លោក ជុក ជំនោរ៖ វត្តជាង១០០នៅកម្ពុជាអាចចាត់ទុកជាវត្តទេសចរណ៍ពុទ្ធសាសនា
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ជុក ជំនោរ៖ វត្តជាង១០០នៅកម្ពុជាអាចចាត់ទុកជាវត្តទេសចរណ៍ពុទ្ធសាសនា
13, Sep 2020 , 6:59 pm        
រូបភាព
ភ្នំពេញ៖ វត្តអារាមមិនតិចជាង១០០វត្តនោះទេ នៅក្នុងប្រទេសកម្ពុជា នឹងអាចជាប់ក្នុងបញ្ជីវត្តទេសចរណ៍ នៅក្នុងចំណោមវត្តអារាមប្រមាណ៥០០០ពាន់នៅទូទាំប្រទេសកម្ពុជា។ នេះបើតាមលោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់សារព័ត៌មាន Thmeythmey25 នៅថ្ងៃទី ៧ ខែកញ្ញានេះ។ ដ្បិតមិនទាន់កំណត់ច្បាស់លាស់តែ វត្តចំណាស់ៗនៅកម្ពុជា ច្រើនមានវត្តមាននៅខេត្តសៀមរាប បាត់ដំបង ភ្នំពេញ កំពង់ចាម និងបណ្តាខេត្តផ្សេងៗទៀត។ 

 
ការកំណត់ «វត្តទេសចរណ៍» កំពុងដំណើរការដោយអន្តរក្រសួង ដែលដឹកនាំដោយក្រសួងទេសចរណ៍។ ការងារនេះ ស្ថិតនៅដំណើរការវាយតម្លៃនៅឡើយ ហើយក្រុមការងារអន្តរក្រសួង នឹងជំរុញឲ្យការងារនេះឲ្យកាន់តែលឿនបន្ថែមទៀតក្រោយវិបត្តិកូវីដ-១៩។ នេះបើតាមលោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែដែលបាងប្រាប់សារព័ត៌មាន Thmeythmey25 នៅថ្ងៃទី ៧ ខែកញ្ញានេះ។
  លោក​ សេង សុមុនី រដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា 

បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងចំណោមវត្តអារាមប្រមាណ៥ពាន់នៅទូទាំងប្រទេស គឺមានវត្តមិនតិចជាង១០០នោះទេ ដែលអាចក្លាយជាវត្តទេសចរណ៍ប្រចាំប្រទេស ក៏ដូចជាតាមមូលដ្ឋាននីមួយៗ។  លោក ជុក ជំនោរ បញ្ជាក់ប្រាប់ ThmeyThmey25 ដូច្នេះ៖«សម្រាប់កម្ពុជាមានវត្តអារាមប្រមាណ ៥ពាន់ ក្នុងនោះមានមិនតិចជាង ១០០វត្តនោះទេ ដែលអាចជាប់ជាវត្តទេសចរណ៍»។ 
 
 
សូមជម្រាបថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចប្រជុំអំពីការរៀបចំ ឲ្យវត្តអារាមដែលមានអាយុកាលយូរឆ្នាំ ក្លាយជាគោលដៅទេសចរណ៍។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីទាក់ទាញអ្នកទេសចរ ឲ្យស្នាក់នៅរយៈពេលយូរ ពិសេសឲ្យទេសចរអន្តរជាតិស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។ ពាក់ព័ន្ធនឹងការកំណត់វត្តទេសចរណ៍នេះដែរ  លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់សារព័ត៌មាន Thmeythmey25 ការងារកំណត់នេះយឺតយូរ ដោយសារតែការងារនេះ មានក្រសួងពាក់ព័ន្ធច្រើន រួមមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងអប់រំ និងក្រសួងវប្បធម៌។ ក្រសួងនីមួយៗ ត្រូវពិនិត្យលើលើច្រើនចំណុចផ្សេងៗគ្នា មុននឹងចាត់ទុកជាវត្តគោលដៅទេសចរណ៍។ នេះជាការពន្យល់បន្ថែមរបស់លោក សេង សុមុនី មុននឹងបញ្ជាក់ពីលក្ខខណ្ឌកំណត់វត្តទេសចរណ៍ដូច្នេះ៖ «វត្តដែលអាចស្ថិតក្នុងការវាយតម្លៃរបស់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ ត្រូវជាវត្តបុរាណៗសល់ពីសង្គម មានសំណង់បុរាណ បដិមាបុរាណ ស្រះទឹកបុរាណ កុដិបុរាណ ដែលមានរចនាបថបែបខ្មែរជាដើម»។ 
 
 
ទោះមិនទាន់ដឹងចំនួនជាក់ជាក់លាក់ ប៉ុន្តែលោក សេង សុមុនី បញ្ជាក់ថា ទីអារាមដែលអាចជាគោលដៅទេសចរណ៍ មានច្រើននៅតំបន់អង្គរ ខេត្តសៀមរាប,វត្តចាស់ ខេត្តកំពង់ស្ពឺ, វត្តឈើខ្មៅក្នុងខេត្តបាត់ដំបង និងបណ្ដាខេត្តផ្សេងៗ ខណៈរាជធានីភ្នំពេញ មានវត្តចាស់ៗចំនួន៧  ក្នុងនោះ«ឧណ្ណាឡោម» ជាវត្តមួយដែលមានអាយុចាស់ជាងគេ គឺជាង៦០០ឆ្នាំ។ វត្ត«ឧណ្ណាឡោម» ក៏បានក្លាយគោលដៅសម្រាប់ទេសចរជាតិ និងអន្តរជាតិទៅហើយ។ នេះបើតាម អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា៕
 
 
 
 


 

 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com