សង្គមអន្តរជាតិ​
អន្តរជាតិ
បារាំង និង​អ៊ីតាលី ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ថ្មី​របស់​អាស៊ាន​
11, Sep 2020 , 11:29 pm        
រូបភាព
រូបភាពអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ ដែលរៀបចំឡើងតាមអនឡាញ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ ដែលវៀតណាមជាម្ចាស់ផ្ទះ ។ រូបភាពពីក្រសួងការបរទរសកម្ពុជា
រូបភាពអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ ដែលរៀបចំឡើងតាមអនឡាញ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ ដែលវៀតណាមជាម្ចាស់ផ្ទះ ។ រូបភាពពីក្រសួងការបរទរសកម្ពុជា
ដោយ:
​បារាំង និង​អ៊ីតាលី ត្រូវបាន​អនុម័ត​ឲ្យ​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ថ្មី​របស់​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣ ដែលមាន​វៀតណាម​ជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​របស់​អាស៊ាន​នៅ​ថ្ងៃទី​១០ ខែកញ្ញា​។ គោលដៅ​ការ​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​អាស៊ាន​ខាងក្រៅ​។

 
«​យើង​បាន​ស្វាគមន៍​បារាំង និង​អ៊ីតាលី​ក្លាយជា​ដៃគូ​អភិវឌ្ឃន៍​របស់​អាស៊ាន​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​តំបន់ អាស៊ាន ដែលមាន​សមាជិក​១០​ប្រទេស រួមមាន ព្រុយ​ណេ កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ដដែល រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំង​១០ ក៏បាន​កត់សម្គាល់​ពី​ដំណើរ​ការល្អ​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​អាស៊ាន​ខាងក្រៅ ដូចជា ដៃគូ​សន្ទនា​តាម​វិស័យ អាស៊ាន​-​ស្វ៊ី​ស​, ដៃគូ​សន្ទនា​តាម​វិស័យ អាស៊ាន​-​ន័​រ​វែ​ស​, ដៃគូ​សន្ទនា​តាម​វិស័យ​អាស៊ាន​-​តួ​ក​គី ក៏ដូចជា ដៃគូ​អភិវឌ្ឍន៍ អាស៊ាន​-​អាល្លឺម៉ង់ និង​ដៃគូ​អភិវឌ្ឍន៍ អាស៊ាន​-​ស៊ី​លី ។​
 
​ក្រោយ​ការប្រកាស​អនុម័ត​នេះ ក្រសួង​ការ​បរ​ទស​អ៊ីតាលី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដើម្បី​សាទរ​ចំពោះ​ភាពជោគជ័យ​ក្នុងការ​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន​នេះ​។ សេចក្តីប្រកាស​ព័ត៌មានដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី ៩ ខែកញ្ញា បាន​សរសេរ​ដូច្នេះ​ថា​៖«​នេះ​គឺជា​គោលដៅ​មួយ​ដែល​ក្រសួងការបរទេស [​អ៊ីតាលី​] បាន​ប្រឹងប្រែង​ធ្វើការ​ក្នុងឆ្នាំនេះ​ដើម្បី​សម្រេច​វា​»​។ 
 
«​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​មួយ អ៊ីតាលី ត្រៀមលក្ខណៈ​សម្រាប់​ផ្ដល់​វិភាគទាន​ទាំង​បទពិសោធន៍​និង​អ្នកជំនាញ​ក្នុង​វិស័យ​ជាច្រើន ដូចជា ការតភ្ជាប់ ប្រយុទ្ធប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការអភិវឌ្ឍន​តាមបែប​ចីរភាព​…»​។  សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​សរសេរ​បន្ថែម​បែបនេះ​។ 
 
​សូមបញ្ជាក់ថា បូក​ទាំង​បារាំង និង​អ៊ីតាលី ដែល​ទើប​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន​ថ្មី បច្ចុប្បន្ន អាស៊ាន មាន​ដៃគូ​អភិវឌ្ឍន៍​ចំនួន​៤​ប្រទេស​។ អាល្លឺម៉ង់ ត្រូវបាន​អនុម័ត​ឲ្យ​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន កាលពី​ឆ្នាំ​២០១៦ អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ នៅ​ឡាវ​។ ចំណែក ប្រទេស ស៊ី​លី ត្រូវបាន​អនុម័ត​ឲ្យ​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន អំឡុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពី​ឆ្នាំ​២០១៩ នៅ​ថៃ​។ 
 
​ម្យ៉ាងទៀត បច្ចុប្បន្ន អាស៊ាន​មាន​ដៃគូ​សន្ទនា​ចំនួន ៩ ប្រទេស រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ សហរដ្ឋអាមេរិក រុស្ស៊ី និង​កាណ​ដា ព្រមទាំង​អង្គការ​តំបន់​មួយ គឺ សហភាព​អឺរ៉ុប​។ អាស៊ាន​មាន​ដៃគូ​តាម​វិស័យ​ចំនួន​៣​ប្រទេស រួមមាន តួ​ក​គី ស្វ៊ី​ស  និង​ន័​រ​វែ​ស​៕  
 
 

Tag:
 បារាំង​
  អ៊ីតាលី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com