ជាតិ
សង្គមជាតិ
លោក សាយ ទី ចង់ក្លាយជាអ្នករួមចំណែកជំរុញទេសចរណ៍នៅស្រុកកំណើតខ្លួន
13, Sep 2020 , 8:59 am        
រូបភាព
ដោយ:
លោក សាយ ទី គឺជានិស្សិតឆ្នាំទី៤ ជំនាញគ្រប់គ្រងទេសចរណ៍។ មានស្រុកកំណើតនៅឃុំកោះស្តេច ដែលជាទីទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង យុវជន សាយ ទី បានបញ្ជាក់ប្រាប់ ThmeyThmey25 រូបគេជ្រើសរើសជំនាញគ្រប់គ្រងទេសចរណ៍ ព្រោះគេមើលឃើញថា ទេសចរណ៍ក្នុងស្រុកកំណើតរបស់ខ្លួននៅមិនទាន់អភិវឌ្ឍន៍ឲ្យអស់សក្តានុពលនៅឡើយ ដូច្នេះរូបគេចង់ប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សា ទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅស្រុកកំណើតរបស់ខ្លួនបន្ថែមទៀត។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនា បទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាន ThmeyThmey25 និងលោក សាយ ទី និស្សិតជំនាញគ្រប់គ្រងទេសចរណ៍ ដូចតទៅ៖
 
មិនមែនជារឿងចៃដន្យទេ ដែលយុវជន សាយ ទី មានស្រុកកំណើតនៅឃុំកោះស្តេច ទីទេសចរណ៍ដ៏ទាក់ទាញមួយក្នុងខេត្តកោះកុង ជ្រើសរើសជំនាញគ្រប់គ្រងទេសចរណ៍។ កង្វះធនធានមនុស្សដែលអាចចូលរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកកំណើតរបស់ខ្លួន គឺជាហេតុផលចម្បងដែល នាំឲ្យ យុវជន សាយ ទី រៀនគ្រប់គ្រងទេសចរណ៍។ 
យុវជនរូបនេះបានប្រាប់សារព័ត៌មានThmeyThmey25 ថា៖«ខ្ញុំជ្រើសរើសរៀនជំនាញទេសចរណ៍ ព្រោះខ្ញុំចង់ក្រេបនូវចំណេះដឹង ក៏ដូចជាការគ្រប់គ្រងទេសចរណ៍ ដើម្បីអភិវឌ្ឍន៍នៅក្នុងភូមិឃុំរបស់ខ្ញុំ។ ខ្ញុំកើតក្នុងភូមិកោះស្ដេចផ្ទាល់ ដូច្នេះខ្ញុំដឹងថា យើងត្រូវការអភិវឌ្ឍន៍អ្វីខ្លះ? កោះស្ដេចសម្បូរដោយធនធានធម្មជាតិ ដូចជាផ្កាថ្មក្រោមបាតសមុទ្រ ហើយមានកោះជាច្រើននៅជុំវិញនោះ ប៉ុន្តែកោះស្ដេច ខ្វះធនធានមនុស្សដែលមានការយល់ដឹង ពីការគ្រប់គ្រងទេសចរណ៍ ទើបខ្ញុំរៀនជំនាញនេះ»។
ដ្បិតកំពុងសិក្សានៅឡើយ ប៉ុន្តែយុវជនរូបកំពុងតែចូលរួមចំណែកបណ្តើរៗក្នុងការជំរុញវិស័យទេសចរកោះស្តេច ឲ្យទេសចរបានស្គាល់ តាមរយៈការផ្សព្វផ្សាយទិដ្ឋភាពកោះស្តេច ដោយប្រើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មាននានា។ យុវជនរូបនេះ ក៏សង្ឃឹមដែរថា រូបគេនឹងចូលរួមចំណែកបានកាន់តែច្រើនបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅស្រុកកំណើតរបស់ខ្លួន៕
 
 

Tag:
 ThmeyThmey25
  សាយ ទី
  ទេសចរណ៍
  អប់រំ
  កោះស្ដេច
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com