សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រសួងការពារជាតិ​តៃវ៉ាន់​៖ តៃវ៉ាន់ ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​រួចរាល់​ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ចិន​
11, Sep 2020 , 10:59 pm        
រូបភាព
លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋានគម្រោង និងប្រតិបត្តិការ របស់ក្រសួងការពារជាតិតៃវ៉ាន់។ រូ​បភាព៖ Reuters
លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋានគម្រោង និងប្រតិបត្តិការ របស់ក្រសួងការពារជាតិតៃវ៉ាន់។ រូ​បភាព៖ Reuters
​តៃវ៉ាន់ ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ចិន​។ លោក Yeh Kuo-hui អនុប្រធាននាយកដ្ឋាន​គម្រោង និង​ប្រតិបត្តិការ​នៃ​ក្រសួងការពារជាតិ​តៃវ៉ាន់ បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១០ ខែកញ្ញា​។ លោក Yeh និយាយ​បែបនេះ បន្ទាប់ពី​ចិន​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​នៅក្បែរ​ឆ្នេរ​ភាគ​និរតី និង​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះចូល​ដែនអាកាស​របស់​តៃវ៉ាន់​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​។


 
​តៃវ៉ាន់ បាន​រាយការណ៍​ថា ចិន​បានធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក និង​អាកាស នៅក្បែរ​ឆ្នេរ​ភាគ​និរតី​របស់ខ្លួន ដែល​សកម្មភាព​នេះ ទីក្រុង​តៃប៉ិ​បាន​ចាត់ទុកថា គឺជា​សកម្មភាព​គំរាម​របស់​ចិន ដើម្បី​ឲ្យ​តៃវ៉ាន់​ទទួលយក​ច្បាប់ ឬ​តាម​សំណើ​របស់​ចិន ក្នុងការ​បង្រួបបង្រួម​ប្រទេស​។ សមយុទ្ធ​យោធា​នេះ បានធ្វើ​ឡើង​នៅ​ចន្លោះ​កោះ​តៃវ៉ាន់ និង​ប្រជុំ​កោះ Pratas ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​តៃវ៉ាន់​ផងដែរ​។​
 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ​នៅ​ថ្ងៃទី​១០ ខែកញ្ញា លោក​Yeh Kuo-hui អនុប្រធាននាយកដ្ឋាន​គម្រោង និង​ប្រតិបត្តិការ​នៃ​ក្រសួងការពារជាតិ​តៃវ៉ាន់ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវតែ​រៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់​ទាំងអស់ ដើម្បី​រួចរាល់​ក្នុងការ​ធ្វើសង្គ្រាម​»​។ ការលើកឡើង​របស់លោក​Yeh បែបនេះ ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ប្រភេទ Su-30 និង​J-10 ជាច្រើន​គ្រឿង បាន​ហោះចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​២​ថ្ងៃ​ជាប់​គ្នា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នេះ អនុប្រធាននាយកដ្ឋាន​គម្រោង និង​ប្រតិបត្តិការ ក៏បាន​ទទូច​ឲ្យ​ចិន​គ្រប់គ្រង​កងទ័ព​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ណាមួយ ជាពិសេស​គឺ​យន្តហោះ​ចម្បាំង​របស់​ចិន ដែល​ហោះចូល​តំបន់​ឆ្លើយតប​របស់​តៃវ៉ាន់​។ 
 
​សមយុទ្ធ​យោធា​របស់​ចិន កំពុង​គំរាមកំហែង​ស្ថិរភាព​ក្នុង​តំបន់ និង​បង្ក​គ្រោះថ្នាក់​ដល់​ការហោះហើរ​អន្តរជាតិ​។ លោក Yeh បាន​យល់ឃើញ​បែបនេះ និង​ប្រាប់​ទៅ​ចិន​ថា​៖ «​យើង​សូម​និយាយ​ម្តងទៀត កុំ​មើលស្រាល​ការប្តេជ្ញា​របស់​យោធា​តៃវ៉ាន់​ក្នុងការ​ការពារ​ទឹកដី​។ យើង​ជឿជាក់ និង​អាច​ការពារ​ប្រទេស​របស់​យើង​»​។ 
 
​តៃវ៉ាន់ ក៏បាន​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផងដែរ​។ អាមេរិក ទំនងជា​ប្រទេស​ដែល​តៃវ៉ាន់​ផ្ដល់ព័ត៌មាន​លើ​សកម្មភាព​យោធា​របស់​ចិន​។ ពាក់ព័ន្ធ​រឿងនេះ មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​អះអាងថា ខ្លួន​បាន​តាមដាន​សមយុទ្ធ​យោធា​នេះ​យ៉ាង​ម៉ត់ចត់​។ 
 
​មួយរយៈ​ចុងក្រោយ​នេះ ចិន​បាន​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា​លើទឹក​យ៉ាងខ្លាំងបំផុត​។ បន្ទាប់ពី​ធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​ខែសីហា​កន្លងទៅ ចិន​បានធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ Bohai នៅ​ថ្ងៃទី​៧ ខែកញ្ញា និង​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​លឿង នៅ​ថ្ងៃទី​៨ និង​៩ ខែកញ្ញា​។ សមយុទ្ធ​យោធា​ចុងក្រោយ គឺ​នៅក្បែរ​ឆ្នេរ​ភាគ​និរតី​របស់​តៃវ៉ាន់​នេះ​៕

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com