ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
យុវជន មួង សុភ័ក្រ្ត ម្នាក់ទៀត ត្រូវចាប់ខ្លួន និងបញ្ជូនទៅតុលាការ
11, Sep 2020 , 10:20 am        
រូបភាព
យុវជន មួង សុភ័ក្ត្រ (ពាក់អាវក្រហមដើរខាងមុខ) ចូលរួមទាមទាររកយុត្តិធម៌សង្គមនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុក Khmer Student Intelligent League Association)
យុវជន មួង សុភ័ក្ត្រ (ពាក់អាវក្រហមដើរខាងមុខ) ចូលរួមទាមទាររកយុត្តិធម៌សង្គមនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុក Khmer Student Intelligent League Association)
វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ច ពិតជាបានចាប់យុវជនម្នាក់ទៀតឈ្មោះ មួង សុភ័ក្រ្ត កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ លោក បន្តថា ក្រោយចាប់ហើយ សមត្ថកិច្ច ក៏បញ្ជូនយុវជនរូបនេះ ទៅតុលាការតែម្តង នៅល្ងាចថ្ងៃដដែល។



អ្នកនាំពាក្យនគរបាលភ្នំពេញ បានឲ្យដឹងទៀតថា ការចាប់យុវជនឈ្មោះ មួង សុភ័ក្រ្ត  គឺធ្វើទៅតាមដីការបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដីកាតុលាការ បង្គាប់ឲ្យចាប់យុវជនរូបនេះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

យ៉ាងណា លោក ពុំបានទទួលព័ត៌មានជាក់លាក់ឡើយថា យុវជនរូបនេះ ប្រព្រឹត្តបទល្មើសអ្វី ទើបឈានដល់ត្រូវចាប់ខ្លួន ពីញុះញង់បង្កឲ្យមានភាពវឹកវរដល់សុខសង្គម។ លោក និយាយជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ថា៖«យើង ធ្វើតាមតែដីកាតុលាការទេ។ ព័ត៌មានបន្ថែម សូមទាក់ទងទៅខាងតុលាការ»។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជនីភ្នំពេញ មិនទាន់អាចបំភ្លឺករណីនេះបានទេ ដោយលោក ប្រាប់ថា កំពុងប្រជុំ។

នៅរសៀលថ្ងៃទី៩ ខែកញ្ញាម្សិល យុវជន មួង សូនី ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែ ត្រូវជាបងប្រុសរបស់យុវជន មួង សុភ័ក្រ្ត បានបង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកថា យុវជន មួង សុភ័ក្រ្ត ជាប្អូន បានបាត់ខ្លួននៅម្តុំសាលាបឋមសិក្សាសុធារស ហើយទូរស័ព្ទ ក៏មិនទាក់បាន ដោយសង្ស័យថា ត្រូវសមត្ថកិច្ចចាប់។ ដូចការសង្ស័យ យុវជន មួង សុភ័ក្ត្រ ដែលជាសមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ គឺពិតជាត្រូវសមត្ថកិច្ច ចាប់មែន។

មកដល់ពេលនេះ មានយុវជនយុវតីមិនតិចជាង១០នាក់នោះទេ ដែលត្រូវចាប់ខ្លួន រួមមាន អតីតព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្មមុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡាវី យុវជន ថុន រដ្ឋា យុវជន មួង សុភ័ក្រ្ត យុវតី ឈឿ ដារាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី និង ជាដើម។ អតីតព្រះសង្ឃ និងយុវជនយុវតីទាំងនោះ ភាគច្រើនជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។

លោក រ៉ុង ឈុន មេសហជីព និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវចាប់ខ្លួនមុនយុវជនយុវតីខាងលើ។ អ្នកទាំង២ ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងរឿងព្រំដែន។ ឯយុវជយុវតី ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចេញទាមទារឲ្យដោះលែងអ្នកទាំង២ និងទាមទារឲ្យមានយុត្តិធម៌សង្គម។

នៅមានមនុស្សមួយទៀត ដែលត្រូវចាប់ខ្លួន ដូចជា យុវជនជាអ្នកចម្រៀងរ៉េប ជា គន្ធា រួមទាំងមន្ត្រីអតីតគណបក្សប្រឆាំង២រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង។

មនុស្សដែលត្រូវចាប់ខ្លួនខាងលើស្ទើរតែទាំងអស់ បានរងបទចទដូចគ្នា គឺបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ក្រុមអង្គការសង្គមស៊ីវិលនានា ព្យាយាមសុំឲ្យតុលាការទម្លាក់បទចោទនិងដោះលែងអ្នកទាំងនោះវិញ តែមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ៕

Tag:
 តុលាការ
  មួង សុភ័ក្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com