វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ការកើតឡើងនិងការបរាជ័យនៃយន្តហោះដើរដោយនុយក្លេអ៊ែរ
13, Sep 2020 , 7:39 pm        
រូបភាព
ភាពជឿនលឿននៃបច្ចេកវិទ្យាហោះហើរបានកែប្រែមុខមាត់នៃសង្គ្រាមលោកលើកទី២ ដែលបានកើតឡើងនៅចន្លោះឆ្នាំ១៩៣៩ និងឆ្នាំ១៩៤៥ ជាពិសេសនៅតាមតំបន់ប៉ែកអឺរ៉ុប និងសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ សមត្ថភាពរបស់យន្តហោះដែលមានលក្ខណៈជឿនលឿននៅក្នុងពេលនោះ នៅតែត្រូវបានកំណត់ដោយបរិមាណថាមពលដែលវាមាន និងរយៈចម្ងាយដែលវាអាចហោះហើរទៅ និងមកវិញដោយសុវត្ថិភាពបាន។ ដោយពឹងផ្នែកលើសាំងតែមួយមុខ យន្តហោះទាមទារការចុះចតញឹកញាប់ដើម្បីហោះហើរទៅមុខបន្ថែម។ ហេតុដូចនេះហើយ ទើបការពិសោធន៍អំពីយន្តហោះដើរដោយថាមពលអាតូមិច ឬថាមពលនុយក្លេអ៊ែរបានកកើតឡើង។

 
យោងតាមការបកស្រាយពីគេហទំព័រ Mental Floss នៅក្នុងអំឡុងឆ្នាំ១៩៥១ គណៈកម្មាការថាមពលអាតូមិច ឬ «Atomic Energy Commission» នៃសហរដ្ឋអាមេរិកបានទាមទារឲ្យមានការសាកល្បងផលិតយន្តហោះដែលដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេ ដោយកែប្រែយន្តហោះដែលបានផលិតរួចហើយមានឈ្មោះថា B-36 ទៅជា NB-36 វិញ ជាមួយនឹងការបំពាក់ឧបករណ៍ពិសេសៗផ្សេងៗទៀត។ 
 
នៅក្នុងឆ្នាំ១៩៥៥ យន្តហោះ NB-36 ឬហៅក្រៅថា«The Crusader»ត្រូវបានដាក់ឲ្យហោះហើរជាលក្ខណៈពិសោធន៍ជាមុនសិន ក៏ប៉ុន្តែម៉ាស៊ីនដែលផ្ទុក និងបម្លែងថាមពលនុយក្លេអ៊ែរនោះមិនទាន់ត្រូវបានគេប្រើប្រាស់សម្រាប់ផ្ទេរថាមពលទាំងស្រុងទៅកាន់យន្តហោះនៅឡើយទេ។ ការហោះហើរសាកល្បងនេះត្រូវបានគេធ្វើឡើងចំនួន៤៧ដង ជាពិសេសពីរដ្ឋម៉ិចសិចថ្មី ឬកាន់រដ្ឋតិចសាស់។ ក្រោយមក ទើបម៉ាស៊ីននុយក្លេអ៊ែរត្រូវបានគេដាក់ឲ្យដំណើរការជាអ្នកផ្ទេរថាមពលទៅកាន់យន្តហោះ។ 
 
គួរឲ្យបញ្ជាក់ផងដែរថា កាលពីពេលនោះ ចំណេះដឹងអំពីថាមពលនុយក្លេអ៊ែរនៅមានកម្រិតនៅឡើយ។ ការធ្វើតេស្តសាកល្បងទាំងនោះគឺដើម្បីដឹងថា តើយន្តហោះដែលមានផ្ទុកម៉ាស៊ីននុយក្លេអ៊ែរអាចហោះហើរធម្មតាដូចយន្តហោះទូទៅដែរឬទេ។ ម្យ៉ាងវិញទៀត តើរបាំងការពារនៅលើយន្តហោះនេះ អាចការពារពីលុតពីសារធាតុវិទ្យុសកម្មបានដូចគ្នាដែរឬទេ។ នេះជាការពិសោធមួយដែលមានហានិភ័យច្រើនណាស់។ កងទ័ពម៉ារីនកតែងធ្វើដំណើរជាមួយនឹងយន្តហោះសាកល្បងនេះជាញឹកញាប់ក្នុងការរក្សានូវសុវត្តិភាព នៅពេលមានរឿងអ្វីមិនល្អកើតឡើង។ 
 
