វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
NASA ចេញគម្រោងទិញធនធានពីឋានព្រះចន្ទ ដែលប្រមូលដោយក្រុមហ៊ុនឯកជន
12, Sep 2020 , 7:39 pm        
រូបភាព
អវកាសយានិកអាមេរិក Buzz Aldrin ដើរលើផ្ទៃព្រះចន្ទ នៅឆ្នាំ១៩៦៩។ រូបភាព៖ AFP
អវកាសយានិកអាមេរិក Buzz Aldrin ដើរលើផ្ទៃព្រះចន្ទ នៅឆ្នាំ១៩៦៩។ រូបភាព៖ AFP
ដោយ:
ទីភ្នាក់ងារអវកាសអាមេរិក (NASA) នៅថ្ងៃទី១០ ខែកញ្ញាបានចេញគម្រោងក្នុងការទិញធនធានរ៉ែលើព្រះចន្ទ ដូចជាថ្ម ធូលី និងទឹកកក ដែលប្រមូលបានដោយក្រុមហ៊ុនឯកជន។ គោលបំណងរបស់ NASA នេះ គឺជំរុញក្រុមហ៊ុនឯកជនឲ្យទាញយកធនធានភពព្រះចន្ទ ហើយ NASA នឹងទិញយករ៉ែទាំងនោះសម្រាប់ប្រើប្រាស់របស់ខ្លួនផ្ទាល់។ 

លោក Jim Bridenstine នាយក NASA បានលើកឡើងថា គំនិតផ្តួចផ្តើមទិញធនធានរ៉ែឋានព្រះចន្ទនេះ នឹងដាក់គោលដៅក្រុមហ៊ុនឯកជនដែលមានគម្រោងបញ្ជូនយានទៅរុករកធនធាននៅឋានព្រះចន្ទ។ លើសពីនោះ គំនិតផ្ដួចផ្ដើមនេះ ក៏អនុញ្ញាតឲ្យក្រុមហ៊ុនទាំងនោះជីករកធនធាននៅទីនោះ ហើយដែលប្រយោជន៍ដែលទទួលបាន នឹងត្រូវប្រើប្រាស់សម្រាប់ការទ្រទ្រង់បេសកកម្មរបស់អវកាសយានិកនាពេលអនាគត។
 
បើតាមសារព័ត៌មាន CGTN សម្រាប់ពេលនេះ NASA ទទួលយកធនធានព្រះចន្ទ ដូចជាថ្ម ដែលមានទម្ងន់ពី៥០ ទៅ៥០០ក្រាម រួចនឹងទិញជាប្រាក់ក្នុងតម្លៃពី១សែន៥ម៉ឺន ទៅ២សែន៥ម៉ឺនដុល្លារ។ ដើម្បីលក់ឲ្យ NASA បាន ក្រុមហ៊ុនណាមួយ ត្រូវបង្ហាញភស្តុតាងជារូបភាព និងបញ្ជាក់ថា វត្ថុនោះស្ថិតនៅលើផ្ទៃព្រះចន្ទ ប៉ុន្តែមិនចាំបាច់យកត្រឡប់មកផែនដីឡើយ។ លោក Bridenstine បញ្ជាក់ថា នៅពេលខាងមុខ NASA ក៏នឹងទិញធនធានផ្សេងៗដូចជាទឹកកក និងវត្ថុធាតុដែលប្រទះឃើញនៅផ្ទៃភពមួយ។ 
 
បន្ទាប់ពីបញ្ជាក់បានជាធនធានព្រះចន្ទ និងចរចាតម្លៃគ្នាត្រូវ ធនធានទាំងនោះ នឹងក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ NASA។ ទោះជាយ៉ាងក្តី NASA នៅមិនទាន់សម្រេចពីរបៀបក្នុងការប្រមូលធនធានទាំងនោះទុកនៅឡើយទេ។ ធនធានទាំងអាចនឹងត្រូវប្រមូលដោយអាកាសយានិកនៅទីអវកាស និងទុកនៅឋានព្រះចន្ទដដែល ឬបញ្ជូនមកផែនដី។
 
គំនិតផ្តួចផ្តើមរបស់ NASA នេះត្រូវបានគេមើលថា ជាផ្នែកមួយនៃកម្មវិធី Artemis ដែលជាគម្រោងបញ្ជូនមនុស្សទៅព្រះចន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ក៏ដូចជាការស្វែងរកធនធានដែលមាននៅលើព្រះចន្ទដើម្បីបន្តបេសកកម្មទៅភពអង្គារបន្តទៀត។ ភ្នាក់ងារអវកាសអាមេរិក ក៏សង្ឃឹមថា អាចកាយយកទឹកកកនៅប៉ូលរបស់ព្រះចន្ទដើម្បីផ្គត់ផ្គង់ជាទឹកប្រើប្រាស់ ក៏ដូចជាបំបែកម៉ូលេគុលទឹក រួចយកទៅប្រើប្រាស់ជាឥន្ធនៈសម្រាប់រ៉ុកែ្កតទៀតផង។
 
ទោះគំនិតផ្ដួចផ្ដើមខាងលើបើកផ្លូវឲ្យអាមេរិកគ្រប់គ្រងធនធានដែលរកបានក្ដី នាយក NASA អះអាងថាផែនការខាងលើនេះ ពុំបានរំលោភច្បាប់អន្តរជាតិស្តីពីលំហខាងក្រៅ ឆ្នាំ១៩៦៧ឡើយ។ សន្ធិសញ្ញាលំហខាងក្រៅឆ្នាំ១៩៦៧ ចែងថាវត្ថុក្នុងលំហ និងទីលំហពុំអាចក្លាយជាកម្មសិទ្ធិរបស់ប្រទេសណាមួយបានឡើយ។
 
ក្រៅតែពីអាមេរិក លុចសំបួ ក៏ប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនអាចមានកម្មសិទ្ធិលើធនធានដែលរកបាននៅក្នុងលំហ។ ទោះជាយ៉ាងណាក្តីមហាអំណាចអវកាសផ្សេងទៀត ដូចជាចិន និងរុស្ស៊ីបានរិះគន់គំនិតខាងលើនេះ ព្រោះវាបង្ហាញពីកម្មសិទ្ធិនៅលើទៅលំហ ដែលជាទីត្រូវបានចាត់ទុកថា មិនមែនជារបស់ប្រទេសណាមួយឡើយ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com