អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ប្រគល់ជនស៊ីវិលឥណ្ឌា៥នាក់ដែលជាប់ឃុំខ្លួន ឲ្យឥណ្ឌាវិញ
13, Sep 2020 , 11:01 am        
រូបភាព
ស្លាកសញ្ញាមិត្តភាពឥណ្ឌា-ចិនក្នុងរដ្ឋ Arunachal Pradesh (Reuters)
ស្លាកសញ្ញាមិត្តភាពឥណ្ឌា-ចិនក្នុងរដ្ឋ Arunachal Pradesh (Reuters)
ដោយ:
ជនស៊ីវិលឥណ្ឌា៥នាក់ ដែលត្រូវបានអាជ្ញាធរចិនឃុំឃាំងនៅក្បែរតំបន់ព្រំដែនជម្លោះរវាងចិននិងឥណ្ឌា ត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរឥណ្ឌាវិញហើយ នៅថ្ងៃទី ១២ ខែកញ្ញា។ កងទ័ពឥណ្ឌា អះអាងបែបនេះ។

 
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យកងទ័ពជើងគោកឥណ្ឌា Harsh Wardhan Pande  បានអះអាងថា បុគ្គលទំាង៥នាក់ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ មុននឹងអនុញ្ញាតឲ្យទៅជួបក្រុមគ្រួសារពួកគេវិញ ។ បើតាមលោក Pande យុវជនឥណ្ឌាទាំង៥នាក់នេះ បានធ្វើដំណើរតែលតោល ហើយចៃដន្យបានឆ្លងព្រំដែនជម្លោះ ខណៈកំពុងស្វែងរកនិងបរបាញ់សត្វ។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters វរសេនីយ៍ទោ Pande បញ្ជាក់បន្ថែមថា ហេតុការណ៍ស្រដៀងគ្នានេះក៏ធ្លាប់កើតឡើង២ដងហើយក្នុងឆ្នាំ២០២០នេះ ក្នុងរដ្ឋ Arunachal Pradesh របស់ឥណ្ឌា ដែលមានព្រំដែនជាប់ប្រទេសចិន ។ 
 
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយ បានចុះផ្សាយថា អ្នកទាំង៥នាក់នេះ គឺជាភ្នាក់ងារចារកម្មឥណ្ឌា ដែលបន្លំខ្លួនជាអ្នកបរបាញ់សត្វ ហើយបដិសេធការអះអាងថា រដ្ឋាភិបាលចិនបានចាប់ពង្រាត់ជនស៊ីវិលទាំងនេះ។ 
 
មែនទែនទៅ ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា មានភានតានតឹងខ្លាំង ចាប់តាំងពីការប៉ះទង្គិចនៅព្រំដែន ក្នុងខែមិថុនា ដែលសម្លាប់ទាហានឥណ្ឌា ២០នាក់ ខណៈគ្មានតួលេខពីចិន។ កាលពីដើមសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ជនស៊ីវិល ៥នាក់ ពីរដ្ឋ Arunachal Pradesh បានបាត់ខ្លួន ខាងរដ្ឋាភិបាលបានអះអាងថា កងទ័ពចិនបានបញ្ជាក់ថាពលរដ្ឋឥណ្ឌាទាំង៥នាក់ត្រូវបានរកឃើញក្នុងទឹកដីចិន។ 
 
ការបាត់ខ្លួនរបស់ជនស៊ីវិលឥណ្ឌាទាំង៥នាក់នេះ កើតឡើងស្របពេលដែលឥណ្ឌានិងចិនមានភាពតានតឹងផ្នែកព្រំដែន។ ភាគីទាំងពីរបានចោទគ្នាថាបានបាញ់កំាភ្លើងឡើងទៅលើ ដែលទង្វើនេះគឺផ្ទុយនឹងច្បាប់ហាមឃាត់ការប្រើកាំភ្លើងនៅតំបន់ជម្លោះនេះ។ 
 
យ៉ាងណាមិញ កាលពីថ្ងៃ១០ ខែកញ្ញា ទាំងរដ្ឋមន្ត្រីការបរទសចិន វ៉ាង យី និងសមភាគីឥណ្ឌា S Jaishankar បានជួបគ្នាក្នុងរដ្ឋធានី មូស្គូ ហើយបានយល់ព្រមគ្នាកាត់បន្ថយភាពតានតឹងផ្នែកព្រំដែននេះ៕ 
 
 
 

Tag:
 ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com