តើអាចម៍ផ្កាយជាអ្វី? វាមានប្រភពមកពីណា?
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើអាចម៍ផ្កាយជាអ្វី? វាមានប្រភពមកពីណា?
13, Sep 2020 , 9:30 pm        
រូបភាព
នៅពេលរាត្រី បើអ្នកពិនិត្យមើលមេឃដោយយកចិត្តទុកដាក់ អ្នកប្រាកដជាអាចជួបប្រទះវត្តមាននៃអាចម៍ផ្កាយហោះកាត់ផ្ទៃមេឃជាមួយនឹងល្បឿនយ៉ាងលឿន និងពន្លឺយ៉ាងភ្លឺ។ ភាគច្រើន អាចម៍ផ្កាយទាំងនោះនឹងឆេះអស់នៅក្នុងស្រទាប់បរិយាកាស និងមិនបង្កបញ្ហាអ្វីដល់អ្នករស់នៅលើដីនោះទេ។ តើវត្ថុក្នុងលំហនេះជាអ្វីទៅ? តើវាមានដើមកំណើតមកពីណា? 

គេហទំព័រ space.com បានធ្វើការពន្យល់ថា អាចម៍ផ្កាយ ឬជាភាសាអង់គ្លេស«Asteriod»គឺជាដុំថ្មដែលជាទំហំពីពីរទីបីម៉ែត្រ រហូតទៅដល់ទំហំជាច្រើនរយគីឡូម៉ែត្រ ដែលមានគន្លងដាលជុំវិញព្រះអាទិត្យដូចជាភពនានាផ្សេងៗដែរ។ អាចម៍ផ្កាយទាំងនេះមានទំហំតូចខ្លាំង ដែលអ្នកជំនាញខាងតារាវិទូមិនអាចចាត់ទុកពួកវាជា«ភព»បានឡើយ។ ទោះបីជាទំហំរបស់វាមានលក្ខណៈតូចមែនក្តី តែវាអាចមានសមត្ថភាពក្នុងការបង្កគ្រោះមហន្តរាយនៅលើភពផែនដីបាន។ 
 
អាចម៍ផ្កាយចាប់កំណើតដំបូងកាលពី៤,៦ពាន់លានឆ្នាំមុន ប្រហាក់ប្រហែលជាដំណាលគ្នាដែរជាមួយនឹងភពដទៃទៀត។ វាជាវត្ថុដែលសេសសល់ពីកំណកំណើតនៃភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ តាមការពិនិត្យតាមតេលេទស្សន៍ អាចផ្កាយដែលមានទំហំធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យគឺ Ceres ដែលមានអង្កត់ផ្ចិតរហូតទៅដល់៩៤០គីឡូម៉ែត្រ។ 
 
ចំណែកឯអាចម៍ផ្កាយដែលតូចជាគេ ដែលគេធ្លាប់ជួបប្រទះមានឈ្មោះថា 2015 TC25 មានទំហំត្រឹមតែ២ម៉ែត្រប៉ុណ្ណោះ។ អាចម៍ផ្កាយតូចៗមានរាងមិនច្បាស់លាស់នោះឡើយ។ នៅលើផ្ទៃរបស់អាចម៍ផ្កាយនីមួយៗ សីតុណ្ហភាពអាចធ្លាក់ចុះទៅដល់៧៣អង្សារសេក្រោមសូន្យ។ នៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ គន្លងអាចម៍ផ្កាយមួយមានផ្ទុកអាចម៍ផ្កាយប្រមាណជាង១,១លានដុំ មានទំហំធំជាង១គីឡូម៉ែត្រ។ ភាគច្រើន វាផ្សំពីរូបធាតុដូចជា ស៊ីលីកូន ដែក អាលុយមីញ៉ូម ម៉ាញេស្យូម និង នីកែល ជាដើម។ 
 
អង្កការ NASA បានលើកឡើងថា អាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ពភផែនដីមានចំនួនតិចខ្លាំងណាស់។ អាចម៍ផ្កាយដែលអាចបង្កឲ្យមានគ្រោះមហន្តរាយលើភពផែនដីបានគួរតែមានទំហំចាប់ពីជាង៥០០ម៉ែត្រឡើង។ ចំពោះអាចម៍ផ្កាយដែលមានទំហំតូចជា២៥ម៉ែត្រ នឹងឆេះអស់ងាយនៅពេលដែលជាធ្វើដំណើរចូលក្នុងបរិយាកាសផែនដី ដោយសារតែការកកិតជាមួយនឹងខ្យល់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com