មានស្ថាប័នធំៗចំនួនពីរដែលបានចុះកុងត្រាក្នុងការផលិតម៉ាស៊ីនយន្តហោះដំណើរការដោយថាមពលនុយក្លេអ៊ែរ។ ក្នុងនោះមានដូចជា General Electric និង Pratt & Whitney ។ ចំពោះ General Electric ម៉ាស៊ីនរ៉េអាកទ័របស់ពួកគេមានលក្ខណៈងាយស្រួលក្នុងការផលិត តែមានអត្រាបំពុលបរិស្ថានច្រើន ជាមួយនឹងការរចនារបស់វា។ គួរបញ្ជាក់ផងដែរថា ការបំពុលនេះ ជាការបំពុលបែបវិទ្យុសកម្ម ដែលមានភាពគ្រោះថ្នាក់ខ្លាំងណាស់។  ចំណែកឯ Pratt & Whitney ការរចនាម៉ាស៊ីនរ៉េអាកទ័ររបស់ពួកគេមានលក្ខណៈលំបាក តែមានសុវត្តិភាពច្រើនជាង។ 
 
មកត្រឹមឆ្នាំ១៩៥៨ កាសែត Aviation Week បានចុះផ្សាយអំពីភាពជោគជ័យនៃសហភាពសូវៀតនៅក្នុងការផលិតយន្តហោះដើរដោយនុយក្លេអ៊ែរ ជាមួយនឹងការហោះហើរដោយជោគជ័យរហូតទៅដល់ចំនួនជាង៤០ដង។ ដោយឃើញដូចនេះ សហរដ្ឋអាមេរិកបានវិនិយោគកាន់តែច្រើនឡើងជាមួយនឹងរឿងនេះ។ អតីតប្រធានាធិបតីអាមេរិកលោក Dwight D. Eisenhower បានមានមន្ទិលសង្ស័យជាមួយនឹងភាពជោគជ័យរបស់សហភាពសូវៀត តែក្នុងពេលតែមួយ លោកក៏ចង់ឲ្យសហរដ្ឋអាមេរិកទទួលជោគជ័យនៅក្នុងការស្រាវជ្រាវនេះផងដែរ។ នៅក្នុងអាណត្តិលោកអតីតប្រធានាធិបតី John F. Kennedy លោកបានចុះហត្ថលេខាសម្រេចលុបចោលការពិសោធន៍មួយនេះ ដោយដឹងថា សហភាពសូវៀតបានបញ្ចេញព័ត៌មានក្លែងក្លាយអំពីការពិសោធន៍របស់ពួកគេ ទៅលើយន្តហោះនុយក្លេអ៊ែរនេះ។ 
 
នៅក្នុងឆ្នាំ១៩៩០ នៅពេលដែលសហភាពសូវៀតត្រូវបានដួលរលំ គេបានរកឃើញថាសូវៀតពិតជាបានធ្វើការងារទៅលើយន្តហោះនុយក្លេអ៊ែរពិតមែន តែមិនមែនមានលក្ខណៈប្រសើរតាមតែគេបាននិយាយពីមុននោះឡើយ។ បញ្ហាចំបងគឺនៅត្រង់ការ ដើម្បីការពារពីលុត និងអ្នកដំណើរពីសារធាតុវិទ្យុសកម្ម អ្នកវិស្វករត្រូវការរបាំងយ៉ាងធំ និងក្រាស់ដើម្បីធានានូវសុវត្តិភាព។ តែរបាំងបែបនេះមានលក្ខណៈធំ និងធ្ងន់ខ្លាំងពេក ដែលមិនអាចធ្វើឲ្យយន្តហោះហោះចេញពីដីបានដោយងាយស្រួល។ ចំពោះយន្តហោះនុយក្លេអ៊ែររបស់សូវៀត គេមិនមានផលិតរបាំងដែលមានសុវត្តិភាពល្អនោះឡើយ។ បីឆ្នាំក្រោយពីតេស្តសាកល្បងអ្នកបើកបររបស់សហភាពសូវៀតបានស្លាប់ដោយសារតែការទទួលបរិមាណវិទ្យុសកម្មច្រើនពេក។ថាមពលនុយក្លេអ៊ែរពិតជាផ្តល់ថាមពលខ្លាំងក្លាក្នុងបរិមាណមួយតិចក៏ពិតមែន តែបើនិយាយពីសុវត្តិភាពវិញ មធ្យោបាយមួយបែបនេះមិនអាចធានាឲ្យមានច្បាស់លាស់១០០ភាគរយនោះទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com