាំបាច់បង់ប្រាក់នោះទេ។ លើសពីនេះ ទេសចរក៏អាចប្រើប្រាស់បន្ទប់ទឹកសាធារណៈជាង២០កន្លែង និងបន្ទាប់ចល័តដែលអាជ្ញាធរនឹងដាក់ពង្រាយតាមបណ្តោយឆ្នេរទាំងនោះ ដោយឥតគិតថ្លៃដែរ។លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmey25ដូច្នេះ។
ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុ អាចយកកន្ទេលទៅក្រាលអង្គុយលេង និងទទួលទានអាហារជុំគ្រួសារនៅបណ្តោយឆ្នេរ ដោយមិនចាំបាច់បង់ប្រាក់នោះទេ។ នេះជាការលើកឡើងរបស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុប្រាប់សារព័ត៌មាន Thmeythmey 25 ។
លោក តាំង សុចិត្តគ្រឹស្នា បញ្ជាក់ប្រាប់ Thmeythmey25 ដូច្នេះ៖«ភ្ញៀវអាចសម្រាកកម្សាន្ត, គាត់មានកន្ទេល អាចទៅក្រាលសម្រាកលេង។ ពេលគាត់ទៅវិញ គាត់សំអាតឆ្នេរវិញទៅ ដោយមិនមានការបង់ប្រាក់នោះទេ»។
ក្នុងករណីដែលទេសចរ មិនបានយកកន្ទេលទៅ ពួកគាត់ អាចជួលពីអាជីវករ នៅទីនោះបាន។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដដែល ដោយលោកបន្តបញ្ជាក់ទៀតថា ឆ្នេរដែលទេសចរអាចក្រាលកន្ទេលអង្គុយមានច្រើន ដូចជា ឆ្នេរអូរឈើទាលឆ្នេរអារីស្តុន(អូរឈើទាល២) និងចាប់ពីបណ្តោយឆ្នេរអូរត្រែះ រហូតដល់ឆ្នេរជំទាវម៉ៅ និងបណ្តាឆ្នេរផ្សេងៗទៀត។
ក្រៅពីអនុញ្ញាតឲ្យក្រាលកន្ទេលបរិភោគអាហារបាន អ្នកទេសចរ ក៏អាចប្រើប្រាស់បន្ទប់ទឹកដែលមានស្រាប់នៅតាមបណ្តាឆ្នេរទាំងអស់នោះដោយឥតគិតថ្លៃដែរ។ នេះបើតាមលោក តាំង សុចិត្តគ្រឹស្នា ដោយលោកបន្ថែមទៀតថា បន្ទប់ទឹកដែលមានស្រាប់មានជាង២០កន្លែង ហើយអាជ្ញាធរ កំពុងសាងសង់២០កន្លែងបន្ថែមទៀត នៅតាមបណ្តោយឆ្នេរសាធារណៈទាំងអស់ នៅខេត្តព្រះសីហនុ។ ក្នុងករណីសង់មិនរួចរាល់ អាជ្ញាធរនឹងប្រើប្រាស់បន្ទប់ទឹកចល័តជាបណ្ដោះអាសន្នសិន ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
យ៉ាងណាក៏ដោយ លោក តាំង សុចិត្តគ្រឹស្នា ក៏អំពាវនាវឲ្យភ្ញៀវទេសចរ ចូលរួមរក្សាអនាម័យ និងប្រមូលសំរាមរបស់ខ្លួន ទៅដាក់នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ខណៈអាជីករក៏ត្រូវបានណែនាំឲ្យឲ្យចូលរួមថែរក្សាអនាម័យ ក៏ដូចជាចៀសវាងការដំឡើងថ្លៃទំនិញ និងសេវាហួសហេតុផងដែរ។ លោក តាំង សុចិត្តគ្រឹស្នា បន្ថែមថា៖ «ទេសចរ ឬអាជីវករដែលមិនស្ដាប់ ខាងមន្ទីរទេសចរណ៍ ក៏មានកម្លាំងអាជ្ញាធរ ប្រមូលសម្ភាររបស់ពួកគាត់តែម្ដង»។
ប្រធានមន្ទីរទេសចរណ៍រូបនេះ រំពឹងថា ក្នុងពេលឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុ នឹងនៅតែទទួលបានកំណើនភ្ញៀវទេសចរច្រើន ដូចអំឡុងឈប់សម្រាកបុណ្យចូលឆ្នាំកន្លងទៅដែរ ដោយសារខេត្តជាប់សមុទ្រមួយនេះ មានសក្តានុពលទេសចរសម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្អាត សម្បូរឆ្នេរស្អាតៗ ក៏ដូចជាការពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com