ជាតិ
សង្គមជាតិ
ពលរដ្ឋនៅសៀមរាបសាទរគម្រោងធ្វើផ្លូវ៣៨ខ្សែ តែថាគួរធ្វើផ្លូវចាស់ និងផ្លូវអាទិភាពមុន
13, Sep 2020 , 4:13 pm        
រូបភាព
សៀមរាប៖ រាជរដ្ឋាភិបាលនៅថ្ងៃទី៤ កញ្ញា បានអនុម័តគម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីក្រុងសៀមរាប ដែលមានតម្លៃ១៥០លានដុល្លារសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍សាទរចំពោះគម្រោងដ៏ធំនេះ និងរំពឹងថា នឹងអាចជួយស្ដារសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្តនេះបានល្អប្រសើរឡើងវិញឆាប់ៗ ពិសេសក្រោយបាត់រលត់ជំងឺកូវីដ១៩។ យ៉ាងណា ពលរដ្ឋមួយចំនួននៅមានការសង្ស័យថា គម្រោងនេះអាចនឹងធ្វើមិនចំគោលដៅឬតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ។ ពួកគេយល់ថា អាជ្ញាធរគួរធ្វើផ្លូវចាស់ឬផ្លូវអាទិភាពមុន ជាជាងសាងសង់ផ្លូវថ្មី។

 
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប បន្ទាប់ពីបានអនុម័តកញ្ចប់ថវិកា១៥០លាន ដើម្បីពន្លឿននូវគម្រោងផែនការមេនេះ។ ទាំងប្រតិបត្តិករ និងពលរដ្ឋ រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានស្អាត អាចស្រូបទាញទេសចរកាន់តែច្រើនថែមមួយកម្រិតទៀត។
 
 
លោក ហង់ វណ្ណៈ ជាប្រតិបត្តិករទេសចរណ៍បានសម្ដែងអារម្មណ៍រីករាយ ជាមួយគម្រោងអភិវឌ្ឍន៍ថ្មីលើផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងនេះ។ លោករំពឹងថា នៅពេលគម្រោងនេះរួចរាល់ខេត្តសៀមរាបនឹងមានសក្កានុពលបន្ថែមទៀតសម្រាប់ទាក់ទាញទេសចរ ពិសេសចប់វិបត្តិជំងឺកូវីដ១៩។
 
ចំណែកលោក លួន អានចំណេះ ក៏លួចរំពឹងខ្ពស់លើការអភិវឌ្ឍនេះដែរ។ ប្រតិបត្តិករទេសចរណ៍រូបនេះសង្ឃឹមថា ផ្លូវក្រុងសៀមរាបនឹងលែងមានដីហ៊ុយដែលបណ្ដាលមកពីរថយន្តដឹកទំនិញធំៗ ដែលបើកកាត់ផ្លូវលំដែលជាខ្នែងជាប់ផ្លូវជាតិ ពេលចូលក្នុងក្រុងម្ដងៗ។ ផ្នែកវិស័យទេសចរណ៍ លោក ចំណេះ ក៏ជឿថាវានឹងបង្កើនភាពស្រស់ស្អាត និងទាក់ទាញទេសចរកាន់តែច្រើន ពិសេសគម្រោងសបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចស្រេចដើម្បីត្រៀមស្វាគមន៍ទេសចរបរទេស ក្រោយស្ងប់ស្ងាត់ជំងឺកូវីដ១៩។
 
 
ចំណែកលោក ទូច សុភ័ក្រ្ដ ជាប្រជាពលរដ្ឋមួយរូប បានសម្ដែងការអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តសៀមរាដែលទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយនេះ។ យ៉ាងណាលោក សុភ័ក្រ្ដ ស្នើឱ្យអាជ្ញាធរអនុវត្តន៍គម្រោងនេះឱ្យមានប្រសិទ្ធិភាព និងជ្រើសរើសផ្លូវដែលប្រជាពលរដ្ឋមានតម្រូវការសម្រាប់ធ្វើការស្ថាបនា ឬកែលម្អឡើងវិញ ជាជាងបង្កើតផ្លូវថ្មី ដែលមិនបានបម្រើតម្រូវការរបស់ប្រជាពលរដ្ឋ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗភ្លាមៗក្រោយរាជរដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងផ្លូវ៣៨ខ្សែដល់ខេត្តសៀមរាប អភិបាលខេត្ត លោក ទៀ សីហា ពន្យល់ថា កន្លងមករដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានចុះមកសិក្សា និងពិនិត្យស្ថានភាពផ្លូវតាមសង្កាត់មួយៗក្នុងក្រុងសៀមរាបរួចហើយ។ យ៉ាងណាលោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តនឹងស្នើសុំពិភាក្សាគ្នាម្ដងទៀតចំពោះការស្ថាបនាផ្លូវទាំង៣៨ខ្សែ ព្រោះកំណត់ផ្លូវថ្នល់ណាដែលប្រជាពលរដ្ឋមានតម្រូវខ្លាំង ជាផ្លូវដែលធ្លាប់ខូចខាត និងជាផ្លូវដែលមានអាទិភាពក្នុងវិស័យទេសចរណ៍៕
 




Tag:
 គម្រោងផ្លូវ៣៨ខ្សែ
  ផែនការមេផ្លូវសៀមរាប
  ផ្លូវថ្នល់
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com