ហេតុអ្វីបានជាខេត្ត សៀមរាប រងផលប៉ះពាល់ពីកូវីដ-១៩ ខ្លាំងជាងខេត្ត-រាជធានីដទៃ?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
ហេតុអ្វីបានជាខេត្ត សៀមរាប រងផលប៉ះពាល់ពីកូវីដ-១៩ ខ្លាំងជាងខេត្ត-រាជធានីដទៃ?
12, Sep 2020 , 12:51 pm        
រូបភាព
ដោយ: ថ្មីៗ
ខានជួបគ្នាមួយរយៈ តែក្លើ សុធីរ និងសំណាង នៅតែឆ្លៀតរកពេលដើម្បីជួបគ្នានិយាយគ្នារឿងសង្គម។ កូវីដ-១៩ បានធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាប៉ះពាល់ខ្លាំងមែនទែន និយាយជារួម និងនិយាយដោយឡែក វិស័យទេសចរណ៍ខេត្ត សៀមរាប ងាប់ស្តូកតែម្តង។ លើសពីនេះទៅទៀត អ្នកដែលចេះតែជំនាញទេសចរណ៍មួយមុខ បាននិយាយត្អូញត្អែថា ពួកគេពិបាករស់ក្នុងបរិបទកូវីដនេះ។


សុធីរ៖ វិស័យទេសចរណ៍មិនថា នៅកម្ពុជា ឬនៅលើពិភពលោកទេ ប៉ះពាល់ខ្លាំងដោយសារមេរោគកូរ៉ូណាទាំងអស់។ តែអញលឺគេថា ខេត្តសៀមរាប របស់កម្ពុជាប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមខេត្ត-រាជធានីកម្ពុជា។ មែនឬទេ សំណាង?  
សំណាង៖ បើនិយាយពីផលប៉ះពាល់ គឺប៉ះតែទាំងអស់គ្នាហ្នឹង។ តែខេត្តសៀមរាប ពិតជាប៉ះខ្លាំងជាងគេមែន ព្រោះ ខេត្តនេះ ពឹងផ្អែកខ្លាំងជ្រុលទៅលើវិស័យទេសចរណ៍។ ដូច្នេះនៅពេលដែលកូវីដវាយប្រហារវិស័យទេសចរណ៍ ខេត្តសៀមរាប ដួលប៉ះជើងមុនគេ ហើយរងគ្រោះខ្លាំងជាងគេ។ 
 
សុធីរ៖ ចុះភ្នំពេញ និងខេត្តដទៃ? 
សំណាង៖ ខេត្តដទៃក៏ប៉ះដែរ។ តែខេត្តដទៃ ក្រៅពីទេសចរណ៍ ខេត្តទាំងនោះ មានសកម្មភាពសេដ្ឋកិច្ចមួយចំនួនផ្សេងទៀតមកជួយទប់ ដូចជា កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម។ល។ បើនិយាយពីភ្នំពេញវិញ ជាការពិត វាជាមជ្ឈមណ្ឌលទេសចរណ៍ដែរ តែវាមានសកម្មភាពសេដ្ឋកិច្ចដទៃច្រើនផ្សេងទៀត អ៊ីចឹងហើយបានជា អ្ហែងឃើញហើយថា កូវីដធ្វើឲ្យសៀមរាបស្ងាត់ឈឹង តែភ្នំពេញនៅរស់រវើកគ្រាន់បើដែរ។ 
 
សុធីរ៖ សៀមរាបស្ងាត់ដូចចោរលួចសេះអ៊ីចឹង។ អញអាណិតសៀមរាបណាស់។ តើពេលណាទើបវិស័យទេសចរណ៍ងើបឡើងវិញអ្ហា? 
សំណាង៖ គ្រប់គ្នាអាណិតសៀមរាប មិនថា តែអ្ហែងទេ។ ខ្មែរ និងបរទេសនឹក និងអាណិតសៀមរាបណាស់។ សៀមរាប គឺជាទីស្ថានធ្វើឲ្យគ្រប់គ្នាសប្បាយ កាត់បន្ថយរាល់កង្វល់ តែពេលនេះ សៀមរាបខ្លួនឯង«ខ្វាយខ្វល់»ដែរ។ 
 
សុធីរ៖ អញលឺបុគ្គលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍នៅសៀមរាបរអ៊ូគ្រប់គ្នាថា ពួកគេមានកំហុស ព្រោះ ពួកគេចេះតែជំនាញទេសចរណ៍ ដល់ពេលទេសចរណ៍ដួលរលំ ពួកគេមិនងាយរកការងារធ្វើទេ។ មែនឬអត់? 
សំណាង៖ ថៅកែខាតបង់ ដោយរកពាក្យអ្វីមកថ្លែងមិនកើត។ ដូច្នេះ បុគ្គលិកក៏គ្មានការងារធ្វើដែរ។ តែអ្វីដែលអ្ហែងលើកឡើងហ្នឹង គឺជារឿងត្រឹមត្រូវ។ បុគ្គលិកសណ្ឋាគារជាច្រើនបាននិយាយថា ពួកគេគ្មានជំនាញអ្វីក្រៅពីសណ្ឋាគារទេ ដូច្នេះ ពួកគេពិបាករកការងារធ្វើណាស់នៅពេលមុនដំបូង ជាពិសេស ប៉ុន្មានខែដំបូងនៃកូវីដដែលគ្មានការងារធ្វើ។ តែក្រោយមក ម្នាក់ៗក៏ចាប់ផ្តើមចេះចិញ្ចឹមសត្វ ឬចេះចាប់ផ្តើមរកជំនាញផ្សេងៗមកជំនួសបណ្តោះអាសន្នសិន ព្រោះ រង់ចាំវិស័យទេសចរណ៍ត្រឡប់មកវិញប្រហែលជាយូរពេក។
 
សុធីរ៖ អ៊ីចឹង កូវីដ ជំរុញឲ្យបុគ្គលិកសណ្ឋាគារចេះជំនាញច្រើនទៅវិញ? 
សំណាង៖ អ្ហែងថាអ៊ីចឹងក៏ត្រឹមត្រូវដែរ។ តែពួកគេមិនចង់ឃើញវិស័យទេសចរណ៍ជួបរឿងអពមង្គលហ្នឹងទេ។ បច្ចុប្បន្ន ពួកគេគ្រប់គ្នា កំពុងរង់ចាំស្ថានភាពចាស់នៃខេត្តសៀមរាប(ភ្ញៀវច្រើន)មកផ្លាស់ស្ថានភាពកូវីដនេះចេញឲ្យបានឆាប់រហ័សបំផុត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com