អនុបណ្ឌិតកសិកម្ម ខេង សុគន្ធា តាំងចិត្តចែករំលែកចំណេះដឹងកសិ-ធុរកិច្ចដល់សហគមន៍
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អនុបណ្ឌិតកសិកម្ម ខេង សុគន្ធា តាំងចិត្តចែករំលែកចំណេះដឹងកសិ-ធុរកិច្ចដល់សហគមន៍
13, Sep 2020 , 9:59 pm        
រូបភាព
កញ្ញា ខេង សុគន្ធា គឺជាសិស្សដែលបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មកសិកម្ម និងសហគ្រិនភាព នៅប្រទេសហ្វីលីពីន។ បច្ចុប្បន្ន អ្នកខេត្តកណ្តាល វ័យ២៦ឆ្នាំរូបនេះ គឺជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនសាងសង់មួយ ដែលជាអាជីវកម្មរបស់ឪពុកនាង។ ជាអ្នកសិក្សាផ្នែកកសិកម្ម យុវតីរូបនេះ មើលឃើញថា មានយុវជនច្រើនដែលបានមើលរំលងពីសក្តានុពលវិស័យកសិកម្ម ដោយពួកគេទំនងយល់ថាការរៀនកសិកម្ម ឬធ្វើកសិកម្ម ជាការងារក៏លំបាក។ ប៉ុន្តែ សម្រាប់ កញ្ញា ខេង សុគន្ធា រៀនកសិកម្មមិនមែនចាំបាច់ទាល់តែកូនកសិករ ឬរៀនចប់ទៅធ្វើស្រែ ចម្ការនោះទេ ប៉ុន្តែការងារពាក់ព័ន្ធនឹងកសិកម្មនេះមានច្រើនទាំងក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ យុវតីរូបនេះ អះអាង ប្រាប់សារព័ត៌មាន Thmeythmey25 ថា នាងនឹងព្យាយាមជួយជំរុញវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន តាមរយៈការចែករំលែកពោសោធន៍របស់ខ្លួនទៅដល់យុវជន និងកសិករ ជាពិសេសគឺការធ្វើធុរកិច្ចពាក់ព័ន្ធនឹងវិស័យកសិកម្ម។ 

 
កាលពីអំឡុងឆ្នាំ២០១១ ពោលគឺបន្ទាប់ចប់បាក់ឌុប កញ្ញា ខេង សុគន្ធា ដែលជាកូនអ្នកជំនួញខ្នាតមធ្យមមួយនៅខេត្តកណ្តាល ក្រោយមកផ្លាស់មកនៅរាជធានីភ្នំពេញ មានឱកាសទៅលេងស្រុកកំណើតរបស់ឪពុក នៅខេត្តតាកែវ។ ពេលនោះ គឺដល់រដូវច្រូតកាត់ល្មម  ហើយ សុគន្ធា ក៏បានសាកល្បងចុះស្រែជួយច្រូតស្រូវរបស់ជីដូន ហើយជាការច្រូតស្រូវលើកដំបូងបំផុត នៅក្នុងជីវិតរបស់នាង។ ដ្បិតតែនាងរីករាយ នឹងបទពិសោធន៍ដ៏ថ្មីសន្លាងនេះ តែ សុខគន្ធា មិនសប្បាយចិត្តសោះ នៅពេលដែលនាងឃើញជីដូនលក់ស្រូវដែលប្រមូលផលបាន នៅក្នុងតម្លៃទាប ទៅឲ្យឈ្មួញកណ្តាលដែលមកទិញស្រូវដល់ស្រែនោះ។ 
 
 
ក្នុងស្ថានភាពនេះ ធ្វើឲ្យនាងគិតថា ហេតុអ្វីយាយរបស់នាង និងកសិករផ្សេងទៀត លក់ស្រូវក្នុងតម្លៃទាប? ហើយលក់ទាំងស្រូវនៅសើម តើការលក់បែបនេះចំណេញដែរទេ? ចម្ងល់ទាំងនេះ ហើយបានជំរុញចិត្ត ឲ្យយុវតី សុគន្ធា បារៀនជំនាញពាក់ព័ន្ធនឹងកសិកម្ម ហើយស្វែងយល់ពីវិស័យនេះ ឲ្យកាន់តែច្បាស់។  នាង ក៏សម្រេចសិក្សាជំនាញសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាឆ្នាំ២០១១ ដោយឥតគិតបានគិតគូរមុនយូរនោះទេ។ ការសម្រេចចិត្តសិក្សាជំនាញកសិកម្មភ្លាមៗនេះ ដ្បិតមិនមានការជំទាស់ពីក្រុមគ្រួសារ ប៉ុន្តែនាងរងការចំអកពីអ្នកជុំវិញខ្លួន ដោយសារតែឪពុកម្តាយខ្លួន មិនមែនជាអ្នកប្រកបរបរកសិកម្ម។ កញ្ញា ខេង សុគន្ធា រំឭកប្រាប់សារព័ត៌មាន Thmeythmey25 ថា៖«ដោយសារតែខ្ញុំមិនមែនជាកូនអ្នកចំការ ទើបគេតែងថាឲ្យខ្ញុំ បើគ្មានដីមួយដុំអ៊ីចឹង រៀនកសិកម្ម ចេញមកធ្វើអី? ចេញមកធ្វើស្រែ មិនមែន?»។
 
