អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន សុខចិត្តឲ្យអាមេរិកបិទ TikTok ប្រសើរជាងលក់ឲ្យទាំងបង្ខំ
12, Sep 2020 , 3:40 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលក្រុងប៉េកាំង បានប្រឆាំងចំពោះការបង្ខំរបស់អាមេរិកឲ្យក្រុមហ៊ុនចិន ByteDance លក់អាជីវកម្ម TikTok នៅអាមេរិក ដោយខ្លួនសុខចិត្តឲ្យអាមេរិកបិទកម្មវិធីផលិតវីដេអូខ្លីនេះចោលជំនួសវិញ។ នេះបើមនុស្ស៣នាក់ដែលដឹងរឿងនេះដោយផ្ទាល់ ហើយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១១ ខែកញ្ញា ។

 
បច្ចុប្បន្នក្រុមហ៊ុនចិន  ByteDance កំពុងស្ថិតក្នុងការចចារលក់អាជីវកម្មនៅអាមេរិករបស់កម្មវិធី TikTok ទៅឲ្យក្រុមហ៊ុនអាមេរិក ក្នុងនោះក៏មាន ក្រុមហ៊ុនយក្ស Microsoft ។ ការពិភាក្សានេះ បានធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែមុន បានគំរាមបិទសេវាកម្ម TikTok ចោល បើសិនជាគ្មានការលក់ដូរណាមួយកើតឡើងទេនោះ ។ 
 
លោក ត្រាំ បានទុកពេលឲ្យក្រុមហ៊ុន ByteDance ត្រឹមថ្ងៃទី ១៥ ខែកញ្ញា ដើម្បីបិទបញ្ចប់កិច្ចព្រមព្រៀងលក់នេះ។ យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាលចិន ជឿថា ការលក់ដោយបង្ខំនេះ នឹងធ្វើឲ្យទាំងក្រុមហ៊ុន ByteDance និងចិនអាប់ឱននៅចំពោះមុខការដាក់សម្ពាធពីសំណាក់ក្រុងវ៉ាស៊ីនតោន ។ ប្រភពទំាងបីនាក់នោះ អះអាងដោយសុំមិនបញ្ចេញឈ្មោះបែបនេះ។ 
 
ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន ByteDance អះអាងថា រដ្ឋាភិបាលចិនពុំធ្លាប់លើកឡើងប្រាប់ក្រុមហ៊ុនខ្លួនថាគួរបិទដំណើរការ TikTok ក្នុងសហរដ្ឋអាមេរិក ឬក្នុងបណ្ដាទីផ្សារដទៃទៀតឡើយ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក Zhoa Lijian បានឆ្លើយក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១១ ខែកញ្ញា ថា សហរដ្ឋអាមេរិកបានរំលោភបំពាននិយមន័យនៃសន្តិសុខជាតិ ហើយលោកទទូចឲ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការដាក់សម្ពាធលើក្រុមហ៊ុនបរទេស។ 
 
សូមបញ្ជាក់ថា លោកប្រធានាធិបតី ត្រាំ កាលពីខែមុន បានចេញបញ្ជាប្រតិបត្តិចំនួន២ ដែលតម្រូវឲ្យក្រុមហ៊ុន ByteDance លក់អាជីវកម្មនៅអាមេរិករបស់កម្មវិធី TikTok ឬប្រឈមនឹងការហាមឃាត់ដំណើរការក្នុងប្រទេសនេះ។ 
 
មន្ត្រីអាមេរិកបានរិះគន់ចំពោះឯកជនភាពនិងសន្តិសុខរបស់កម្មវិធីដ៏ល្បីល្បាញមួយនេះ ដោយចោទប្រកាន់ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ ត្រូវបានចែករំលែកឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។ ក៏ប៉ុន្តែ TikTok បានអះអាងថា ខ្លួននឹងមិនស្របតាមការស្នើសុំណាមួយឲ្យចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយអាជ្ញាធរចិនឡើយ៕ 
 
 
 
 

Tag:
 សហរដ្ឋអាមេរិក
  ចិន
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com