ខេត្ត​ត្បូងឃ្មុំ លែង​កូន​ត្រី​ក្នុង​បឹង​ក្រហម ដើម្បី​ទុក​ប្រារព្ធ​ពិធី​ចាប់​ត្រី​ប្រពៃណី​នា​ដើមឆ្នាំ​ក្រោយ​
ជាតិ
ខេត្ត​ត្បូងឃ្មុំ លែង​កូន​ត្រី​ក្នុង​បឹង​ក្រហម ដើម្បី​ទុក​ប្រារព្ធ​ពិធី​ចាប់​ត្រី​ប្រពៃណី​នា​ដើមឆ្នាំ​ក្រោយ​
11, Sep 2020 , 8:59 am        
រូបភាព
ពិធីលែងកូនត្រីរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ
ពិធីលែងកូនត្រីរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ
រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​លែង​កូន​ត្រី​ប្រមាណ ៥៧ ០០០​ក្បាល ចូលក្នុង​បឹង​ក្រហម ដែលជា​បឹង​ធម្មជាតិ​ដើម្បី​ត្រៀម​រៀបចំ​កម្មវិធី​ចាប់​ត្រី​ប្រពៃណី​របស់​ខេត្ត​ត្បូងឃ្មុំ​។ ពិធី​នេះ​ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ​នា​ខែកុម្ភៈ ក្នុង​គោលបំណង​បង្កើន​ភាព​សាមគ្គី និង​ទាក់ទាញ​អ្នកទេសចរ​។ នេះ​បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០២០​។​

 
​ការលែង​កូន​ត្រី​ទាំងនេះ​ជា​ផ្នែក​មួយ​ជួយ​បង្កើន​ទិន្នផល​ត្រី​ធម្មជាតិ និង​អាច​ទ្រទ្រង់​ជីវភាព​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​តំបន់​នោះ តាមរយៈ​ការនេសាទ​ប្រចាំ​ថ្ងៃជា​លក្ខណៈ​គ្រួសារ​។ ដោយ​ប្រភេទ​កូន​ត្រី​ទាំងនោះ​មានដូចជា កូន​ត្រី​ក្រាញ់ រ៉ស់ អណ្ដែង និង​កូន​ត្រី​ប្រា​។ ម្យ៉ាង​ដោយ​សង្កេតឃើញ​ពី​សក្ដានុពល​នៃ​តំបន់​នេះ អំណោយផល​ផង​នោះ ទើប​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​សម្រេច​ដាក់ចេញ​ផែនការ​កែប្រែ​តំបន់​នេះ ឲ្យ​ទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​។​
 
​បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ការកែប្រែ​បឹង​ក្រហម ឲ្យ​ទៅជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ​។ ដូច្នេះ​ពលរដ្ឋ​ដែល​នៅ​តំបន់​នោះ​ចាំបាច់​រួមគ្នា​ថែរក្សា​ត្រី​នៅក្នុង​បឹង​នោះ​ឲ្យ​បានល្អ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឧបករណ៍​ឆក់​ជាដើម ដែល​អាច​បំផ្លាញ​ដល់​ធនធាន​ត្រី​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​ខេត្ត​ត្បូងឃ្មុំ​។​


 ពិធីចាប់ត្រីខេត្តត្បូងឃ្មុំ

​បឹង​ក្រហម ស្ថិតក្នុង​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន​ផ្ទៃដី​ប្រមាណ ៣០​ហិកតា និង​មាន​បឹង​តូច​ប្រមាណ ២០​បឹង​ជា​សាខា និង​មាន​រុក្ខជាតិ​លិច​ទឹកជា​ច្រើន​ប្រភេទ​។ ជា​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​មាន​គម្រោង​ពង្រីក​ផែនការ​អភិវឌ្ឍ​ឲ្យ​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ដោយ​ពង្រីក​ផ្ទៃដី​បឹង​បន្ថែម​ដើម្បី​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ​គ្រប់​រដូវ​កាល​។ 
 
 លោក ជាម ច័ន្ទ​សោភ័ណ ថ្លែង​នាឱកាស​សន្និសីទ​សារព័ត៌មាន នាទី​ស្ដីការគណៈរដ្ឋមន្ត្រី​កន្លងទៅ​ថា ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ទើប​បង្កើត​ថ្មី​មិនសូវមាន​កន្លែង​ទេសចរណ៍​ច្រើន​ទេ​។ ប៉ុន្តែ​ត្បូងឃ្មុំ​មាន​សក្ដានុពល ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​ជា​អាទិភាព លើ​រមណីយដ្ឋាន​ធម្មជាតិ​វប្បធម៌​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​កែច្នៃ​។  លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​អ្នកទេសចរ​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​ចាប់​ត្រី​បែប​ប្រពៃណី​ឲ្យ​បាន​កុះករ​ផងដែរ ហើយ​អ្នករៀបចំ ក៏បាន​ត្រៀម​រង្វាន់​លើកទឹកចិត្ត ដល់​អ្នក​ដែល​ចាប់បាន​ត្រី​ធំជាងគេ​ផងដែរ​៕
 


​កម្មវិធីចាប់ត្រីប្រពៃណីរបស់ខេត្តត្បូងឃ្មុំកន្លងមក

Tag:
 ត្រី ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com