ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ឧត្តមស្នងការសិទ្ធិមនុស្ស៖«ស្ថានភាពបច្ចុប្បន្ន បង្ហាញឲ្យឃើញពីការមិនអត់ឱនរបស់រដ្ឋាភិបាលកម្ពុជា ចំពោះមតិផ្ទុយ...»
11, Sep 2020 , 6:00 pm        
រូបភាព
យុវតី ឈឿន ដារ៉ាវី ជាយុវតីម្នាក់ ដែលបានចូលរួមតវ៉ារកយុត្តិធម៌សង្គម ហើយក្រោយមកត្រូវចាប់ខ្លួន (រូបពីអង្គការលីកាដូ)
យុវតី ឈឿន ដារ៉ាវី ជាយុវតីម្នាក់ ដែលបានចូលរួមតវ៉ារកយុត្តិធម៌សង្គម ហើយក្រោយមកត្រូវចាប់ខ្លួន (រូបពីអង្គការលីកាដូ)
ដោយ: ថ្មីៗ
អ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានបង្ហាញកំណត់ហេតុសង្ខេបស្តីពីកម្ពុជា។ ខ្លឹមសារស្ទើរទាំងស្រុងនៃកំណត់ហេតុនោះ គឺសរសេរពីចាប់ខ្លួនសកម្មជននិងក្រុមយុវជនផ្សេងៗ ក្នុងមួយរយៈចុងក្រោយនេះ។



តាមរយៈកំណត់ហេតុរបស់ខ្លួន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ បានវាយតម្លៃក្នុងន័យអវិជ្ជមានដូច្នេះថា៖«ស្ថានភាពនាពេលបច្ចុប្បន្ននេះ បង្ហាញឲ្យយើងកាន់តែឃើញនូវការមិនអត់ឱនរបស់រដ្ឋាភិបាល ចំពោះគំនិតផ្ទុយពីខ្លួន និងការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងសមាគម...»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា ស្វាគមន៍ចំពោះការរិះគន់ តែហាមដាច់ខាត ចំពោះការញុះញង់ និងការបង្កចលាចលក្នុងសង្គម។ លោក បន្តថា ចំពោះជនណា ដែលនៅតែបង្កើតចលាចល សមត្ថកិច្ច គ្មានជម្រើសណា ក្រៅតែពីឃាត់ខ្លួនពួកគេឡើយ។ លោក បន្ថែមថា រដ្ឋាភិបាល មានកាតព្វកិច្ច ការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១១ ខែកញ្ញានេះ អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍សំដៅទៅអ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិថា៖«គាត់ អត់ចេះខ្មែរ។ គាត់ អត់ស្គាល់ពាក្យរិះគន់ ពាក្យញុះញង់បង្កើតចលាចល។ អាហ្នឹងជាការមិនយល់របស់គាត់ទេ»។

ក្រៅពីរិះគន់រដ្ឋាភិបាលកម្ពុជា ពីការចាប់យុវជននិងសកម្មជន អ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា ទទួលបានការរាយការណ៍ពីមនុស្សមួយចំនួន ពីការគំរាមកំហែងតាមទូរស័ព្ទ រួមទាំងការគំរាមកំហែងដល់អាយុជីវិត បើអ្នកទាំងនោះ មិនបញ្ឈប់សកម្មភាពតវ៉ា ហើយពួកគេ ថែមទាំងត្រូវបានគេតាមដានទៀត។ អ្នកនាំពាក្យនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ បញ្ចេញព័ត៌មានទៀតថា បច្ចុប្បន្ននេះ អ្នកការពារសិទ្ធិមនុស្សជាច្រើន កំពុងលាក់ខ្លួន ដោយមានការភ័យខ្លាចពីការចាប់ខ្លួន។

លោក ផៃ ស៊ីផាន មិនអាចទទួលយកបានឡើយ ចំពោះសេចក្តីរាយការណ៍ថា មានការគំរាមកំហែងដល់អាយុវជីវិតដល់អ្នកណាម្នាក់។ លោក បកស្រាយថា សេចក្តីរាយការណ៍ត្រង់ចំណុចនេះ ដែលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបាន  គឺគ្មានភស្តុតាងជាក់ស្តែងនោះទេ។

អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់ថា៖«មិនមានបញ្ហាពិបាកអីទេ បើអាជ្ញាធរ ចង់ចាប់គាត់ [អ្នកតវ៉ា] ចាប់តាមអង្គហេតុនិងអង្គច្បាប់ មិនចាំបាច់ទូរស័ព្ទប្រាប់ទេ។ ហ្នឹងគ្រាន់តែជារឿង ដែលគាត់ ចង់បង្កបង្កើតឱកាសមួយឬករណីមួយសម្រាប់និន្នាការផ្សេងទេ»។

លើសពីនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជននិងយុវជន ដែលត្រូវបានឃុំខ្លួន ជាបន្ទាន់និងគ្មានលក្ខខណ្ឌ និងស្នើឲ្យបញ្ចប់ការបំភិតបំភ័យទៅលើអង្គការសង្គមស៊ីវិល។ បន្ថែមពីនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ អំពាវនាវដល់កម្លាំសន្តិសុខ បញ្ឈប់ការប្រើកម្លាំងហួសប្រមាណលើអ្នកតវ៉ា។

លោក ផៃ ស៊ីផាន ចាត់ទុកសំណើរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ថាគ្រាន់តែជាការប្រើអារម្មណ៍ប៉ុណ្ណោះ។ លោក លើកឡើងថា៖«គាត់ [ឧត្តមស្នងការអង្គការសហប្រជាជាតិ] គ្មានអាណត្តិណា មកបង្គាប់បញ្ជាតុលាការកម្ពុជា ហើយគ្មានអាណត្តិណា មកបង្គាប់រាជរដ្ឋាភិបាលកម្ពុជាទេ»។

មកដល់ពេលនេះ មានយុវជនយុវតីមិនតិចជាង១០នាក់នោះទេ ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់ រួមមាន អតីតព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្មមុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡាវី យុវជន ថុន រដ្ឋា យុវជន មួង សុភ័ក្រ្ត យុវតី ឈឿ ដារាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ជាដើម។ អតីតព្រះសង្ឃ និងយុវជនយុវតីទាំងនោះ ភាគច្រើនជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។

លោក រ៉ុង ឈុន មេសហជីព និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវចាប់ខ្លួនមុនយុវជនយុវតីខាងលើ។ អ្នកទាំង២ ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងរឿងព្រំដែន។ ឯយុវជយុវតី ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចេញទាមទារឲ្យដោះលែងអ្នកទាំង២ និងទាមទារឲ្យមានយុត្តិធម៌សង្គម។ នៅមានមនុស្សមួយទៀត ដែលត្រូវចាប់ខ្លួន ដូចជា យុវជនជាអ្នកចម្រៀងរ៉េប ជា គន្ធា រួមទាំងមន្ត្រីអតីតគណបក្សប្រឆាំង២រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង។

មនុស្សដែលត្រូវចាប់ខ្លួនខាងលើស្ទើរតែទាំងអស់ បានរងបទចទដូចគ្នា គឺបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម៕

Tag:
 សិទ្ធិមនុស្ស
  OHCHR
© រក្សាសិទ្ធិដោយ thmeythmey.com