សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ប្រាប់​អាស៊ាន​ឲ្យ​ឈប់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​រង​ទណ្ឌកម្ម​អាមេរិក​
10, Sep 2020 , 11:29 pm        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ ក្រសួងការបរទេសកម្ពុជា
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១០ ខែកញ្ញា បាន​ជំរុញ​បណ្តា​ប្រទេស​អាស៊ាន​បញ្ឈប់​ការរក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​បាន​ចូលរួម​ជួយ​ចិន​ធ្វើ​យោ​ធូប​នីយកម្ម និង​ការកសាង​កោះ​សិប្បនិម្មិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុមហ៊ុន​ទាំងនេះ ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម​ផងដែរ​។​



 
​ថ្មីៗ​នេះ អាមេរិក បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ចំនួន​២៤ ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ចិន​ទាំងនោះ គឺ​បាន​ជួយ​សម្រួល​ដល់​យោធា​ចិន ធ្វើ​យោ​ធូប​នីយកម្ម និង​សាងសង់​កោះ​សិប្បនិម្មិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក ក៏បាន​លើកឡើង​ពី​បញ្ហា​ក្រុមហ៊ុន​ចិន​ដែរ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​សមុទ្រ​ចិន​ខាងត្បូង​ជា​របៀប​សំខាន់​មួយ​។ 
 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​នៅ​ថ្ងៃទី​១០ ខែកញ្ញា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​គិតគូរ​ពី​បញ្ហា​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមុទ្រ​ចិន​ខាងត្បូង​។ 
 
«​ពិចារណា​ឡើងវិញ​លើ​ការធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន ដែល​គំរាម​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។ ប្រមុខ​ការទូត​អាមេរិក បានលើកឡើង​បែបនេះ ដោយ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ «​កុំ​អនុញ្ញាត​ឲ្យ​បក្សកុម្មុយនិស្ត​ចិន​ដើរ​ពីលើ​យើង និង​ប្រជាជន​យើង​»​។ 
 
​ការលើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ប្រាប់​អាស៊ាន​ថា អាមេរិក​គឺជា​អ្នកធ្វើ​យោ​ធូប​នីយកម្ម​ដ៏​ធំជាងគេ​បង្អស់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​កិច្ចប្រជុំ​ខាងលើ រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បាន ទទូច​ឲ្យ​ប្រទេស​អាស៊ាន​បញ្ចេញ​សកម្មភាព​របស់ខ្លួន​ប្រឆាំងនឹង​ចិន​ខ្លះ​ផង និង​កុំ​សូវ​និយាយ​ច្រើនពេក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា អាមេរិក និង​ចិន បាន​យក​វេទិកា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​នេះ ដើម្បី​ចោទ​គ្នា​ទៅវិញទៅមក​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ការ​ប្រជែង​ឥទ្ធិពល​គ្នា និង​បាន​រិះគន់​គ្នា​ទៅវិញទៅមក​៕

Tag:
 អាមេរិក​
  អាស៊ាន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com