ប្រវត្តិនៃការបង្កើតទំនប់វារីអគ្គិសនី
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ប្រវត្តិនៃការបង្កើតទំនប់វារីអគ្គិសនី
13, Sep 2020 , 8:30 pm        
រូបភាព
វារីអគ្គិសនី គឺជាប្រភពនៃការផលិតថាមពលអគ្គិសនីមួយក្នុងចំណោមមធ្យោបាយនៃការបង្កើតថាមពលអគ្គិសនីជាច្រើនទៀត ដែលសព្វថ្ងៃកំពុងតែមានតម្រូវការខ្ពស់នៅតាមទីប្រជុំជន និងទីជនបទនានាពាសពេញផ្ទៃប្រទេស។ ការទាញយកថាមពលចេញពីចលនារបស់ទឹកទាមទារការវិនិយោគ បច្ចេកវិទ្យា និងផ្ទៃទឹកដែលមានលក្ខណៈសមស្របក្នុងការសាងសង់។ នៅក្នុងសតវត្សរ៍ទី២១នេះ ទំនប់វារីអគ្គិសនីមានវត្តមានសឹងតែនៅគ្រប់ទន្លេ ឬស្ទឹងនានាជុំវិញពិភពលោក។ តែបច្ចេកវិទ្យាមួយនេះ មិនមែនជាបច្ចេកវិទ្យាដែលទើបនឹងកកើតនោះទេ។ ដោយឡែក វាគឺជាបច្ចេកវិទ្យាមួយដ៏បុរាណ តាំងពីសម័យមុនគ្រឹស្តសករាជមកម្ល៉េះ។

 
បើតាមការសិក្សាបែបបុរាណវិទ្យាបានឲ្យយើងដឹងថា ការប្រើប្រាស់កម្លាំងទឹកជាមួយនឹងឧបករណ៍ដូចជារហាត់ទឹកដំបូងៗគេមួយចំនួន ត្រូវបានគេប្រើប្រាស់នៅក្នុងរជ្ជកាល Han នៃប្រទេសចិន ក្នុងអំឡុងឆ្នាំ២០២មុនគ្រឹស្តសករាជ រហូតទៅដល់ឆ្នាំទី៩ក្រោយគ្រិស្តសករាជ។ គេបានប្រើប្រាស់វាក្នុងគោលបំណង កិនម្សៅ បំបែកថ្ម ឬក្នុងការផលិតក្រដាសសរសេរជាដើម។ នេះគឺជាការលើកឡើងពីគេហទំព័រ International Hydropower Association ។ 
 
នៅពេលដែលលោក Richard Arkwright បានទាញយកថាមពលទឹកក្នុងការត្បាញ់ផលិតក្រណាត់កប្បាសរបស់លោកក្នុងឆ្នាំ១៧៧១ នៅឯប្រទេសអង់គ្លេស វាគឺជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត ក្នុងការប្រើប្រាស់ថាមពលទឹកសម្រាប់បំពេញការងារធ្ងន់ៗនៅក្នុងរោងចក្រ។ បច្ចេកវិទ្យាទំនើបៗ និងសំខាន់នៃវារីអគ្គិសនីកើតនៅពាក់កណ្តាលសតវត្សន៍ទី១៩។ នៅក្នុងឆ្នាំ១៨២៧ វិស្វករបារាំងម្នាក់មានឈ្មោះថា Benoit Fourneyron បានបង្កើតតួប៊ីនមួយប្រភេទដែលអាចផលិតអគ្គិសនីបានទីដល់៦សេះ ដែលតួប៊ីនគឺជាកង់រង្វិលសំខាន់ក្នុងការផលិតថាមពលអគ្គិសនីតាមលំនាំនៃការបង្កើតដែនអេឡិចត្រូម៉ាញេទិច។ 
 
នៅក្នុងឆ្នាំ១៨៤៩ វិស្វករជនជាតិអង់គ្លេសអាមេរិក លោក James Francis បានបង្កើតតួប៊ីនមួយប្រភេទទៀតដែលមានលក្ខណៈទំនើបជាមុន ហើយក៏ជាតួប៊ីនដែលគេប្រើប្រាស់ច្រើនជាងគេនៅតាមទំបន់វារីអគ្គិសនីសព្វថ្ងៃដែរ។ ក្នុងឆ្នាំ១៩១៣ លោក Viktor Kaplan ដែលជាជនជាតិអូទ្រីសបានបង្កើតតួប៊ីនទំនើបមួយប្រភេទទៀតដែលអាចផ្លាស់ប្តូរមុំនៃស្លាបចាក់របស់វាបាន ដើម្បីតម្រូវទៅតាមល្បឿននៃកម្លាំងទឹកហូរ។ 
 
