ចិន និង​ឥណ្ឌា យល់ព្រម​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ជម្លោះ​
សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន និង​ឥណ្ឌា យល់ព្រម​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ជម្លោះ​
11, Sep 2020 , 2:16 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យាំ ចេសាន់កា ជាមួយសមភាគីចិន លោក វ៉ាង យី ។ រូបភាព៖ PTI
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យាំ ចេសាន់កា ជាមួយសមភាគីចិន លោក វ៉ាង យី ។ រូបភាព៖ PTI
​ប្រមុខ​ការទូត​ចិន និង​ឥណ្ឌា បាន​យល់ព្រម​ដកទ័ព និង​សម្ភារ​យោធា​នៅ​តំបន់​ជម្លោះ​នៃ​ព្រំដែន​ប្រទេស​ទាំងពីរ និង​បន្ធូរបន្ថយ​ភាព​តានតឹង​តាមរយៈ​កិច្ចចរចា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​នៅ​ថ្ងៃទី​១១ ខែកញ្ញា​។



​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ជួប​ជាមួយ​សម​ភាគី​ឥណ្ឌា ស៊ូ​ប្រា​ម៉ាន់​យាំ ចេ​សាន់​កា (Subrahmanyam Jaishankar) នៅ​ថ្ងៃទី​១០ ខែកញ្ញា នៅ​ទីក្រុង​មូ​ស្គូ​ដើម្បី​ជជែក​ពី​បញ្ហា​ព្រំដែន​ដែល​កើន​កម្ដៅ​ខ្លាំង​។ ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​នេះ ធ្វើឡើង​ក្រោយ​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ធ្វើ​នៅ​ទឹកដី​រុស្ស៊ី​ដូចគ្នា តែ​មិនមាន​លទ្ធផល​ឡើយ​។​
 
​ជម្លោះព្រំដែន​ឥណ្ឌា​-​ចិន បាន​កើន​កម្តៅ​ជាថ្មី​នៅត្រង់ចំណុច​ជ្រោយ​ទន្លេ Pangong Tso ស្ថិតនៅក្នុង​តំបន់ Ladakh និង​ឈានទៅដល់​ការបាញ់​កាំភ្លើង​ទៅក្នុង​អាកាស​ដោយ​ភាគី​ទាំងពីរ​ថែមទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទីក្រុង​ប៉េកាំង និង​ទីក្រុង​ញូវដែលី បាន​ចោទ​គ្នា​ទៅវិញទៅមក ជុំវិញ​ការផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន តាមរយៈ​ការ​ចល័ត​ទ័ព​។ 
 
​ខណៈ​ជំនួប​រដ្ឋមន្ត្រី​ការពារជាតិ​មិន​ទទួលបាន​ផ្លែផ្កា ជំនួប​ប្រមុខ​ការទូត​ចិន និង​ឥណ្ឌា ហាក់​មាន​សញ្ញា​វិជ្ជមាន​ច្រើន​។ ក្នុង​សេចក្ដីថ្លែងការណ៍​ក្រោយ​ជំនួប​នៅ​រុស្ស៊ី ទាំង​លោក វ៉ាង ទាំង​លោក ចេ​សាន់​កា បាន​ឯកភាពគ្នា​ថា ស្ថានការណ៍​តានតឹង​តាម​ព្រំដែន​ក្នុងពេល​បច្ចុប្បន្ន មិនមែនជា​អ្វីដែល​ភាគី​ទាំងសងខាង​ត្រូវការ​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា​៖ «​កងទ័ព​របស់​ភាគី​ទាំងពីរ ដែល​ឈរជើង​នៅតាម​តំបន់​ព្រំដែន គួរតែ​ដោះស្រាយ​បញ្ហា​តាម​ការចរចា ដកទ័ព​ចេញពី​តំបន់​ជម្លោះ​ឲ្យ​បាន​រហ័ស ធានា​គម្លាត​ពីគ្នា និង​បន្ធូរបន្ថយ​ភាព​តានតឹង​។​» 
 
​លើសពីនោះ លោក វ៉ាង ក៏បាន​ប្រាប់​ទៅ​សម​ភាគី​ខ្លួន​ថា ចិន​នឹង​នៅតែ​រក្សា​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​តាម​ទំនាក់ទំនង​ការទូត ប្រព័ន្ធ​ទូរ​សព្ទ​យោធា និង​ប្តេជ្ញា​ស្តារ​សន្តិភាព និង​ភាពស្ងប់ស្ងាត់​តាម​តំបន់​ព្រំដែន​។ ប្រមុខ​ការទូត​ចិន​បន្តថា រាល់​កងទ័ព និង​សម្ភារ​យោធា ដែល​បាន​បញ្ជូន​ទៅក្នុង​ចំណុច​ជម្លោះ ត្រូវតែ​ដកចេញ ដើម្បី​បន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​។ 
 
​សូមបញ្ជាក់ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​ឥណ្ឌា ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ឥណ្ឌា បានដាក់​បញ្ចូល​យន្តហោះ​ចម្បាំង​Rafale ចំនួន​៥​គ្រឿង ដែល​ទើបតែ​ដឹក​ពី​បារាំង​មក ចូលទៅក្នុង​កម្លាំង​កង​ទ័ពអាកាស​របស់ខ្លួន​៕

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com