ហេតុអ្វីយន្តហោះដឹកអ្នកដំណើរមិនចង់ហោះកាត់ជួរភ្នំហិមាល័យ?
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វីយន្តហោះដឹកអ្នកដំណើរមិនចង់ហោះកាត់ជួរភ្នំហិមាល័យ?
13, Sep 2020 , 10:30 pm        
រូបភាព
ការធ្វើដំណើរតាមជើងហោះហើរគឺជាពេលវេលាមួយដ៏ធុញទ្រាន់ តែវាក៏ជាពេលវេលាមួយដែលរំភើបផងដែរក្នុងការគយគន់ទេសភាពសណ្ឋានដីនៅខាងក្រោម ដូចជាទីក្រុង ជួរភ្នំ បឹង ទន្លេ ដោយលាយឡំជាមួយនឹងពពក។ ទោះបីជាយ៉ាងនេះមែនក្តី ជើងយន្តហោះដឹកអ្នកដំណើរតែងចៀសវាងការហោះកាត់ជួរភ្នំហិមាល័យ ដែលជាជួរភ្នំមួយល្បីល្បាញជាងគេនៅក្នុងពិភពលោក។ ខាងក្រោមនេះគឺជាការពន្យល់ខ្លីៗមួយចំនួនដោយដកស្រង់ចេញពីគេហទំព័រ Drive Spark ។

 
ទី១៖ ជាធម្មតាយន្តហោះដឹកអ្នកដំណើរអាចធ្វើដំណើរឡើងទៅដល់កម្ពស់ជាង៩គីឡូម៉ែត្រនៅពេលហោះហើរ។ ចំពោះជួរភ្នំហិមាល័យវិញមានកម្ពស់តែប្រមាណ៦គីឡូម៉ែត្រប៉ុណ្ណោះ ជាមួយនឹងកំពូលភ្នំខ្ពស់ជាងគេដែលមានឈ្មោះថាកំពូលភ្នំ«អេវើរ៉េស»ដែលមានកម្ពស់រហូតទៅដល់ជិត៩គីឡូម៉ែត្រ។ ទោះបីជាយន្តហោះអាចហោះខ្ពស់ពីលើជួរភ្នំហិមាល័យក៏ពិតមែន តែរយៈកម្ពស់ត្រឹមពីរទៅបីគីឡូម៉ែត្រមិនអាចនានាសុវត្តិភាពរបស់អ្នកធ្វើដំណើរនោះឡើយ។ បើយន្តហោះត្រូវនឹងហោះកាត់ជួរភ្នំហិមាល័យ គេត្រូវតែធ្វើដំណើរកាន់តែខ្ពស់បន្ថែមទៀត ដែលធ្វើឲ្យការធ្វើដំណើរកាន់តែលំបាក។ មួយវិញទៀត ចរន្តខ្យល់ដែលមាននៅតាមជួរភ្នំធំៗមានលក្ខណៈស្មុគស្មាញ ដែលធ្វើឲ្យអ្នកបើកបរយន្តហោះពិបាកក្នុងការបើកបរ។ 
 
ទី២៖ ទោះបីជាការហោះហើរកំពុងតែមានភាពជឿនលឿនមែនក្តីពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាបច្ចេកទេសដែលកើតមានពេលកំពុងហោះហើរគឺជារឿងមួយដែលមិនអាចបង្ការបាន។ នៅពេលយន្តហោះមានបញ្ហា អ្នកបើកបរយន្តហោះ នឹងប្រកាសការចុះចតជាអាសន្ននៅតាមអាកាសយន្តដ្ឋានដែលនៅជិតជាងគេតាមតែអាចទៅរួច។ តែនៅតាមតំបន់ភ្នំដែលជាតំបន់ខ្ពង់រាប អាកាសយន្តដ្ឋានដែលអាចទ្រទ្រង់យន្តហោះធំៗបានមិនមានច្រើននោះទេ។ ហេតុដូចនេះ យន្តហោះគួរហោះហើរតាមគន្លងផ្លូវអាកាសណាដែលមានអាកាសយាន្តដ្ឋានច្រើន ជាពិសេសនៅតាមតំបន់ផ្ទៃដីរាប។ 
 
ទី៣៖ នៅពេលដែលយន្តហោះដឹកអ្នកដំណើរបាត់បង់សម្ពាធខ្យល់នៅខាងក្នុងដោយសារហេតុការចៃដន្យណាមួយ អ្នកដំណើរនឹងខ្វះបរិមាណខ្យល់អុកស៊ីសែនក្នុងការដកដង្ហើម ដោយសារតែយន្តហោះធ្វើដំណើរនៅក្នុងរយៈកម្ពស់ខ្ពស់។ ម៉ាសអុកស៊ីសែននៅក្នុងយន្តហោះអាចទ្រទ្រង់អ្នកដំណើរបានតែប្រមាណ២០នាទីប៉ុណ្ណោះ។ ហេតុដូចនេះ អ្នកបើកបរយន្តហោះ ត្រូវចាំបាច់បន្ទាបរយៈកម្ពស់យន្តហោះមកនៅក្រោម ៣០០០ម៉ែត្រ បើគិតពីកម្ពស់ទឹកសមុទ្រ ដើម្បីទទួលយកបរិមាណអុកស៊ីសែនគ្រប់គ្រាន់ក្នុងការដកដង្ហើម។ បើអ្នកកំពុងហោះហើរលើជួរភ្នំហិមាល័យ ការចុះមកក្រោមកម្ពស់៣០០០ម៉ែត្រគឺជារឿងមិនអាចទៅរួចនោះទេ។ នៅមានបញ្ហាមួយចំនួនទៀតដូចជាភាពលំបាកក្នុងការទាក់ទងតាមប្រព័ន្ធរ៉ាដា និងការខ្សត់អ្នកដំណើរក្នុងតំបន់ខាងលើនេះជាដើម ដែលធ្វើឲ្យយន្តហោះដឹកអ្នកដំណើរធំៗមិនហោះហើរកាត់ជួរភ្នំហិមាល័យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com