COVID-19
ជាតិ
លោក នួន ផារ័ត្ន៖«អ្វីដែលសំខាន់ពេលនេះ គឺសាលារៀនត្រូវមានសុវត្ថិភាពពីកូវីដ-១៩»
11, Sep 2020 , 11:15 am        
រូបភាព
លោក នួន​ ផារ័ត្ន អភិបាលរងនៃសាលារាជធានីភ្នំពេញ
លោក នួន​ ផារ័ត្ន អភិបាលរងនៃសាលារាជធានីភ្នំពេញ
ដោយ: ថ្មីៗ
ខណៈក្រសួងអប់រំប្រកាសអនុញ្ញាតឱ្យមាការបើកគ្រឹះស្ថានសិក្សាដំណាក់កាលទី២ ទីភ្នាក់ងារជំនួយអាមេរិក USAID និង យូនីសេហ្វ បានផ្តល់ជំនួយជាសម្ភារបង្ការការពារជំងឺកូវីដ-១៩ ជាច្រើន ដើម្បីផ្គត់ផ្គង់នៅតាមសាលារៀនចំនួន ៤១៧ នៅក្នុងខេត្តចំនួន៥ និងនៅក្នុងរាជធានីភ្នំពេញ។ គ្រឹះស្ថានសិក្សាសាធារណៈរបស់រាជធានីភ្នំពេញចំនួន២២៩ សុទ្ធតែទទួលបានសម្ភារអនាម័យទាំងនោះ ដូចជា៖ ជេលលាងដៃ (៣៤០៥ ដប), សាប៊ូលាងដៃ (៣៩៧២៥ ដុំ), ឧបករណ៍វាស់កម្តៅ (៤៨៩ គ្រឿង) និងផ្ទាំងរូបភាពអប់រំ (៣៥០០ សន្លឹក)។

 
ពិធីប្រគល់សម្ភារអនាម័យដល់សាលារៀនត្រូវបានរៀបចំធ្វើនៅមន្ទីរអប់រំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែកញ្ញានេះ ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ, លោក បេនចាមីន វូឡូអ័រ (Benjamin Wohlauer) អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងលោកស្រី ហ្វ័រុហ្គ ហ្វូយូហ្សិថ (Foroogh Foyouzat) ដែលជានាយិកាអង្គការយូនីសេហ្វប្រចាំកម្ពុជា។
 
សាប៊ូ ជែលលាងដៃ ឧបករណ៍វាស់កម្តៅ និងផ្ទាំងរូបភាពផ្សព្វផ្សាយអប់រំ នឹងបានទៅដល់កុមារចំនួន២៩ម៉ឺននាក់ ហើយដែលអាចផ្តល់លទ្ធភាពឱ្យពួកគេបន្តការសិក្សាជាថ្មីប្រកដោយសុវត្ថិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងអប់រំ USAID និងយូនីសេហ្វ។
 
នៅក្នុងពិធីនៃការប្រគល់សម្ភារអនាម័យនោះ អភិបាលរងសាលារាជធានី លោក នួន ផារ័ត្ន បានកោតសរសើរដៃគូអភិវឌ្ឍដែលបានចូលរួមជាមួយរដ្ឋាភិបាល និងសាលារាជធានី ក្នុងបេសកកម្មប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍។ អភិបាលរងបានអធិប្បាយបន្ថែមយ៉ាងដូច្នេះថា៖«ពេលនេះគឺជាពេលដ៏សំខាន់ជាងពេលណាៗទាំងអស់ ដែលសហគមន៍ សាលារៀនត្រូវរួមគ្នាធានាយ៉ាងណាឱ្យសាលារៀននៅតែមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ដើម្បីឱ្យសិស្សានុសិស្សរបស់យើងអាចបន្តការសិក្សារបស់ពួកគេនៅក្នុងបរិយាកាសដែលទទួលបានការគាំទ្រ និងមានសុវត្ថិភាព»។


 
នៅក្នុងដំណាក់កាលនៃការបើកគ្រឹះស្ថានសិក្សាដំណាក់កាលទី២ ចាប់ពីថ្ងៃទី៧ខែកញ្ញានេះ ដែលផ្តោតសំខាន់ទៅលើគ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបានណែនាំឱ្យអនុវត្តវិធានគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់ក្រសួងអប់រំផង និងក្រសួងសុខាភិបាល។ សិស្សានុសិស្សត្រូវពាក់ម៉ាស់ជាប្រចាំ ការលាងសម្អាតដៃ ច្រកទ្វារសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព បាញ់សម្លាប់មេរោគនៅក្នុងថ្នាក់រៀន និងបន្ទប់ទឹក វិធានទាំងអស់នេះត្រូវបានណែនាំឱ្យអនុវត្តនៅក្នុងបរិវេណសាលារៀន ដើម្បីទប់ស្កាល់ការឆ្លងរាលដាលជំងឺកូវីដ១៩។
 
ទាក់ទងនឹងការផ្តល់ជំនួយសម្ភារអនាម័យពីយូនីសេហ្វវិញ លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាន៍ថា ការទទួលបានជោគជ័យ និងជំនះឧបសគ្គដ៏ធំសម្បើមដែលបង្កឡើងដោយជំងឺកូវីដ-១៩ អាស្រ័យលើការធ្វើការងារជិតស្និទ្ធជាមួយនឹងដៃគូ។ លោកស្រីបានអរគុណ ភ្នាក់ងារ USAID ដែលបានគាំទ្រដល់ការបន្តការសិក្សារបស់កុមារនៅកម្ពុជា ក្នុងអំឡុងពេលដែលសាលាបិទទ្វារ ហើយដែលបច្ចុប្បន្ននេះ ក៏កំពុងជួយឱ្យពួកគេវិលត្រឡប់ទៅសាលារៀនប្រកបដោយសុវត្ថិភាពផងដែរ។ លោកស្រីនាយិកាបានគូសបញ្ជាក់ថា៖«លទ្ធផលទាំងនេះមិនអាចកើតមានឡើយ ប្រសិនបើពុំមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាថ្មីម្ដងទៀតបានបង្ហាញឱ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលផ្ដល់សារសំខាន់ដល់ការអប់រំ ដើម្បីជួយឱ្យប្រទេសនេះ មិនត្រឹមតែធូរស្បើយពីជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត»។
 
សម្រាប់លោក Benjamin Wohlauer ដែលអនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកវិញ ការបើកសាលារៀនឡើងវិញនេះ គឺជាការវិវត្តដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីជំងឺកូវីដ១៩។ លោកថា សហរដ្ឋអាមេរិក មានមោទកភាពក្នុងការសហការជាមួយក្រសួងអប់រំ និងយូនីសេហ្វ ដើម្បីគាំទ្រសិស្សានុសិស្សកម្ពុជាឲ្យអាចចូលរៀនវិញបាន៕





















Tag:
 អប់រំ
  កូវីដ១៩
  សាលារាជធានី
  នួន ផារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com