អត្ថបទពាណិជ្ជកម្ម
អេស​ស៊ីជី បរិច្ចាគ​សម្ភារ​សាងសង់​តម្លៃ​ជាច្រើន​ពាន់​ដុល្លារ ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ
11, Sep 2020 , 11:51 am        
រូបភាព
​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ - ក្រុមហ៊ុន អេស​ស៊ីជី កាលពី​ថ្ងៃទី​១០ ខែកញ្ញា បានផ្ដល់​សម្ភារ​សាងសង់ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ជាច្រើន​ពាន់​ដុល្លារ​អាមេរិក ទៅ​ឲ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ ការបរិច្ចាគ​នេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម របស់​ក្រុមហ៊ុន ជួយ​ទ្រទ្រង់​ដល់​ការងារ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​។
​អំណោយ​ដែល​រួមមាន ស៊ីម៉ង​តិ៍​ខេ​-​ស៊ី​មិន ក្បឿង​អេស​ស៊ីជី ទុយោ​អេស​ស៊ីជី និង​សម្ភារ​បន្ទប់ទឹក​កូ​តូ ជាច្រើន នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់ ឬ​ជួសជុល​ទៅលើ​ផ្នែក​នានា នៅក្នុង​បរិវេណ​អគារ​វិទ្យាស្ថាន​។ 
 
​លោក ចៃ​ផេ​ត ចាន់​តារា​វង្ស តំណាង​នាយក​ក្រុមហ៊ុន អេស​ស៊ីជី នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ការបរិច្ចាគ​សម្ភារ​ទាំ​ង​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​របស់ អេស​ស៊ីជី សម្រាប់​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ ហើយ​ជា​រៀងរាល់ឆ្នាំ អេស​ស៊ីជី ផ្ដល់​អាហារ​រូបករណ៍​ជាច្រើន​រយ​កន្លែង ដល់​សិស្ស​វិទ្យាល័យ និង​និស្សិត​នៅ​ប្រទេស​កម្ពុជា​។ 


 
​លោក ចៃ​ផេ​ត ចាន់​តារា​វង្ស ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ក្រៅពី​ធ្វើ​មុខ​ជំនួញ​រកស៊ី អេស​ស៊ីជី ក៏​ផ្ដល់​ទៅ​ឲ្យ​វិញ ដល់​សហគមន៍​មូលដ្ឋាន ផងដែរ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន​របស់​យើង​»​។​
 
​នៅឯ​ពិធី​ប្រគល់ និង​ទទួល​សម្ភារ​អំណោយ លោក ភិ​ស្នុ សារៈ​ធី ជំនួយ​ការទូត​ទាហានជើងគោក​ប្រទេស​ថៃ និង​ជា​តំណាង​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន អេស​ស៊ីជី សម្រាប់​ការបរិច្ចាគ​នេះ​។ 
 
​លោក ភិ​ស្នុ សារៈ​ធី ថ្លែងថា​៖«​យើង​នឹង​ប្រើប្រាស់​សម្ភារ​សំណង់​ទាំងនេះ សម្រាប់​យកទៅ​សាងសង់​ទីកន្លែង​នានា ដើម្បី​ជា​ប្រយោជន៍​នៅក្នុង​វិទ្យាស្ថាន​នេះ​»​។ 
 
​គួរ​បញ្ជាក់ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ គឺជា​ព្រះរាជ​អំណោយ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​មហា​ចក្រី សិរិ​ន​ថន នៃ​ព្រះរាជាណាចក្រ​ថៃ ជូន​ដល់​ប្រទេស​កម្ពុជា​។ វិទ្យាស្ថាន​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិតនៅ​ក្នុងភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្រុមហ៊ុន អេស​ស៊ីជី តាមរយៈ​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា បានផ្ដល់​អាហារូបករណ៍​សរុប​ច្រើនជាង ១ ៣០០​នាក់ ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ និង​សិស្ស​ថ្នាក់​មហាវិទ្យាល័យ មកពី​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា​។ អាហារូបករណ៍​ទាំងនេះ បានផ្ដល់​លទ្ធភាព​ដល់​សិស្ស​និស្សិត​កម្ពុជា សម្រេច​ក្ដី​សុបិន​នៃ​ការអប់រំ​សម្រាប់​អនាគត​របស់​ពួកគេ​។ 
 
​ក្រៅពី​ការជួយ​គាំទ្រ​ដល់​ផ្នែក​អប់រំ​នៅ​កម្ពុជា កន្លងមក អេស​ស៊ីជី ក៏បាន​ជួយ​គាំទ្រ​ដល់​ផ្នែក​ថែទាំ​សុខភាព​នៅ​ប្រទេស​នេះ​ផងដែរ ជាពិសេស​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នេះ ។ 


 
​កាលពី​ខែមេសា អេស​ស៊ីជី បានប្រគល់​ប្រអប់​របាំង​សុវត្ថិភាព​វេជ្ជសាស្ត្រ​ចំនួន ៥០​ប្រអប់ ដល់​ក្រសួងសុខាភិបាល ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​បាន​ចែកជូន​ម៉ាស និង​អាល់កុល​លាង​សម្អាត​ដៃ ដល់​អតិថិជន​របស់​ខ្លួន នគរបាល អ្នករត់ម៉ូតូឌុប និង​កង់​បី ដោយ​រួមចំណែក​ដល់​ការងារ​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com