ទំបន់វារីអគ្គិសនីដែលមានទម្រង់ស្រដៀងគ្នាទៅនឹងសព្វថ្ងៃ នឹងបង្កើតឡើងក្នុងការទាញយកអគ្គសនីតែម្តង គឺត្រូវបានគេបង្កើតឡើងនៅក្នុងទីជនបទមួយមានឈ្មោះថា Northumberland ប្រទេសអង់គ្លេស ក្នុងឆ្នាំ១៨៧៨ ដែលក្នុងពេលនោះ វារីអគ្គិសនីនេះត្រូវបានគេតភ្ជាប់ដើម្បីបំភ្លើចង្កៀងតូចមួយនៅក្នុងគេហដ្ឋានតែប៉ុណ្ណោះ។ បួនឆ្នាំក្រោយមក វារីអគ្គិសនីបែបពាណិជ្ចកម្មដំបូងគេត្រូវបានដាក់ឲ្យដំណើរការនៅឯរដ្ឋ Wisconsin សហរដ្ឋអាមេរិក។ មួយទសវត្សរ៍ក្រោយមក វារីជាច្រើនរយកន្លែងទៀតត្រូវបានចាប់កំណើតឡើងពាសពេញផ្ទៃប្រទេស។ 
 
ចាប់តាំងពីពេលនេះមក វារីអគ្គិសនីបានរីកដុះដាលសឹងតែពាសពេញទ្វីបនានា។ នៅក្នុងសតវត្សន៍ទី២០ ការប្រើប្រាស់ទំបន់វារីអគ្គិសនីមានសន្ទុះកើនឡើងយ៉ាងរហ័យ។ អតីតប្រធានាធិបតីអាមេរិក លោក Franklin Roosevelt បានបង្កើតផែនការ New Deal នៅក្នុងឆ្នាំ១៩៣០ ក្នុងការសាងសង់ ទំបន់ធំៗដូចជា ទំបន់ Hoover និងទំបន់ Coulee ដែលបានផ្គត់ផ្គង់តម្រូវការរបស់ប្រទេសប្រមាណជា៤០ភាគរយនៅក្នុងឆ្នាំ១៩៤០។ តាំងពីក្រោយសង្គ្រាមលោកលើកទី២មក ចលនានៃការអភិវឌ្ឍប្រទេសដែលបានខូតខាត ទាមទារការបង្កើតវារីអគ្គិសនីកាន់តែច្រើន ជាពិសេសប្រទេសនៅក្នុងតំបន់អឺរ៉ុប សូវៀត ជប៉ុន ជាដើម។ នៅក្នុងពេលប៉ុន្មានទសវត្សចុះក្រោយនេះ ប្រេស៊ីស និងចិន ក៏កំពុងដែលផ្តោតសំខាន់ក្នុងការសាងសង់ទំបន់វារីអគ្គិសនីដែរ។ 
 
នៅក្នុងឆ្នាំ១៩៨៤ ប្រេស៊ីស និងបារ៉ាហ្គាយ បានសាងសង់ទំបន់ Itaipu ដែលអាចផលិតអគ្គិសនីរហូតទៅដល់ ១៤០០០មេហ្គាវ៉ាត់ និងទំបន់ Three Gorges របស់ចិន ដែលអាចផលិតអគ្គិសនីរហូតទៅដល់២២៥០០មេហ្គាវ៉ាត់។ ជាមួយនឹងការរីកដុះដាលនេះ អង្កការ និងស្ថាប័នពាក់ព័ន្ធជាច្រើនត្រូវបានគេបង្កើតឡើងក្នុងការពិនិត្យ និងគ្រប់គ្រង់ការសាងសង់នៃទំបន់វារីអគ្គិសនី ដែលអាចប៉ះពាល់ខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់ប្រជាជនក្នុងតំបន់សាងសង់។ នៅក្នុងថ្ងៃខាងមុខ គេនឹងសង្ឃឹមថា ទំបន់វារីអគ្គិសនីនឹងក្លាយជាមធ្យោបាយក្នុងការទាញយកថាមពលបៃតងដ៏សំខាន់ជាគេ ហើយក៏ដើម្បីសម្រេចផែនការ SDGs (Sustainable Development Goals) និងក៏ដើម្បីទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពនៅឲ្យក្រោម២អង្សារសេ ដែលត្រូវបានលើកឡើងនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com