បើកឆាក EPL៖ Salah ធ្វើបាន Hat-trick ឲ្យ Liverpool ឯ Willian Assist ៣លើកឲ្យ Arsenal
កីឡាអន្តរជាតិ
អន្តរជាតិ
បើកឆាក EPL៖ Salah ធ្វើបាន Hat-trick ឲ្យ Liverpool ឯ Willian Assist ៣លើកឲ្យ Arsenal
13, Sep 2020 , 11:55 am        
រូបភាព
Mohamed Salah រកបាន៣គ្រាប់ម្នាក់ឯង (Hat-trick) ដើម្បីជួយម្ចាស់ការពារជើងឯក Liverpool យកឈ្នះ Leeds United ក្នុងលទ្ធផល ៤-៣ នាការប្រកួតបើកឆាក Premier League នៅយប់ថ្ងៃទី១២ ខែកញ្ញា។ Willian ដែលទើបចេញពី Chelsea បានជួយ Arsenal រកបាន៣ពិន្ទុសម្រាប់ជំនួបដំបូងរដូវកាល ២០២០-២១ ផងដែរ តាមរយៈការបញ្ជូនបាល់៣លើក (Assist) ដើម្បីយកឈ្នះ Fulham ៣-០។



៣គ្រាប់របស់ Salah សម្រេចបានដោយការទាត់បាល់ប៉េណាល់ទី២គ្រាប់ និងស៊ុតវូលេ១គ្រាប់នៅនាទី (៤, ៣៣ និង៨៨) និង Virgil van Dijk ធ្វើបានមួយគ្រាប់ដោយប្រើក្បាលនៅនាទី២០។ ដោយឡែក៣គ្រាប់របស់ Leeds ដែលជាក្រុមទើបឡើងពីលីគទីពីរ ស៊ុតបញ្ចូលទីដោយ Jack Harrison, Patrick Bamford និង Mateusz Klich ដែលជាគ្រាប់បាល់តាមស្មើ មុន Salah បន្ថែមគ្រាប់ជ័យជម្នះ។
 
នេះជាការធ្វើបាន Hat-trick ក្នុងជំនួបបើកឆាកលីគលើកដំបូងសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប និងជាលើកដំបូងរបស់ក្រុមហង្សក្រហម បន្ទាប់ពី John Aldridge ធ្វើបានដូច្នេះកាលពី ៣២ឆ្នាំមុន។
 
៣ពិន្ទុនេះ បានជួយក្រុមការពារតំណែងជើងឯកដែលមានលោក Jurgen Klopp ជាអ្នកចាត់ការឈរចំណាត់ថ្នាក់ទី៣បណ្តោះអាសន្ន ខណៈ Arsenal នៅកំពូលតារាង។ ក្រុមកាំភ្លើងធំ ក្រោមការដឹកនាំរបស់លោក Mikel Arteta បានទទួលលទ្ធផលដ៏គាប់ប្រសើរក្រោយឈ្នះ Fulham ដែលទើបឡើងមកលីគកំពូលរដូវកាលនេះដល់ទៅ ៣-០។
  
 
៣គ្រាប់របស់ Arsenal ធ្វើបានដោយ Alexandre Lacazette ខ្សែការពារ Gabriel និង Pierre-Emerick Aubameyang។ ទាំង៣គ្រាប់នេះដែរ សុទ្ធតែទទួលបានពីការបញ្ចូនបាល់ (Assist) ពី Willian ទាំង៣លើក។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ទើបផ្លាស់ចេញពី Chelsea ដោយគ្មានតម្លៃខ្លួននៅដើមរដូវកាលថ្មីនេះ។
 
ដោយឡែកជំនួប២គូទៀត Crystal Palace បានយកឈ្នះ Southamton ១-០ ហើយ Newcastle United យកឈ្នះ West Ham United ២-០។ សារិការព្រៃឈរនៅលេខរៀងទី២ បណ្តោះអាសន្ន ខណៈ Crystal Palace នៅលេខ៤ ដោយទទួលបាន៣ពិន្ទុដូចគ្នា៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com