ជាតិ
សង្គមជាតិ
ភស្ដុតាងនៅថែវព្រះពាន់ដែលបញ្ជាក់ថា អង្គរមិនត្រូវបានមនុស្សបោះបង់
× សៀមរាប៖ ឯកសារដែលសរសេរដោយបរទេស បង្ហាញថាអង្គរត្រូវបានរកឃើញឡើងវិញដោយជនជាតិបារាំង បន្ទាប់ពីត្រូវគេបោះបង់ចោលកណ្ដាលព្រៃ។ អ្នកស្រាវជ្រាវខ្មែរបានទាត់ចោលការលើកឡើងនេះ និងបានរកឃើញអំណះអំណាងច្បាស់លាស់ ដែលបញ្ជាក់ថា អង្គរមានមនុស្សរស់នៅមិនដាច់ និងក្លាយជាទីសក្ការៈបូជាដ៏ធំ ក្រោយសម័យអង្គរ។
សាស្រ្ដាចារ្យ និងជាអ្នកសា្រវជ្រាវ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានប្រាប់ថា ថែវព្រះពាន់ គឺជាតឹកតាងដ៏សំខាន់ ដែលបញ្ជាក់ច្បាស់ថា អង្គរមិនត្រូវបានមនុស្សបោះបង់ចោលនោះទេ។ លោកពន្យល់ថា សិលាចារឹកដែលចារក្រោយសម័យអង្គរ និងជាភាសាបរទេសដូចជាអក្សរភូមា ចិន ជប៉ុនជាដើម ដែលជាភស្ដុងតាងដែលបញ្ជាក់យ៉ាងច្បាស់ពីរឿងនេះ គឺពេលនោះអង្គរវត្តក៏ក្លាយជាព្រះវិហារនៃព្រះពុទ្ធសាសនាដែលមានមនុស្សមកគោរពបូជាផងដែរ។ បន្ថែមពីនេះ ព្រះធំៗនៅអង្គរ មានព្រះរយព្រះពាន់ ដែលនៅសព្វថ្ងៃ ព្រះអង្គចេកព្រះអង្គចម (ខាងលិចព្រះរាជដំណាក់) ក៏នាំយកពីថែវព្រះពាន់នេះដែរ។
លោក អ៊ឹម សុខរិទ្ធី ពេលធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលភ្នាក់ងារទេសចរណ៍ នាថ្ងៃទី៨ កញ្ញា ឆ្នាំ២០២០។
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ រូបនេះពន្យល់ទៀតថា ភស្ដុតាងមួយទៀតគឺផ្នែកសិល្បៈ ឬផ្នែកវិទ្យាសាស្រ្ដ នៃផ្ទាំងគំនូរផ្សេងៗដែលមានក្នុងបរិវេណថែវព្រះពាន់ ហើយដែលនៅរក្សាពណ៌បានយ៉ាងស្រស់ស្អាត និងរក្សាគុណភាព ទាំងគុណតម្លៃ នារយៈពេល៨០០ឆ្នាំមកហើយ។ ចំណុចពិសេសមួយទៀត គឺជាច្រកចូលសំខាន់ដើម្បីឡើងទៅជាន់លើ និងអាចចុះមកក្រោមវិញ៕
Tag:
ថែវព្រះពាន់
អង្គរវត្ត
អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com