ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កូនត្រីស្ពុង ៥ពាន់ក្បាល ត្រូវបានព្រលែងក្នុងសហគមន៍ព្រៃនប់២ ដើម្បីបង្កើនបរិមាណត្រីក្នុងដែននេសាទ
13, Sep 2020 , 2:53 pm        
រូបភាព
ដោយ:
រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន បានលែងកូនត្រីស្ពុងចំនួន ៥ពាន់ក្បាល ចូលក្នុងដែនទឹកសហគមន៍ព្រៃនប់ ក្នុងគោលបំណងបង្កើនបរិមាណត្រីស្ពុង និងជួយផ្គត់ផ្គង់ជីវភាពពលរដ្ឋនៅតំបន់នោះ។ ការលែងកូនត្រីនេះបានធ្វើឡើងនាឱកាសលោក វេង សាខុន ចុះពិនិត្យសហគមន៍ព្រៃនប់២ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០។

 
រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន លើកទឹកចិត្តកសិករ ងាកមកប្រកបការងារកសិកម្ម ជាពិសេសផ្នែកវារីវប្បកម្ម ក្នុងអំឡុងវិបត្តិកូវីដ-១៩ នេះ ដោយមិនត្រូវបោះបង់របរនេះឡើយ។ បើតាមលោក វេង សាខុន ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិស័យកសិកម្មជាផ្នែកមួយយ៉ាងសំខាន់ ដែលចូលរួមបង្កើនសេដ្ឋកិច្ចពលរដ្ឋ។ 

កូនត្រីស្ពុង
 
លោក វេង សាខុន ក៏ណែនាំមន្រ្តីកសិកម្មទាំងអស់ ជួយការងារបច្ចេកទេស ការផលិតផលិតចំណី ការបង្កាត់ពូជ និងរៀបចំទីផ្សារ។ បន្ថែមលើនោះត្រូវរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងគួរពង្រីកផលិតកម្មលើផ្ទៃដីដែលមានស្រាប់។ ក្រៅពីការងារចិញ្ចឹមត្រី មន្ទីរគួររៀបចំគោលនយោបាយពង្រីកផលិតកម្មបន្លែ និងចិញ្ចឹមត្រីដើម្បីប្រែក្លាយខេត្តកណ្តាលជាប្រភពផ្គត់ផ្គង់ស្បៀង (បន្លែ និងត្រី) ដោយនិរន្តរភាពសម្រាប់រាជធានីភ្នំពេញនាពេលអនាគតផងដែរ។
 
សហគមន៍នេសាទព្រៃនប់២ មានទីតាំងស្ថិតនៅភូមិព្រែកសង្កែ ឃុំសាមគ្គី ខេត្តព្រះសីហនុ។ សហគមន៍នេះមានផ្ទៃដីជាង ៦០៥ហិកតា មានព្រៃកោងកាង ៦៥៥ហិកតា និងមានសមាជិកជាង ១ ០០០គ្រួសារ គ្របដណ្តប់ ៣ ភូមិ។ នេះបើតាមប្រធានសហគមន៍នេសាទព្រៃនប់២ ជម្រាបជូនលោករដ្ឋមន្រ្តីកសិកម្មនាឱកាសនោះ។ ដោយសម្លឹងឃើញពីសក្ដានុពល និងការខំប្រឹងរបស់ពលរដ្ឋនៅតំបន់នោះ ក្នុងការប្រកបរបរចិញ្ចឹមត្រី និងចិញ្ចឹមងាវ លោករដ្ឋមន្រ្តីបានជំរុញទឹកចិត្តឲ្យពលរដ្ឋបន្តការងារចិញ្ចឹមបន្តទៀតដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាពសហគមន៍ បំពេញតម្រូវទីផ្សារក្នុងខេត្ត និងកាត់បន្ថយការនាំចូល។
 
 
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បច្ចុប្បន្នខេត្តមានវារីវប្បកម្មទឹកប្រៃ ១ ៧៦៧បែរ និង ១៩៩ស្រះ និងទឹកសាបមាន ១៦៣ ស្រះ ហើយទាំងទឹកប្រៃ និងទឹកសាបដែលមានលទ្ធភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងនាំទៅកាន់រាជធានីភ្នំពេញផងដែរ៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com