COVID-19
អន្តរជាតិ
ប្រមុខ UN អំពាវនាវ​រកលុយ​៣៥​ពាន់​លាន​ដុល្លារ​បន្ថែម​ឲ្យ WHO ក្នុងការ​ចែកចាយ​វ៉ាក់សាំង​
11, Sep 2020 , 5:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ AFP
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​១០ ខែកញ្ញា​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងឡាយ​ចូលរួម​ផ្តល់ប្រាក់​បន្ថែម​ដល់​អង្គការ​សុខភាព​ពិភពលោក​(WHO)​សម្រាប់​កម្មវិធី​ចែកចាយ​វ៉ាក់សាំង និង​គាំទ្រ​ការព្យាបាល និង​ការថែទាំ​អ្នកជំងឺ​COVID-19 ។

 
​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​កម្មវិធី ACT Accelerator របស់ WHO ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចែកចាយ​វ៉ាក់សាំង ក៏ដូចជា​គាំទ្រ​ការព្យាបាល និង​ថែទាំ​អ្នកជំងឺ​COVID-19 ។ ពី​កម្មវិធី​នេះ លោក ហ្គូ​តេ​រ៉េ​ស បាន​ថ្លែងថា WHO ត្រូវការ​ទឹកប្រាក់​បន្ថែម​៣៥​ពាន់​លាន​ដុល្លារ​ដើម្បី​ចាប់ផ្តើម និង​ព​ន្លឿ​ន​ឲ្យ​លទ្ធផល​ចេញ​ជា​រូបរាង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យោងតាម​ប្រមុខ​UN នៅពេលនេះ​កម្មវិធី ACT Accelerator ទទួលបាន​ទឹកប្រាក់​បរិច្ចាក​ត្រឹមតែ​៣​ពាន់​លាន​ដុល្លារ ឬ​តិចជាង​ប្រមាណ​១០​ភាគរយ​ពីអ្វី​ដែល WHO គ្រោងទុក​ប៉ុណ្ណោះ​។ ប្រមុខ​UN បន្ថែមទៀតថា បើសិនជា​គ្មាន​ទឹកប្រាក់​១៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ ខាងមុខ​ទៀត​នោះទេ ឱកាសល្អ នឹង​បាត់បង់​។​
 
​ក្នុងពេល​ជាមួយគ្នានេះ​ផងដែរ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus រិះគន់​ប្រទេស​ខ្លះ​ដែល​នាំគ្នា​សម្រុក​ទិញ​វ៉ាក់សាំង​ផងដែរ​។ លោក Tedros បញ្ជាក់ថា កិច្ចព្រមព្រៀង​វ៉ាក់សាំង​ទ្វេភាគី ការស្វែងរក​វិធី​ព្យាបាល និង​វ៉ាក់សាំង​របស់​ប្រទេស​នីមួយៗ​ដោយ​ឯកតោភាគី នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ ក៏ដូចជា​ពន្យឺតការ​ស្វែងរក​វ៉ាក់សាំង​សម្រាប់​ទាំងអស់គ្នា​ផងដែរ​។​
 
​ការផ្តល់ប្រាក់​ដល់ក​ម្ម​វិធី ACT ដែល​បង្កើតឡើង​សម្រាប់​ព​ន្លឿ​ន​ការទទួល​វ៉ាក់សាំង ទំនងជា​ពិបាក​សម្រេចបាន​ណាស់​។ នេះ​ក៏​ព្រោះ​ប្រទេស​ខ្លះ​ដូចជា អង់គ្លេស ជប៉ុន អាមេរិក និង​សហភាព​អឺរ៉ុប បាននាំគ្នា​សម្រេច​កិច្ចព្រមព្រៀង​វ៉ាក់សាំង​ទ្វេភាគី​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ប្រធាន​គណកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បាន​សន្យា​ផ្តល់​ទឹកប្រាក់​ចំនួន ៤៧៤ លាន​អឺរ៉ូ ដល់​កម្មវិធី​ទទួលបាន​វ៉ាក់សាំង​របស់ WHO នេះ​។​
 
​ដោយសារ​ប្រទេស​អ្នកមាន​នាំគ្នា​កក់​វ៉ាក់សាំង​នោះ ជា​លទ្ធផល​ប្រទេស​តូច និង​កំពុង​អភិវឌ្ឍ​ត្រូវ​នៅ​រង់ចាំ​ក្រោយ​គេ​។ ការទទួលបាន​វ៉ាក់សាំង​សម្រាប់​ប្រទេស​តូច និង​កំពុង​អភិវឌ្ឍ បាន​ក្លាយជា​បញ្ហា​ប្រឈម និង​ការបារម្ភ​របស់​អង្គការ​អន្តរជាតិ​។ 
 
​ដូច្នេះហើយ​ទើប​គម្រោង COVAX ដែលជា​ផ្នែក​មួយ​របស់ ACT និង​ដែល​ដឹកនាំ​រួមគ្នា​ដោយ WHO និង UNICEF មាន​សារសំខាន់​សម្រាប់​ប្រទេស​តូច និង​កំពុង​អភិវឌ្ឍ ។ WHO បាន​បន្ថែម​ផងដែរ​ថា គោលបំណង​របស់ខ្លួន គឺ​ចង់​ឲ្យ​ប្រទេស​នីមួយៗ​ទទួលបាន​វ៉ាក់សាំង​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់ខ្លួន​ដោយ​ចាប់ផ្តើម​ពី​ក្រុម​ដែល​ងាយ​រងគ្រោះ​។​
 
​គិត​មកដល់ពេលនេះ​មាន​វ៉ាក់សាំង​ចំនួន​៨ ដែល​កំពុង​ស្ថិតនៅក្នុង​តំណាក់កាល​ធ្វើតេស្ត​ចុងក្រោយ ពី​ចំណោម​វ៉ាក់សាំង​ចំនួន​២៣៩​ដែល​បាន​អភិវឌ្ឍ​។​
 

Tag:
 UN
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com