COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនអឺរ៉ុប ខ្លាចរងថ្មបាក់ដោយសារទំនាក់ទំនងតានតឹងរវាងចិន និងអឺរ៉ុប
× ក្រុមហ៊ុនអឺរ៉ុប នៅចិនបានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើង ចំពោះការសកម្មភាពរឹតត្បិតពីសំណាក់ចិន ខណៈពេលដែលទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបនៅបន្តតានតឹង។ បណ្តាក្រុមហ៊ុនអឺរ៉ុប អះអាងថា បរិយាកាសជំនួញនៅចិន ជាប់ពាក់ព័ន្ធកាន់តែខ្លាំងឡើងទៅនឹងរឿងនយោបាយ។
របាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំចិន បានលើកឡើងពីបញ្ហា ក៏ដូចជាសេចក្តីបារម្ភរបស់ក្រុមហ៊ុនអឺរ៉ុបចំនួន១,៧០០។ ក្រុមហ៊ុនអឺរ៉ុបទាំងនោះ បានលើកឡើងពីការរឹតត្បិតក្នុងការធ្វើដំណើរនៅពេលផ្ទុះជំងឺឆ្លង COVID-19 ក៏ដូចជាការហាមឃាត់មិនឲ្យក្រុមហ៊ុនអឺរ៉ុបចូលរកស៊ីក្នុងវិស័យសំខាន់ៗរបស់សេដ្ឋកិច្ចចិន។
របាយការណ៍នេះ ក៏ព្រមានផងដែរថា ទំនាក់ទំនងកំពុងតែយ៉ាប់យ៉ឺនរវាងចិន និងអឺរ៉ុបជុំវិញសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង និងច្បាប់សន្តិសុខហុងកុង អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនអឺរ៉ុបដែលកំពុងធ្វើជំនួញនៅចិន។ ក្ដីបារម្ភនេះស្ដែងតាមការសិក្សារបស់ក្រុមការងារសភាពាណិជ្ជកម្មអឺរ៉ុបដែលបានមតិ និងយោបល់ពីក្រុមហ៊ុនដែលជាសមាជិកចំនួន១,៧០០។
ក្នុងរបាយការណ៍នេះ ក្រុមហ៊ុនអឺរ៉ុបជឿថា ពួកគេអាចក្លាយជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលចិន ដោយសារតែសកម្មភាពរដ្ឋាភិបាលរបស់ប្រទេសគេដែលប្រឆាំងចិន។ ត្រង់នេះ អូស្ត្រាលីក្លាយជាឧទាហរណ៍ស្រាប់។ ដោយសារតែទំនាក់ទំនងតានតឹងជាមួយអូស្ត្រាលី ចិនបានដាក់ពន្ធនាំចូលជាង៨០ភាគរយទៅលើស្រូវសាលីរបស់អូស្ត្រាលី ដែលធ្វើឲ្យរាំងខ្ទប់ដល់ជំនួញដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ចិនបើកការស៊ើបអង្កេតលើជំនួញខ្លះទៀតរបស់ក្រុមហ៊ុនអូស្ត្រាលីដែរ។
ក្រៅពីនេះ វិបត្តិ COVID-19 ក៏ក្លាយជាហេតុផលនៃការរឹតត្បិតក្នុងការធ្វើដំណើរ ដែលធ្វើឲ្យបុគ្គលិករបស់ក្រុមហ៊ុនអឺរ៉ុបជាច្រើនមិនអាចត្រឡប់ចូលចិនវិញ ស្របពេលដែលការរើសអើងទៅលើជនបរទេស មិនត្រូវបានមន្ត្រីចិនអើពើឡើយ។ ក្រុមហ៊ុនចិនទាំងនោះក៏បានលើកជាសំណួរផងដែរថា តើជាផ្នត់គំនិតរបស់ចិនឬដែលចង់បានបច្ចេកវិទ្យា និងមូលធនពីបរទេស តែមិនស្វាគមន៍ជនបរទេសទៅវិញ? នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ចំពោះវិស័យទាំងឡាយក្នុងសេដ្ឋកិច្ចចិនវិញ ក្រុមហ៊ុនអឺរ៉ុប ក៏សង្កេតឃើញថា ចិនមិនទាន់បើកចំហរទីផ្សារបានពេញលេញនៅឡើយទេ។ ពួកគេនៅប្រឈមជាមួយនឹងបញ្ហាការិយាធិបតេយ្យ ដែលមិនអនុញ្ញាតឲ្យបានធ្វើជំនួញបានពេញលេញក្នុងវិស័យធនាគារ និងធានារ៉ាប់រងផងដែរ។
បើតាមរបាយការណ៍ខាងលើ ចិនហាក់បីដូចជាមានការកំណត់លើវិស័យមួយចំនួន ដែលរឹតត្បិតមិនឲ្យមានការវិនិយោគពីបរទេស ឬផ្តល់ការគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកចិន រហូតធ្វើឲ្យក្រុមហ៊ុនអឺរ៉ុបមិនអាចប្រកួតប្រជែងជាមួយបាន។ បច្ចុប្បន្ន វិស័យទូរគមនាគមន៍ ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដែលមានសក្តានុពលក្នុងការរីកលូតលាស់ ត្រូវបានរដ្ឋាភិបាលចិនរឹតត្បិតចំពោះការវិនិយោគពីបរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com