អាមេរិក ប្រកាសផ្ដល់ជំនួយ១៥៣លានដុល្លារដល់បណ្ដាប្រទេសមេគង្គ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ប្រកាសផ្ដល់ជំនួយ១៥៣លានដុល្លារដល់បណ្ដាប្រទេសមេគង្គ
12, Sep 2020 , 10:31 am        
រូបភាព
រូបភាពអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ដែលរៀបចំឡើងតាមអនឡាញ កាលពីថ្ងៃទី ១១ ខែកញ្ញា  ។ រូបពី ក្រសួងការបរទេសកម្ពុជា
រូបភាពអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ដែលរៀបចំឡើងតាមអនឡាញ កាលពីថ្ងៃទី ១១ ខែកញ្ញា ។ រូបពី ក្រសួងការបរទេសកម្ពុជា
សហរដ្ឋអាមេរិក នៅថ្ងៃទី ១១ ខែកញ្ញា បានប្រកាសផ្ដល់ជំនួយយ៉ាងតិច១៥៣លានដុល្លារទៅដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គ សម្រាប់គម្រោងសំខាន់ៗក្នុងតំបន់នេះ។ ជំនួយនេះ មានគោលដៅសម្រាប់បម្រើដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្ដួចផ្ដើមថ្មីៗដើម្បីជំរុញផលប្រយោជន៍រួមគ្នានៅក្នុងតំបន់មេគង្គនេះ។

 
អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Stephen Biegun បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយជិត ១៥៣,៦លានដុល្លារសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ។ 
 
យោងតាមទូរទស្សន៍រដ្ឋវៀតណាម (VTV) ថវិកាដែលអាមេរិកសន្យាផ្ដល់នេះ នឹងត្រូវចាត់ចែងទៅឲ្យគម្រោងសំខាន់មួយចំនួន ក្នុងនោះរួមមាន គម្រោងគ្រប់គ្រងនិងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនឹងទទួលបានលុយ ៥៥លានដុល្លារ។ ចំណែកគណៈកម្មការទន្លេមេគង្គ (MRC) នឹងទទួលបាន១,៨លានដុល្លារ ដែលនឹងយកទៅប្រើប្រាស់ដើម្បីពង្រឹងការចែករំលែកទិន្នន័យប្រភពទឹកក្នុងគោលដៅជួយសម្របសម្រួលដល់ការគ្រប់គ្រងគ្រោះធម្មជាតិក្នុងតំបន់មេគង្គ។ 
 
ទន្លេមេគង្គ បានក្លាយជាសមរភូមិជួរមុខថ្មីមួយក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ខណៈទីក្រុងប៉េកាំង បាននាំមុខអាមេរិកទាំងការចំណាយ និងឥទ្ធិពលលើបណ្ដាប្រទេសមេគង្គក្រោម។ ទន្លេប្រវែង ៤៣៥០គីឡូម៉ែត្រ ដែលកំណាត់ក្នុងទឹកដីចិនត្រូវបានហៅថា ឡានឆាង នេះ បានហូរធ្លាក់ពីតំបន់ខ្ពស់រាបទីបេរបស់ចិន ឆ្លងកាត់មីយ៉ាន់ម៉ា ឡាវ និងថៃ ហើយបន្តហូរឆ្លងកាត់កម្ពុជា និងចុងក្រោយវៀតណាម។ 
 
តាមការអះអាងរបស់មន្ត្រីនិងអ្នកបរិស្ថាន ទំនប់វារីអគ្គិសនីដែលចិនសាងសង់នៅទន្លេមេគង្គផ្នែកខាងលើ ផ្ដល់អំណាចធំធេងដល់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងការក្ដោបក្ដាប់លំហូរទឹក ដែលប្រជាជនប្រមាណ៦០លាននាក់ពឹងផ្អែកលើវាសម្រាប់ការធ្វើនេសាទនិងធ្វើស្រែចម្ការ។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ ត្រូវបានរៀបចំឡើងតាមអនឡាញ នៅថ្ងៃទី ១១ ខែកញ្ញា ដោយមានវៀតណាមជាប្រធាន។ ជំនួបនេះក៏មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ និងអគ្គលេខាធិការអាស៊ានផងដែរ៕ 
 

Tag:
 សហរដ្ឋអាមេរិក
  មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com