ពាក្យឡកឡើយទាំងអស់នោះ មិនបានធ្វើឲ្យយុវតីមកពីខេត្តកណ្ដាលម្នាក់នេះ បោះបង់ការសិក្សានោះទេ ប៉ុន្តែវាបានជំរុញឲ្យនាង ដើរទៅមុខមិនរាថយ។ កញ្ញា ខេង សុគន្ធា បានបន្តប្រាប់ Thmeythmey25 ថា៖«បន្ទាប់ពីឈានជើងចូលសាលាកសិកម្ម ទើបខ្ញុំដឹងថាមិនចាំបាច់ទាល់តែមានដី ឬទាល់តែយើងជាកូនកសិករ ទើបរៀនជំនាញនោះបានទេ  ព្រោះពាក្យថាកសិកម្ម មិនមែនសំដៅតែលើការធ្វើស្រែ ចិញ្ចឹមសត្វមួយមុខ។ ផ្ទុយទៅវិញ យើងអាចធ្វើការងារបានច្រើននៅតាមអង្គការ ក្រសួង ក្រុមហ៊ុននានា»។
 
 
អំឡុងរៀនជំនាញអភិវឌ្ឍជនបទនៅសាលាកសិកម្មយុវតីវ័យ ២៦ឆ្នាំរូបនេះ ក៏បានរៀនជំនាញភាសាអង់គ្លេសមួយសាលាទៀត។ ហើយរាល់ថ្ងៃចុងសប្ដាហ៍ យុវតីរូបនេះមិនទុកខ្លួនទំនេរ ឆ្លៀតធ្វើការងារស្ម័គ្រចិត្ត ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយ និងគម្រោងស្រាវជ្រាវ លើកសិកម្មផងដែរ។ ការបែងចែកពេលវេលាវាមានការពិបាក ព្រោះតែការរៀននៅសាលាកសិកម្ម តម្រូវឲ្យសិស្សនិស្សិត ចុះកម្មសិក្សាតាមសហគមន៍ជាញឹកញាប់។ ម្យ៉ាង សុគន្ធា ក៏មានតួនាទីជាអគ្គលេខាធិការនៃសមាគមនិស្សិតប្រចាំសាកលវិទ្យាល័យ ជាអ្នកដោះស្រាយបញ្ហាផ្សេងៗ ជូននិស្សិត និងជាអ្នកដឹកនាំសកម្មភាពនិស្សិតចូលរួមការងារសង្គមជាដើម។
 
ដោយសារសាលានីមួយៗ តម្រូវឲ្យនិស្សិតមានកិច្ចការស្រាវជ្រាវច្រើន វាពិតជាលំបាកសម្រាប់នាងក្នុងការចែកពេលវេលា ទើបនាងសម្រេចបោះបង់ជំនាញភាសាអង់គ្លេសនៅឆ្នាំទី៣។ សុគន្ធា បានរៀបរាប់បន្តថា ៖«ការរៀនជំនាញកសិកម្ម និស្សិតត្រូវចុះតាមសហគមន៍ច្រើន ពិសេសនៅតាមខេត្តនានា ពិសេសនិស្សិតស្រីៗ មិនមែនជាការស្រួលនោះទេ។ រឿងលំបាកក្នុងពេលចុះសហគមន៍សម្រាប់និស្សិតកសិកម្ម គឺមិនសូវមានការចូលរួមពីកសិករ ដែលអាចឲ្យនិស្សិតមានភាពងាយស្រួលក្នុងការប្រមូលទិន្នន័យ។ ម្យ៉ាងមិនសូវមានការលើកទឹកចិត្តនោះទេសម្រាប់និស្សិតស្រីដែលរៀនកសិកម្ម»។
  កញ្ញា សុគន្ធា ទទួលពានរង្វាន់ជានិស្សិតឆ្នើមនាប្រទេសហ្វីលីពីន 
 
