ជាតិ
នយោបាយជាតិ
លោក ហ៊ុន ម៉ាណែត ប្រាប់កងកម្លាំងឲ្យប្រយ័ត្ន ព្រោះការប៉ងផ្តួលរំលំរដ្ឋាភិបាល នៅតែមាន រូបពីទំព័រហ្វេសប៊ុក Hun Manet
× ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ផ្ញើសារជូនទៅកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កុំឲ្យធ្វេសប្រហែស ដ្បិតលោក យល់ឃើញថា ការប៉ុនប៉ងរបស់ក្រុមណាមួយ ក្នុងការបង្កអស្ថិរភាព និងការបំផុសធ្វើបដិវត្តពណ៌ ដើម្បីឈានទៅដល់ការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តមាន។ ទោះមិននិយាយឲ្យចំ តែលោក ទំនងជាចង់សំដៅលើក្រុមអ្នកប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត ផ្ញើសារពញ្ញាក់ស្មារតីនេះដល់កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសដែលលោក ធ្វើជាតំណាងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីរម្លឹកខួប១១ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងអង្គរក្ស កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ លោក ហ៊ុន ម៉ាណែត ដែលមានតំណែងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សដែរនោះ បានរម្លឹកថា តួនាទីស្នូលរបស់កងកម្លាំងប្រដាប់អាវុធ គឺការពារបូរណភាពទឹកដី សុខសន្តិភាព រដ្ឋាភិបាល និង រដ្ឋធម្មនុញ្ញ។
លោកឧត្តមសេនីយ៍ឯក បន្តថា កងកម្លាំងប្រដាប់អាវុធ ត្រូវទប់ស្កាត់ឲ្យបាននូវរាល់បរិយាកាសបំពុលនិងកេងចំណេញផ្នែកនយោបាយ តាមរយៈការបំផុសឲ្យមានសង្គ្រាមចិត្តសាស្ត្រ ធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធខ្លួនឯង ឈប់ជឿលើរដ្ឋាភិបាល។
មេបញ្ជាការកងទ័ពជើងគោករូបនេះ សង្កត់ធ្ងន់ថា៖«ការគ្រប់គ្រងស្ថានភាពផ្ទៃក្នុង គឺជាអាទិភាពចាំបាច់ ដើម្បីធានាបានភាពម្ចាស់ការ...»។ លោក បន្ថែមថា៖«[កងកម្លាំងប្រដាប់អាវុធ] ត្រូវយកចិត្តទុកដាក់ តាមដាន ប្រុងប្រយ័ត្ន ប្រុងប្រៀប និង ត្រៀមសភាពការណ៍ ជាពិសេសការធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នឹងបញ្ជារដ្ឋាភិបាល ដើម្បីការពារឲ្យបានដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព ឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី»៕
Tag:
ហ៊ុន ម៉ាណែត
បដិវត្តពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com