រដ្ឋាភិបាលចិន តាមរយៈក្រសួងការបរទេសចិន បានថ្លែងការពារករណីចម្រូងចម្រាសនៃភាពយន្ត «មូឡាន (Mulan)» របស់ក្រុមហ៊ុនអាមេរិក Disney ហើយក៏បានលើកសរសើរតួឯកស្រី នាង Liu Yifei ដែលខ្មែរស្គាល់ថា សៀវឡុងនី ផងដែរ។
រលករិះគន់និងភាពចម្រូងចម្រាសដែលឈានដល់ការស្នើឲ្យធ្វើពហិការទៅមើលរឿង Mulan នេះ បានកើតឡើងក្រោយក្រុមហ៊ុន Disney បានអរគុណដល់អាជ្ញាធរទីក្រុង ស៊ីនជាំងសម្រាប់ការផ្ដល់ទីតាំងថតនៅចុងបញ្ចប់នៃរឿង (Credit)។
យ៉ាងណាមិញ ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១១ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានច្រានចោលការរិះគន់ទាំងនេះ ដោយអះអាងថា វាគឺជារឿងធម្មតាទេ ដែលភាពយន្តនេះអរគុណចំពោះការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរក្រុងស៊ីនជាំង។
បន្ថែមពីលើនេះ លោក Zhao ក៏បានអួតសរសើរចំពោះសមត្ថភាពរបស់តារាសម្តែងស្រី Liu Yifei ដែលជាសម្ដែងជាតួអង្គឯក Mulan ដោយហៅនាងថា«កូនស្រីពិតប្រាកដរបស់ប្រជាជាតិចិន»។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN ។
អំឡុងសន្និសីទព័ត៌មានដដែលនេះ អ្នកនាំពាក្យចិនរូបនេះ លើកឡើងជាថ្មីពីជំហរស្របច្បាប់របស់រដ្ឋាភិបាលចិនលើទីក្រុង ហុងកុង និងទីក្រុង ស៊ីនជាំង ហើយបានរិះគន់ខ្លាំងៗចំពោះការលូកដៃពីសំណាក់បរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
ជារឿយៗ រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានរិះគន់ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅទីក្រុង ស៊ីនជាំង ពោលគឺចាប់តាំងពីរបាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៨ បានរកឃើញថា មានការឃុំខ្លួនមនុស្សមួយលាននាក់នៅតំបន់ស្វយ័តស៊ីនជាំង។ ហើយភាគច្រើននៃអ្នកជាប់ឃុំនេះ គឺជាជនជាតិភាគតិចវីហ្គ័រដែលកាន់សាសនាឥស្លាម។ យ៉ាងណាមិញ រដ្ឋាភិបាលប៉េកាំងតែងតែទាត់ចោលការចោទប្រកាន់នេះ។
រឿង Mulan ឆ្នាំ២០២០នេះ ក៏ធ្លាប់រងព្យុះរិះគន់ម្ដងរួចហើយកាលពីប៉ុន្មានខែមុន ហើយក៏ត្រូវបានស្នើឲ្យធ្វើពហិការរឿងនេះដូចគ្នាពីសំណាក់អ្នកគាំទ្របាតុករហុងកុង។ រឿងអាស្រូវនេះ បានកើតឡើងក្រោយតារាសម្ដែងតួអង្គអ្នកប្រយុទ្ធ Mulan នាង Liu Yifei បានប្រកាសគាំទ្រកម្លាំងប៉ូលិសហុងកុង ខណៈពួកគេបានប្រើកម្លាំងបង្ក្រាបលើក្រុមបាតុករប្រជាធិបតេយ្យកាលពីឆ្នាំមុន។
ក្រៅពីនាង Liu Yifei ភាពយន្ត «Mulan» ក៏មានចូលរួមសម្ដែងពីតារាភាពយន្តជើងចាស់ចិនមួយចំនួនផងដែរ រួមមាន Donnie Yen (ខ្មែរហៅកុំកុំ), Jet Li (លី លានជា), Tzi Ma, Jason Scott Lee, Yoson An, Ron Yuan និង Gong Li ជាដើម។ រឿងដែលDisney ចាយជាង២០០លានដុល្លារនេះ ត្រូវបានដឹកនាំសម្តែងដោយអ្នកស្រី អ្នកស្រី Niki Caro សញ្ជាតិនូវែលសេឡង់ អាយុ៥៣ឆ្នាំ៕