លោកតា ស្វាយ ឃិន វ័យ៧៣ឆ្នាំ នៅតែរឹងប៉ឹង និងដាំដំណាំជាង១០មុខនៅជុំវិញផ្ទះ ដើម្បីចិញ្ចឹមជីវិត
ជាតិ
សង្គមជាតិ
លោកតា ស្វាយ ឃិន វ័យ៧៣ឆ្នាំ នៅតែរឹងប៉ឹង និងដាំដំណាំជាង១០មុខនៅជុំវិញផ្ទះ ដើម្បីចិញ្ចឹមជីវិត
13, Sep 2020 , 10:27 am        
រូបភាព
លោកតា ស្វាយ ឃិន វ័យ៧៣ឆ្នាំ រស់នៅភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ
លោកតា ស្វាយ ឃិន វ័យ៧៣ឆ្នាំ រស់នៅភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ
ការងារដាំបន្លែ ជាផ្នែកមួយជួយឲ្យលោកតា ស្វាយ ឃិន អាចរស់នៅភាពរីករាយ និងមិននឿយណាយក្នុងជីវិត បើទោះជាគាត់សព្វថ្ងៃគាត់រស់នៅម្នាក់ឯងក៏ដោយ។ លោកតាវ័យ៧៣ឆ្នាំរូបនេះ ប្រកបការងារដាំបន្លែប្រមាណជាង ១០មុខក្នុងបរិវេនផ្ទះរបស់ខ្លួន។ ក្រៅពីជួយឲ្យផ្ទះរបស់លោកតាមានសោភ័ណភាព ថែមទាំងអាចផ្ដល់ចំណូលដល់លោកតាប្រចាំថ្ងៃផងដែរ។

 
ជាពលរដ្ឋម្នាក់រស់នៅភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ លោកតា ស្វាយ ឃិន បានលៃលកពេលវេលាដោះស្រាយបញ្ហាជីវភាពខ្លួន តាមរយៈការដាំបន្លែលក់។ នៅជុំវិញផ្ទះលោកតា ស្វាយ ឃិន មានបន្លែប្រមាណ១០មុខ រួមមានស្ពៃ សណ្ដែកគួ ប៉េងប៉ោះ ម្ទេស ល្ហុង ម្នាស់ ត្រសក់ សាលាដជាដើម។ បន្លែទាំងនេះហើយ ដែលជួយឲ្យលោកតា ស្វាយ ឃិន អាចដោះស្រាយបញ្ហាក្រពះប្រចាំថ្ងៃ ខណៈដែលលោកតាគ្មានកូនចៅជួយមើលថែ ក្រោយពួកគេបែកគ្រួសាររៀងៗខ្លួន ។
 
រូបភាពពីសេដាក

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 តាមទូរសព្ទ លោកតា ស្វាយ ឃិន បានឲ្យដឹងយ៉ាងដូច្នេះថា៖«សព្វថ្ងៃខ្ញុំមានដាំបន្លែច្រើនមុខណាស់នៅជុំវិញផ្ទះ ហើយក្នុងម្ង៉ៃអាចលក់បន្លែ ៤ ទៅ ៥គីឡូ ថ្ងៃខ្លះអត់មានទាំងបន្លែលក់ឲ្យគេផង»។ 
 
ទោះបីលោកតាមានវ័យចំណាស់បន្តិចមែន តែសុខភាពលោកតានៅរឹងប៉ឹង អាចធ្វើការកាប់គាស់បានយ៉ាងល្អ បើប្រៀបធៀបជាមួយមនុស្សចាស់ដែលមានវ័យប្រហែលគ្នាផ្សេងទៀត។ និយាយទាំងអារម្មណ៍សប្បាយរីករាយជាមួយជីវភាពប្រចាំថ្ងៃនេះ លោកតា ឃិន អះអាងថា ខ្លួនមិនមានភាពហត់នឿយ និងរាថយឡើយ ហើយលោកតាក៏គ្រោងការដាំបន្លែឲ្យច្រើនជាងនេះ ថែមទាំងចិញ្ចឹមមាន់ និងត្រីផងដែរ ក្រោយពីទទួលបានការគាំទ្រ និងលើកទឹកចិត្តពីអ្នកភូមិ។
 
ដើមឡើយលោកតា ឃិន បានដាំបន្លែដោយប្រើជីគីមីដែរ ។ប៉ុន្តែដោយសារលោកតាយល់ឃើញថា ការប្រើប្រាស់គីមីជាមួយបន្លែវាប៉ះពាល់ធ្ងន់ដល់សុខភាពអ្នកបរិភោគ ទើបគាត់សម្រេចចិត្តឈប់ប្រើគីមីនៅឆ្នាំ២០១៧មក។
 
«អ្នកភូមិគាំទ្រណាស់ ព្រោះបន្លែដាំអត់មានដាក់គីមី ដាំដោយធម្មជាតិ ហើយមានតម្លៃសមរម្យទៀត ស្ពៃនៅផ្សារ និងលក់តាមម៉ូតូ ១គីឡូ ៤ ០០០រៀល ខ្ញុំលក់តែ ៣ ០០០រៀលទេ»។ នេះបើតាមលោកតាវ័យ៧៣ឆ្នាំដែលបានបន្ថែមថា លោកតា អាចទទួលបានចំណូលពីការលក់បន្លែពី ១ម៉ឺនរៀល ទៅ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយអាស្រ័យលើបរិមាណនៃបន្លែ។
 
ទោះបីនៅជិតកន្លែងរស់នៅលោកតាមានផ្សារលក់បន្លែពិតមែន តែពលរដ្ឋនៅតំបន់ភាគច្រើន ទិញបន្លែរបស់លោកតាជារៀងរាល់ថ្ងៃ។ ទាំងនេះហើយជាការលើកទឹកចិត្តដល់លោកតា បន្តការងារដាំដុះលុះជីវិតចុងក្រោយ៕
 


Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com