ប្រមុខការទូតកម្ពុជា ប្រាប់អន្តររដ្ឋាភិបាលអាស៊ានថា សិទ្ធិមនុស្សមិនត្រូវប្រើជាឧបករណ៍បម្រើភូមិសាស្រ្តនយោបាយឡើយ
ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខការទូតកម្ពុជា ប្រាប់អន្តររដ្ឋាភិបាលអាស៊ានថា សិទ្ធិមនុស្សមិនត្រូវប្រើជាឧបករណ៍បម្រើភូមិសាស្រ្តនយោបាយឡើយ
12, Sep 2020 , 2:16 pm        
រូបភាព
ភ្នំពេញ៖ សិទ្ធិមនុស្សមិនត្រូវយកមកប្រើជាឧបករណ៍បម្រើភូមិសាស្រ្តនយោបាយ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ។ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ថ្លែងបែបនេះ នៅក្នុងបទអន្តរាគមន៍ នៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ ជាមួយតំណាងគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(AICHR) កាលពីថ្ងៃទី១០ កញ្ញា។

 
ក្នុងបទអន្តរាគមន៍នោះ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សគួរតែត្រូវបកស្រាយ និងទទួលយកក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពស្មោះត្រង់ សង្គតិភាព និងមិនប្រើស្ដង់ដារពីរឡើយ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់ដូច្នេះ៖«សិទ្ធិមនុស្សមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍បម្រើភូមិសាស្ត្រនយោបាយ ដើម្បីបិទបាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យណាមួយនោះឡើយ»។
 
កិច្ចប្រជុំបានកត់សម្គាល់របាយការណ៍ប្រចាំឆ្នាំ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ឆ្នាំ២០២០ និងបានអនុម័តលើផែនការការងាររយៈពេល៥ឆ្នាំ របស់ AICHR ឆ្នាំ២០២១-២០២៥ និងថវិកាសម្រាប់កម្មវិធីអាទិភាព/ សកម្មភាពរបស់ AICHR ឆ្នាំ២០២១។ AICHR គឺបានជំរុញ និងការការពារសិទ្ធិមនុស្សជាមូលដ្ឋានក្នុងតំបន់អាស៊ាន។ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាយុវជនស្តីពីសិទ្ធិមនុស្ស នៅឆ្នាំ២០២១ នៅភ្នំពេញ។
 
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះដែរ កម្ពុជាកំពុងរងការរិះគន់ពីអន្តរជាតិ។ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ បានចេញមុខរិះគន់លើស្ថានភាពសិទ្ធិមនុស្សកម្ពុជា ខណៈអាជ្ញាធរបានចាប់ខ្លួនសកម្មជន និងអ្នកទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន តំណាងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ។ អ្នកស្រី ថ្លែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និង ការជួបជុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ ពោលគឺមិនត្រូវរងការចាប់ខ្លួនឡើយ។
 
តែយ៉ាងណារដ្ឋាភិបាលកម្ពុជា និងស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្នើឲ្យលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់តាមវិជ្ជាជីវៈ ហើយគួរប្រមូលព័ត៌មានផ្ទៀងផ្ទាត់ឲ្យបានគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជា។ តំណាងកម្ពុជា កត់សម្គាល់ឃើញថា ការពិនិត្យរបស់លោកស្រី ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នៅកម្ពុជា មិនបានផ្តោតតាមច្បាប់សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយឲ្យបានគ្រប់គ្រាន់នោះទេ។
 
តំណាងកម្ពុជា ប្រាប់លោកស្រី រ៉ូណា ស្មីត ថា កម្ពុជាគោរពច្បាប់និងផ្ដល់តម្លៃចំពោះសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធីស្របតាមច្បាប់។ ជាពិសេសអនុលោមតាមរដ្ឋធម្មនុញ្ញ។
មកពេលនេះ មានសកម្មជន និងអ្នកតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រមាណ១០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ។ ក្នុងនោះរួមានយុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវជន ថុន រដ្ឋា (យុវជននៃចលនាមាតាធម្មជាតិ), អតីតព្រះតេជគុណ កើត សារ៉ាយ យុវតី ឈឿដារ៉ាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវជន មាន ព្រហ្មមុនី យុវជន ថា ឡាវី និង យុជន ហ៊ុន វណ្ណៈ (យុវជនខ្មែរថាវរៈ) ជាដើម៕
 

Tag:
 សិទ្ធិមនុស្ស
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com