អន្តរជាតិ
ឆ្នាំ២០២១៖ យើងនឹងឃើញមានដ្រូនដំបូងគេនៅលើភពអង្គារ
13, Sep 2020 , 8:30 am        
រូបភាព
ភពព្រះអង្គារ ដែលជាភពនៅក្នុងគន្លងទី៤បន្ទាប់ពីព្រះអាទិត្យ កំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសហគមន៍នានារបស់អ្នកវិទ្យាសាស្រ្ត ទាំងក្របខណ្ឌរដ្ឋ និងឯកជនជាពិសេសពីសំណាក់ប្រទេសមហាអំណាចខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ បន្ទាប់ពីការបង្កើតវត្តមានរបស់មនុស្សនៅក្នុងលំហ និងនៅលើភពព្រះចន្ទរួចមក ជំហានបន្ទាប់គឺវត្តមានមនុស្សនៅលើភពអង្គារ ឬគេអាចហៅម្យ៉ាងទៀតថា«ភពក្រហម»មួយនេះ។

 
ផ្កាយរណបរបស់ អង្គការវិទ្យាសាស្រ្ត NASA ដែលមានឈ្មោះថា Mariner ទី៤ បានក្លាយជាយាន្តដំបូងដែលមានហោះកាត់ភពព្រះអង្គារ និងបានទាញយកទិន្នន័យជារូបភាពមួយចំនួនអំពីភពមួយនេះ ក្នុងឆ្នាំ១៩៦៥។ នៅក្នុងឆ្នាំ១៩៧៦ យាន្តអវកាស Viking ទី១របស់ NASA បានក្លាយជាយាន្តសំខាន់ដំបូងគេមួយទៀតដែលបានបង្កើតជាគន្លងធ្វើដំណើរជុំវិញ និងបានចុះចតផ្នែករបស់វានៅលើភពក្រហមមួយនេះ។ 
 
នៅក្នុងឆ្នាំ១៩៩៧ យាន្ត Rover ដំបូងគេមានឈ្មោះថា Path Finder របស់សហរដ្ឋអាមេរិក បានក្លាយជាយាន្តចល័តទីមួយដែលមានកង់សម្រាប់ធ្វើដំណើរក្នុងចម្ងាយខ្លីៗនៅលើភពនេះដែរ។ តែនៅក្នុងឆ្នាំ២០២០ខាងមុខនេះ អង្គការ NASA នឹងធ្វើការបង្ហោះយាន្តមួយប្រភេទទៀតដែលប្រើប្រាស់វិធីសាស្រ្តធ្វើដំណើរថ្មីមួយដែលមិនធ្លាប់មានអ្នកធ្វើពីមុនមក។ 
 
គេហទំព័ររបស់អង្គការ NASA ផ្ទាល់បានចុះផ្សាយអំពីបេសកម្មថ្មីរបស់ខ្លួនជាមួយនឹងការស្រាវជ្រាវបន្តទៀតនៅលើសណ្ឋានដីដ៏អាថ៌កំបាំងនៃភពអង្គារ នៅខែកក្កដាឆ្នាំ២០២០ខាងមុខនេះ។ បន្ទាប់ពីការបញ្ជូនយាន្តដែលនៅស្ងៀម យាន្តដែលអាចធ្វើដំណើរលើដីដោយប្រើប្រាស់កង់ នៅឆ្នាំក្រោយនេះ NASA នឹងចាប់ផ្តើមប្រើប្រាស់យាន្តដែលមានលក្ខណៈដូចជាដ្រូន ដែលមានឈ្មោះថា Mars Helicopter ។ 
 
នេះមិនមានជាយាន្តដំបូងដែលបានហោះហើរនៅក្នុងបរិយាកាសនៃភពផ្សេងនោះទេ។ ក្រុមអវកាសរបស់សូវៀតក៏ធ្លាប់ប្រើប្រាស់បាឡុងដែលភ្ជាប់ជាមួយនឹងផ្កាយរណបនៅលើបរិយាកាសនៃភពសុក្រផងដែរ ក្នុងបេសកម្ម VeGa នៃឆ្នាំ១៩៨៤។ តែអ្វីដែលពិសេសជាងគេគឺថា Mars Helicopter ជាយាន្តដែលប្រើប្រាស់ថាមពលដោយខ្លួនឯង ហើយមានលក្ខណៈធ្ងន់ជាខ្យល់។ 
 
