ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ខេត្តព្រះសីហនុត្រៀមទទួលភ្ញៀវនាឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមិនដំឡើងថ្លៃសេវាកម្ម
12, Sep 2020 , 9:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ខេត្តព្រះសីហនុ កំពុងរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ឆ្នេរ និងបណ្តារមណីយដ្ឋាននានា ដូចជាការសម្អាតអនាម័យ ដាក់ធុងសំរាម និងបន្ទប់ទឹកសាធារណៈ ដើម្បីត្រៀមទទួលទេសចរ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ក្រៅពីការរៀបចំសណ្តាប់ធ្នាប់ អាជ្ញាធរ ក៏ហាមប្រាមការដំឡើងថ្លៃទំនិញ ឬសេវាកម្មទេសចរណ៍ផងដែរ។

 
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 ថា មន្ទីរទេសចរណ៍ ក៏ដូចជាក្រសួងពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ កំពុងរៀបចំសណ្ដាប់ធ្នាប់តាមតំបន់ឆ្នេរ និងរមណីយដ្ឋានក្នុងខេត្តសម្រាប់ត្រៀមទទួលទេសចរណ៍ក្នុងពេលឈប់សម្រាក នៃឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
 
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ  
 
លោកបានថ្លែងដូច្នេះថា៖ «យើងពង្រឹងសណ្ដាប់ធ្នាប់ការលក់ដូរតាមដងផ្លូវ មិនឲ្យមានការលក់ដូររញ៉េរញ៉ៃ។ យើងមានឆ្នេរសាធារណៈកាន់តែច្រើន ភ្ញៀវអាចក្រាលកន្ទេលអង្គុយលេងនៅតាមឆ្នេរដោយមិនមានគិតថ្លៃ។ យើងមានត្រៀមការរៀបចំដាក់បន្ទប់ទឹក អនាម័យចល័ត ភ្ញៀវអាចប្រើប្រាស់ដោយមិនចាំបាច់បង់ប្រាក់ ហើយយើងក៏មានការរៀបចំ ចំណតរថយន្ត និងមានការរៀបចំអាជ្ញាធរ ដើម្បីរក្សាសុវត្ថិភាពជូនទេសចរផងដែរ»។
 
ក្រៅពីការរៀបចំសណ្ដាប់ធ្នាប់ លោក សុចិត្តគ្រឹស្នា បញ្ជាក់ទៀតថា អាជ្ញាធរពាក់ព័ន្ធ ក៏បានចុះផ្សព្វផ្សាយដល់អាជីវករ ដែលបម្រើរសេវាកម្មទេសចរណ៍ មិនឲ្យមានការដំឡើងថ្លៃក្នុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះដែរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បញ្ជាក់ដូច្នេះ៖«យើងមិនអាចកំណត់តម្លៃសេវាកម្មណាមួយបានទេ ព្រោះកម្ពុជាជាទីផ្សារសេរី ដូច្នេះមន្ទីរពាក់ព័ន្ធ បានត្រឹមផ្សព្វផ្សាយកុំឲ្យមានការដំឡើងថ្លៃ និងឲ្យអាជីវករបង្ហាញតម្លៃសេវាកម្មរបស់ខ្លួនជាមុន ដើម្បីងាយស្រួលដល់ទេសចរ ក្នុងការជ្រើសរើសតាមសមត្ថភាពរបស់ខ្លួន»។
 
ចំពោះបញ្ហាបរិស្ថានវិញ ប្រធានមន្ទីរទេសចរណ៍រូបនេះថា ក្រុមការងារផ្នែកប្រមូលសំរាម មិនអាចប្រមូលទាន់ អ្នកបោះសំរាមចោលផ្ដេសផ្ដាសនោះទេ ព្រោះទេសចរមានចំនួនច្រើន ហើយអ្នកធ្វើការផ្នែកបរិស្ថានមានចំនួនតិច។ ដូច្នេះរូបលោកសំណូមពរ ឲ្យទេសចរ ក៏ដូចជាអាជីវករ នៅតាមតំបន់រមណីយដ្ឋាននានា រួមគ្នាថែរក្សាបរិស្ថាន និងរក្សាអនាម័យ៕
 
 





Tag:
 ទេសចរណ៍ ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com