សៀវភៅ​ថ្មី​មួយ​ថា លោក Trump ដឹង​មុន​ពី​គ្រោះថ្នាក់​នៃ​វីរុស​កូ​រ៉ូ​ណា​តែ​មើលស្រាល​វីរុស​នេះ​ដោយ​ចេតនា​
សង្គមអន្តរជាតិ​
អន្តរជាតិ
សៀវភៅ​ថ្មី​មួយ​ថា លោក Trump ដឹង​មុន​ពី​គ្រោះថ្នាក់​នៃ​វីរុស​កូ​រ៉ូ​ណា​តែ​មើលស្រាល​វីរុស​នេះ​ដោយ​ចេតនា​
11, Sep 2020 , 7:59 pm        
រូបភាព
ដោយ: VOA
​រូបភាព​ឯកសារ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​មួយ​ស្តីអំពី​ជំងឺ​កូ​វីដ​១៩​នៅ​សេត​វិមាន រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​។​


​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បានដឹង​នៅ​ដើមឆ្នាំ​២០២០ អំពី​គ្រោះថ្នាក់​ដ៏​មហន្តរាយ​ដែល​វីរុស​កូ​រ៉ូ​ណា​អាច​បង្ក​ឲ្យ​មាននៅ​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​មាន​ចេតនា​បំភ័ន្ត​សាធារណជន​អាមេរិកាំង​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ស្លន់ស្លោរ នេះ​បើ​យោងតាម​សៀវភៅ​ថ្មី​មួយ​របស់​អ្នកសារព័ត៌មាន​លោក Bob Woodward ។​
 
​នៅពេលដែល​មេរោគ​នេះ​បានចាប់ផ្ដើម​រីក​រាលដាល​ពី​ប្រទេស​ចិន​ទៅកាន់​ពិភពលោក ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​លោក Robert O'Brien បាន​ប្រា​ប់លោក​Trump នៅ​ថ្ងៃទី ២៨ ខែមករា​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅក្នុង​សេត​វិមាន​ថា​៖ «[​វីរុស​កូ​រ៉ូ​ណា​] នេះ​នឹង​ក្លាយជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ធំ​បំផុត​ដែល​លោក​នឹង​ជួបប្រទះ​ក្នុងពេល​កាន់ដំណែង​ជា​ប្រ​ធានា​ធីប​តី​»​។ នេះ​បើ​យោងតាម​សៀវភៅ​ដែលមាន​ចំណងជើង​ថា “Rage” ឬ «​កំហឹង​» ។​
 
​លោក Trump បាន​និយាយ​ទូរស័ព្ទ​នៅ​ថ្ងៃទី ៧​ខែកុម្ភៈ​ថា «​វា​អាច​ឆ្លង​បាន​នៅពេលដែល​អ្នក​គ្រាន់តែ​ដកដង្ហើម​ប៉ុណ្ណោះ ដូច្នេះហើយ​វា​ងាយ​ឆ្លង​មែន​។ ហើយ​វា​ក៏មាន​គ្រោះថ្នាក់​ជាង​ជំងឺ​ផ្ដាសាយធំ​ធម្មតា​ខ្លាំងណាស់​»​។​
 
​ជា​សារ​ធា​រណៈ​លោក​Trump បាន​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ថា វីរុស​នេះ​នឹង​បាត់​ទៅវិញ​ក្នុងពេល​ឆាប់ៗ ហើយ​គ្រោះថ្នាក់​នៃ​វីរុស​នេះ​មិន​ខុសគ្នា​ពី​ផ្ដាសាយធំ​ធម្មតា​ទេ​។ លោក​ទទូចថា រដ្ឋាភិបាល​អាមេរិក​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ​។​
​នៅពេលដែល​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​កំហឹង​» ត្រូវបាន​ចែកចាយ​កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​សេត​វិមាន​អ្នកស្រី Kayleigh McEnany បាន​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​នយោបាយ​[​លើ​លោក Trump]​។​
 
​អ្នកស្រី​បាន​និយាយថា លោក​មិន​ចង់​ឲ្យ​ប្រទេស​មាន​ចលាចល​។​នេះ​ជា​អ្វីដែល​មេដឹកនាំ​គ្រប់រូប​ធ្វើ​។​
 
​អ្នកនាំពាក្យ​រូបនេះ​បន្តថា​៖ «​ប្រធានាធិបតី​រូបនេះ បានធ្វើ​ការងារ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ដោះស្រាយ​បញ្ហា​កូ​វីដ​១៩​។ លោក​តែងតែ​គិតគូរ​ជានិច្ច​អំពី​ជីវិត​មនុស្ស​ដែល​អាច​នឹង​បាត់បង់​។ លោក​បាន​ទទួលស្គាល់ថា​វា​មាន​សភាព​ធ្ងន់ធ្ងរ​តាំងពី​ខែមីនា​មក​ម្លេះ ថា​ជីវិត​មនុស្ស​ចន្លោះ​ពី ១​សែន ទៅ​២​សែន​នាក់​អាច​នឹង​បាត់បង់​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com