អត្តឃាត​នៅ​ថៃ​កើនឡើង​២២​ភាគរយ ខណៈ COVID-19 ជា​ហេតុផល​ចម្បង​មួយ​
COVID-19
អន្តរជាតិ
អត្តឃាត​នៅ​ថៃ​កើនឡើង​២២​ភាគរយ ខណៈ COVID-19 ជា​ហេតុផល​ចម្បង​មួយ​
11, Sep 2020 , 12:04 pm        
រូបភាព
ប្រជាជនថៃអំឡុងពេល COVID-19។ រូបភាព៖ AFP
ប្រជាជនថៃអំឡុងពេល COVID-19។ រូបភាព៖ AFP
​ចំនួន​អ្នកធ្វើ​អត្តឃាត នៅ​ថៃ​ត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ បាន​កើន​ដល់​២២​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំមុន​។ មន្ត្រី​សុខាភិបាល​ថៃ អះអាងថា ករណី​អត្តឃាត​ទាំងនេះ​កើនឡើង​ដោយសារ COVID-19 ដែល​នេះ​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​។

 
​នៅ​ថ្ងៃទី​១០ កញ្ញា ដែលជា​ទិវា​ពិភពលោក​បង្ការ​ការធ្វើ​អត្តឃាត នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​ថៃ បានបង្ហាញ​ពី​ការកើនឡើង​នៃ​តួលេខ​អ្នកធ្វើ​អត្តឃាត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ​។ ទិន្ន័យ​នេះ បាន​បង្ហាញថា ៦​ខែ​ដើមឆ្នាំ​២០២០ អ្នកធ្វើ​អត្តឃាត​មាន​ចំនួន​២,៥៥១​ករណី ដែលមាន​ការកើនឡើង​២២​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំមុន​ដែលមាន​២,០៩២​ករណី​។ បញ្ហា​ផ្ទាល់ខ្លួន ជំងឺ​ធ្លាក់​ទឹកចិត្ត សម្ពាធ​សេដ្ឋកិច្ច និង​គ្រឿង​ស្រវឹង​សុទ្ធតែជា​ហេតុផល​នៃ​ការធ្វើអត្តឃាត​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Kiattiphum Wongrajit អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​ផ្លូវ​ចិត្តបាន​លើកឡើងថា កំណើន​ករណី​អត្តឃាត​ដោយសារតែ​ជំងឺ COVID-19 គឺជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​ដែរ​។ លោក​Kiattiphum បញ្ជាក់ថា ការវាយតម្លៃ​ពី​មូលហេតុ​នៃ​កើនឡើង​ករណី​អត្តឃាត គឺ​ស្របគ្នា​ទៅនឹង​ការសិក្សា​ដទៃទៀត​នៅ​បរទេស​។ 
 
​កាលពី​ខែមីនា ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ រកឃើញថា ករណី​អត្តឃាត​២៨ ក្នុងចំណោម​៣៨ មាន​ជាប់​ពាក់ព័ន្ធ​ដោយសារ​ការបិទ​ប្រទេស​។ កាលនោះ ថៃ ស្ថិតក្នុង​ក្រោម​វិធាន​ការបិទ​ប្រទេស បណ្តាល​ឲ្យ​រោងចក្រ និង​ក្រុមហ៊ុន​ជាច្រើន​ផ្អាក​ការរកស៊ី​ជា​បណ្តោះអាសន្ន​។ ចំណែក​ការសិក្សា​របស់​សាកលវិទ្យាល័យ Oxford វិញ បាន​បង្ហាញថា COVID-19 ដើរតួនាទី​មួយផ្នែក​ក្នុងករណី​អត្តឃាត​។ ការសិក្សា​នោះ​ក៏​ព្រមាន​ផងដែរ ថា បញ្ហា​នេះ​អាច​នឹង​បន្ត ទោះ​ជំងឺឆ្លង​នេះ​ចប់​ក៏ដោយ​។ 
 
​ក្នុងន័យ​កាត់បន្ថយ ករណី​អត្តឃាត មន្ត្រី​សុខាភិបាល​ថៃ បាន​ស្វះ​ស្វែងរក​ការសហការ​ពី​ភ្នាក់ងារ​បង្ក្រាប​បទល្មើស​ថៃ ដោយ​ស្នើ​ឲ្យ​ជួយ​ពិនិត្យ​តាម​បណ្តាញ​សង្គម​នានា ត្បិត​អ្នក​ដែល​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លះ​បង្ហាញ​សញ្ញា​ទុក្ខព្រួយ ឬ​បង្ហោះ​រូបភាព និង​វីដេអូ​យំសោក​នៅក្នុង​បណ្តាញ​សង្គម​ដើម្បី​ស្វែងរក​ជំនួយ​ពី​អ្នកដទៃ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ដដែល​។ 
 
​លោក Jirabhop Bhuridej ប្រធាន​ទីភ្នាក់ងារ​បង្ក្រាប​បទល្មើស​របស់​ថៃ បញ្ជាក់ថា ប៉ូលិស​នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត ក៏ដូចជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដើម្បី​ស្វែងរក​មនុស្ស​ដែល​ចង់​បញ្ចប់ជីវិត​របស់​ពួកគេ ដែល​សរសេរ​សារ​លើ Facebook ឬ​បណ្តាញ​សង្គម​ផ្សេងទៀត​។ ប៉ូលិស​ថៃ ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលទៅ​រារាំង​សកម្មភាព​ធ្វើអត្តឃាត រហូត​ដល់ពេល​មន្ត្រី​សុខាភិបាល​មកដល់​ដែរ​។​
 
 
​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មិនមែន​មានតែ​ថៃ​ទេ​ដែល​ឃើញ​មាន​ករណី​អត្តឃាត​កើនឡើង​។ ករណី​អត្តឃាត​របស់​យុវជន​សិង្ហ​បុរី​ក៏មាន​ការកើនឡើង​ផងដែរ​៕
 

Tag:
 ថៃ​
 ​អត្តឃាត​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com