ចំពោះ VeGa វិញ គេមិនបានប្រើប្រាស់ថាមពលដោយខ្លួនឯងដើម្បីហោះនោះទេ។ វាអាចហោះបានដោយសារតែបរិមាណសម្ពាធខុសគ្នានៅក្នុង និងក្រៅបាឡុងទៅវិញទេ ហាក់ដូចជាប៉េងប៉ោងនៅលើភពផែនដីដែរ។ តាំងពីឆ្នាំ២០១៣មក បច្ចេកវិទ្យាមួយនេះត្រូវបានគេបង្កើតឡើងនៅក្នុងស្ថាប័ន Jet Propulsion Laboratory (JPL) ដែលជាស្ថាប័នសំខាន់មួយនៃអង្គការ NASA ខាងបច្ចេកវិទ្យាយាន្តអវកាស។
 
អ្នកស្រាវជ្រាវត្រូវជឿជាក់ថា ឧបករណ៍ដែលមានភាពអស្ចារ្យក្នុងការស្រាវជ្រាវភពផ្សេងទៀតមួយនេះ ត្រូវតែមានលក្ខណៈតូច រឹងមាំខ្លាំង ហើយស្រាល ទោះបីជាវាត្រូវធ្វើការនៅក្នុងបរិស្ថានមួយដែលលំបាកក្តី។ Mars Helicopter មានទម្ងន់ប្រមាណជា១.៨គីឡូក្រាម ជាមួយនឹងតួរម៉ាស៊ីនមានទំហំប្រហាក់ប្រហែលនឹងកូនបាល់តូចមួយ ឬទំហំបាតដែរមនុស្សពេញវ័យ រួមទាំងនឹងស្លាបរង្វិលចំនួនពីរនៅលើ។ 
 
ស្លាបទាំងពីរនោះនឹងមានចលនារង្វិលយ៉ាងលឿនប្រមាណ៣ពាន់ជុំក្នុងមួយនាទី។ ១០ដងលឿនជាងវង្វិលជុំនៃឧទ្ធម្ភាគចក្រនៅលើភពផែនដី។ នេះគឺដោយសារតែកម្រាស់បរិយាកាលដ៏ស្តើងនៅលើភពអង្គារ។ នៅក្នុងឆ្នាំ១៩០៣ បងប្អូនត្រកូល Wright បានបង្ហាញពីភាពជោគជ័យនៃការហោះហើរនៅលើភពផែនដី។ 
 
ក្នុងរយៈពេលខ្លីខាងមុខនេះ ការហោះហើរក្នុងលំនាំស្រដៀងគ្នាត្រូវបានគេធ្វើឡើងនៅលើភពផ្សេង។ គេបានភ្ជាប់វាជាមួយនឹងបន្ទះសូឡាព្រះអាទិត្យ និងថ្មអីយ៉ុងលីចូម សម្រាប់ថាមពល។ គេមិនអាចបញ្ជាយាន្តមួយនេះផ្ទាល់ភ្លាមៗពីភពផែនដីនោះទេ ដោយសារតែចម្ងាយដ៏ឆ្ងាយរវាងភពទាំងពីរ។ 
 
ក្នុងចម្ងាយនេះ ទិន្នន័យត្រូវប្រើប្រាស់ពេលច្រើននាទីក្នុងការឆ្លើយឆ្លង មិនស្រួលប៉ុន្មាននោះទេសម្រាប់ដ្រូនមួយដែលកំពុងធ្វើដំណើរលើភពផ្សេងមួយទៀត ក្នុងល្បឿនមួយលឿនគួរសមដែរ។ វាអាចធ្វើដំណើរបានលើអាកាសប្រមាណជា៩០វិនាទីក្នុងពេលម្តងៗ ជាមួយនឹងរយៈកម្ពស់១០ម៉ែត្រពីដី។ Mars Helicopter នឹងត្រូវបានគេបង្ហោះឡើងជាមួយនឹងរ៉ុកកែត Altas V នៅខែកក្កដាឆ្នាំ២០២០ខាងមុខពីស្ថានីយបង្ហោះ Cape Canaveral នៃរដ្ឋផ្លរីដា  ហើយការចុះចតនឹងត្រូវបានគេរំពឹងទុកនៅក្នុងខែកុម្ភៈឆ្នាំ២០២១។ 
 
ទាំងនេះគឺជាជំហានដែលគេធ្វើឡើងសម្រាប់ការប្រមូលព័ត៌មានសំខាន់នានាមកសិក្សា និងជាបទពិសោធន៍ជាច្រើននៅថ្ងៃខាងមុខទៀត ជាពិសេសវត្តមានរបស់មនុស្សដែលគេនឹងរំពឹងចាប់ផ្តើមពីឆ្នាំ២០៣០ទៅ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com