Microsoft ព្រមាន​ថា​មាន Hacker ពី​ចិន រុស្ស៊ី​និង​អ៊ីរ៉ង់​ព្យាយាម​វាយប្រហារ​ការបោះឆ្នោត​អាមេរិក​ ​
សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Microsoft ព្រមាន​ថា​មាន Hacker ពី​ចិន រុស្ស៊ី​និង​អ៊ីរ៉ង់​ព្យាយាម​វាយប្រហារ​ការបោះឆ្នោត​អាមេរិក​ ​
11, Sep 2020 , 9:59 pm        
រូបភាព
(ឆ្វេង) លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង លោក ចូ បៃឌិន បេក្ខជនប្រធានាបតីបក្សប្រជាធិបតេយ្យ (AFP)
(ឆ្វេង) លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង លោក ចូ បៃឌិន បេក្ខជនប្រធានាបតីបក្សប្រជាធិបតេយ្យ (AFP)
​ក្រុម Hacker ដែល​ជាប់ទាក់ទង​នឹង​ប្រទេស​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ កំពុង​ព្យាយាម​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​លើ​យុទ្ធនាការ​ប្រធានាធិបតី​ទាំង​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​។ ក្រុមហ៊ុន Microsoft បាន​ព្រមាន​បែបនេះ​។ បើតាម​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ ក្រុម Hackers រុស្ស៊ី ដែល​បាន​ជ្រៀត​ជ្រៀក​ក្នុងការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦ បាន​ចូល​ពាក់ព័ន្ធ​ម្ដងទៀត​។

 
​ការបោះឆ្នោត​អាមេរិក ជា​គោលដៅ​វាយប្រហារ​របស់​ក្រុម Hacker មកពី​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​។ នេះ​ជាការ​រកឃើញ​របស់ Microsoft ។ ពួក Hacker ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន កាលពី​ឆ្នាំ​២០១៦ ក៏​ធ្វើ​សកម្មភាព​ភាព​ម្ដងទៀត​នៅ​ឆ្នាំ​២០២០ ។ 
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ១០ ខែកញ្ញា លោក Tom Burt អនុប្រធាន​ក្រុមហ៊ុន Microsoft បញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ Microsoft បាន​រកឃើញ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​មនុស្ស និង​អង្គការ​ពាក់ព័ន្ធ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ដែល​ខិតជិត​មកដល់ រួមមាន ការវាយប្រហារ​មិន​ជោគជ័យ​លើ​មនុស្ស​ទាំង​ក្នុង​យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក បៃ​ឌិន និង​លោក ត្រាំ​»​។ 
 
​ត្រង់ចំណុច​នេះ ក្រុមហ៊ុន Microsoft បានកំណត់​អត្តសញ្ញាណ​ក្រុម Hacker ឈ្មោះថា Strontium ដែល​សង្ស័យថា​ជាប់ទាក់ទង​នឹង​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ។ បើតាម​លោក Burt ក្រុម​Hacker រុស្ស៊ី​នេះ​បាន​វាយប្រហារ​អង្គការ​ជាង​២០០ ដែល​ភាគច្រើន​គឺ​ជាប់ទាក់ទង​នឹង​គណបក្សនយោបាយ​អាមេរិក​ទាំងពីរ​។ 
 
​សម្រាប់​ក្រុម Hacker ឈ្មោះ Zirconium ដែលមាន​មូលដ្ឋាន​នៅ​ចិន លោក Burt អះអាងថា ពួកនេះ បាន​វាយប្រហារ​លើ​បុគ្គល​ជាន់ខ្ពស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​អាមេរិក រួមមាន មនុស្ស​ដែល​ធ្វើការ​ឲ្យ​យុទ្ធនាការ​លោក ចូ បៃ​ឌិន បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ និង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​សំខាន់ៗ​ក្នុង​សហគមន៍​កិច្ចការ​អន្តរជាតិ ជាដើម​។  
 
​ដោយឡែក ក្រុម Hacker ឈ្មោះថា Phosphorus ដែល​មូលដ្ឋាន​នៅ​អ៊ីរ៉ង់​វិញ បាន​វាយប្រហារ​លើ​គណនី​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​របស់​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ​។ បើតាម Microsoft  ក្រុម​នេះ ធ្វើ​សកម្មភាព Hack តែ​បរាជ័យ​លើ​បុគ្គលិក​សេត​វិមាន​អាមេរិក និង​បុគ្គលិក​យុទ្ធនា​ការរក​សំឡេងឆ្នោត​លោក​ត្រាំ ចន្លោះ​ពី​ខែឧសភា និង​មិថុនា ឆ្នាំ​២០២០​នេះ​។​
 
​យ៉ាងណាមិញ លោក Burt អះអាងថា ក្រុមហ៊ុន​លោក បាន​ប្រើ​បច្ចេកវិទ្យា​តាម​ចាប់ និង​បញ្ឈប់​ការវាយប្រហារ​ស្ទើរតែ​ទាំងអស់ ហើយ​ថែមទាំង​បានផ្ដល់​ដំណឹង​ដោយផ្ទាល់​ទៅកាន់​អ្នក​ដែល​ត្រូវបាន​វាយប្រហារ ដូច្នេះ​ពួកគេ​អាច​ចាត់​សកម្មភាព​ដើម្បី​ការពារ​ខ្លួន​ពួកគេ​។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក Burt បាន​សង្កត់ធ្ងន់ថា ក្រុមហ៊ុន Microsoft ពុំទាន់​អាច​បញ្ជាក់​ពី​គោលបំណង​របស់​ក្រុម Hacker ដែលមាន​មូលដ្ឋាន​ទាំងបី​ប្រទេស​នេះ​បានទេ​។ 
 
​សូមបញ្ជាក់ថា ទីភ្នាក់ងារ​ចារកម្ម​អាមេរិក បានចេញ​សេចក្តីសន្និដ្ឋាន​ក្នុង​ឆ្នាំ​២០១៦​ថា ក្រុម Hacker រុស្ស៊ី បាន​លូកដៃ​ក្នុងការ​បោះឆ្នោត​អាមេរិក ដោយ​ទម្លាយ​អ៊ីមែល (Email) ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ​។ ហើយ​ព្រឹត្តិការណ៍​នេះ បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​ត្រាំ​ឈ្នះឆ្នោត​លើ​អ្នកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន  បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ​ពេលនោះ នៅ​ទីបំផុត​៕ 

Tag:
 សហរដ្ឋអាមេរិក​
  រុស្ស៊ី​
  ចិន​
  អ៊ីរ៉ង់​
  ការបោះឆ្នោត​អាមេរិក​
  Hacker
© រក្សាសិទ្ធិដោយ thmeythmey.com