សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកលក់​ស្រា​នៅ​ថៃ ដាក់​ញត្តិ​ទៅ​សភា​តវ៉ា​រឿង​បម្រាម​លក់​ស្រា​តាម​អន​ឡាញ​
10, Sep 2020 , 5:15 pm        
រូបភាព
ដោយ:
​អាជីវករ​លក់​គ្រឿង​ស្រវឹង​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី ១០ ខែកញ្ញា បានដាក់​ញត្តិ​មួយ​ទៅកាន់​សភា​ថៃ​ដើម្បី​តវ៉ា​ប្រឆាំង​បម្រាម​លក់​គ្រឿង​ស្រវឹង​តាម​អន​ឡាញ​។ ពួកគេ​អះអាងថា ការដាក់​បម្រាម​បែបនេះ គឺ​ប៉ះពាល់​ដល់​អាជីវកម្ម​ខ្នាតតូច​។​

 
​រដ្ឋាភិបាល​ថៃ កាលពីដើម​សប្តាហ៍​នេះ បានប្រកាស​ពី​បម្រាម​លក់​គ្រឿង​ស្រវឹង​តាម​អន​ឡាញ ក្រោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការបញ្ជាទិញ​តាម​អន​ឡាញ ខណៈ​ចំណាត់​ការបិទ​ប្រទេស​នៅតែ​បន្ដ​ដាក់​។ រដ្ឋាភិបាល​ថៃ​អះអាងថា ការផ្សព្វផ្សាយ​តាម​អន​ឡាញ គឺ​នាំ​ក្មេងៗ​មិនទាន់​គ្រប់​អាយុ​ចេះ​ផឹកស្រា​។ 
 
«​កុំ​ប្រើ​លេស​យុវជន​មក​ដាក់​បម្រាម​លើ​ការលក់​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​អន​ឡាញ​»​។ លោក Supapong Pruenglampoo តំណាង​បណ្ដាញ​អាជីវករ​លក់​គ្រឿង​ស្រវឹង​ជនជាតិ​ថៃ​ម្នាក់ បញ្ជាក់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រោយ​ក្រុម​ខ្លួន​បានដាក់​ញត្តិ​រួចរាល់​ទៅ​ឲ្យ​សភា​ថៃ​។ 
 
​លោក បន្តថា បម្រាម​បែបនេះ ពុំ​ជួយ​ការពារ​យុវជន​ពី​គ្រឿង​ស្រវឹង​បានឡើយ ក៏ប៉ុន្តែ​វា​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​បញ្ឈប់​អា​ជីករ​តូចតាច ហើយ​ផ្តល់​ផលចំណេញ​ហាង​លក់ទំនិញ​ធំៗ​។ បើតាម Reuters លោក Supapong សង្កត់ធ្ងន់ថា នេះ​គឺជា​បំផ្លាញ​ការធ្វើ​អាជីវកម្ម​តាម​អន​ឡាញ​។ 
 
​តាមច្បាប់​ថៃ អ្នក​ល្មើស​បម្រាម​នេះ នឹង​អាច​ជាប់គុក​ធ្ងន់​បំផុត​រហូតដល់​៦ ខែ និង​បង់ពិន័យ​ជា​ប្រាក់​រហូតដល់​១​ម៉ឺន​បាត ឬ ជាង​៣២០​ដុល្លារ​។ នៅ​ថៃ អាយុ​ស្របច្បាប់ ដែល​អាច​ផឹក​គ្រឿង​ស្រវឹង​បាន គឺ​២០​ឆ្នាំ​ឡើងទៅ ។ ថៃ​ក៏មាន​ច្បាប់​តឹងរ៉ឹង​លើ​ការលក់​គ្រឿង​ស្រវឹង​ផងដែរ ដូចជា ហាមឃាត់​ការលក់​នៅក្បែរ​សាលារៀន និង​រឹតត្បិត​ពេលវេលា​សម្រាប់​ហាង​ទំនិញ​នានា​អាច​លក់​គ្រឿង​ស្រវឹង​បានជា​ដើម​។ 
 
​សូមបញ្ជាក់ថា នេះ​ពុំមែន​ជា​លើកទីមួយ​ឡើយ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ដាក់ចេញ​បម្រាម​បែបនេះ ។ កាលពី​ខែមេសា​កន្លងទៅ បន្ថែម​ពី​ការហាម​លក់​តាម​អន​ឡាញ អាជ្ញាធរ​ថៃ​ក៏បាន​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​នៅតាម​ហាង​ផងដែរ ដែលមាន​រយៈពេល​៣​សប្ដាហ៍ ខណៈ​វា​គឺជា​ផ្នែក​មួយ​នៃ​វិធានការ​គម្លាត​សុវត្ថិ​ភា​៕ 
 
 

Tag:
 ​ថៃ​
  គ្រឿង​ស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com