 ទោះបីការរៀនកសិកម្មមានផលលំបាក ប៉ុន្តែក៏ធ្វើឲ្យ សុគន្ធា មានឱកាសផ្លាស់ប្ដូរបទពិសោធន៍ជាមួយនិស្សិតបរទេសដូចជា ប្រទេសជប៉ុន ថៃ និងឥណ្ឌូណេស៊ី។ សកម្មភាពទាំងនេះគួបផ្សំ បទពិសោធន៍ការងារ ភាពរួសរាយ និងពូកែទំនាក់ទំនង ទើបនាងមានឱកាសទទួលអាហារូបករណ៍អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មកសិកម្ម និងសហគ្រិនភាព នៅប្រទេសហ្វីលីពីន ដែលសុគន្ធា ថា ជាសាកលវិទ្យាល័យនាំមុខផ្នែកសិកម្មរបស់ហ្វីលីពីន ហើយមាននិស្សិតរៀនផ្នែកកសិកម្មជាង ១ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។
 
ក្នុងនាមជានិស្សិត ដែលបានទៅសិក្សានៅក្រៅប្រទេស សុគន្ធា បានបង្ហាញពីការព្រួយបារម្ភ ពីចំនួននិស្សិតផ្នែកកសិកម្មកម្ពុជាថយចុះ។ កញ្ញា ខេង សុគន្ធា លើកឡើងដូច្នេះ៖«វាជារឿងមួយដែលគួរឲ្យបារម្ភ ដ្បិតកសិកម្មកម្ពុជា នៅត្រូវការធនធានមនុស្សច្រើន ដើម្បីចូលរួមជួយពង្រឹងវិស័យនេះ ឲ្យកាន់តែរីកចម្រើន ពិសេសបង្កើនការផលិត និងកាត់បន្ថយការនាំចូល ឬនាំចូលតែផលិតផលណា ដែលយើងពិបាកផលិតនៅក្នុងស្រុក»។
 
 
អំឡុងពេលសិក្សាអនុបណ្ឌិតនៅហ្វីលីពីន គន្ធា ត្រូវបានជាប់ឈ្មោះជាប្រធានសមាគមនិស្សិតអន្តរជាតិប្រចាំសាកលវិទ្យាល័យ ជាអ្នកដឹកនាំក្រុមនិស្សិតប្រមាណ ២០០នាក់ មកពីប្រទេសផ្សេងគ្នា ២២ប្រទេស រហូតឆ្នាំ២០១៩ ត្រូវបានសាកលវិទ្យាល័យ ប្រគល់ពានរង្វាន់ជាអ្នកដឹកនាំឆ្នើម។ ក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតនាចុងឆ្នាំ ២០១៩ សុគន្ធា បានត្រលប់មកជួយការងារក្រុមហ៊ុនគ្រួសារនាង ដោយទទួលការងារជាអ្នកគ្រប់គ្រង ក្រុមហ៊ុនសាងសង់ផ្សារបែបសហគមន៍ ដោយធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកសាងផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋមានកន្លែងលក់ដូរផលិតផលនានា ព្រមទាំងផលិតផលកសិកម្មឲ្យបានត្រឹមត្រូវ។ 
 
ការរួមចំណែករបស់ កញ្ញា ខេង សុគន្ធា នៅក្នុងការជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា មិនមែនបញ្ចប់ត្រឹមការកាន់ការងារគ្រប់គ្រងនៅក្រុមហ៊ុនសាងសង់នោះទេ ប៉ុន្តែយុវតីរូបនេះ ថាខ្លួននឹងព្យាយាមរកឱកាស និងអភិវឌ្ឍន៍ខ្លួន ទៅជាគ្រូបង្រៀន ឬជាអ្នកចែករំលែកចំណេះដឹងពីកសិធុរកិច្ច ទៅដល់យុវជន និងកសិករ។ «ទោះបីជាខ្ញុំ មិនអាចជួយអភិវឌ្ឍវិស័យនេះ ក្នុងសង្គមជាតិទាំងមូល តែខ្ញុំគិតថា ខ្ញុំអាចចូលរួមជាចំណែកមួយ ក្នុងការជួយអភិវឌ្ឍក្នុងតំបន់ ឬសហគមន៍ណាមួយ ដែលកំពុងជួបប្រទះបញ្ហាលើវិស័យនេះ ជាពិសេសគឺពាក់ព័ន្ធ នឹងការធ្វើពាណិជ្ជកម្មលើវិស័យនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ខេង សុគន្ធា៕
 
 

 


Tag:
 ខេង សុគន្ធា
 កសិកម្ម
 កសិ-ធុរកិច្ច
  តាកែវ
  កណ្តាល
  អប់រំ
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com