ជាតិ
សង្គមជាតិ
ផ្ទះស្នាក់បៃតង រមណីយដ្ឋានកែច្នៃថ្មីមួយទៀតនៅស្រុកបន្ទាយស្រី
14, Sep 2020 , 7:59 am        
រូបភាព
ដោយ:
ផ្ទះស្នាក់បៃតង គឺជារមណីយដ្ឋានកែច្នៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី។ អភិបាលស្រុកបន្ទាយស្រីរំពឹងថា រមណីយដ្ឋានកែច្នៃមួយនេះ នឹងទាក់ទាញទេសចរក្នុងស្រុកបានកាន់តែច្រើន។

 
រមណីយដ្ឋានកែច្នៃផ្ទះស្នាក់បៃតង  គឺជាគោលដៅទេសចរណ៍ថ្មីមួយ របស់ស្រុកបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំត្បែង។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសៀមរាប។ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់នៅទំព័រហ្វេសប៊ុករបស់ខ្លួនថា ផ្ទះស្នាក់បៃតង នឹងអាចទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរក្នុងស្រុក មកលេងកម្សាន្តកាន់តែច្រើន នាអំឡុងពេលសម្រាកលំហែកាយ។
 
 
តាមអភិបាលស្រុកបន្ទាយស្រីដដែល ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល បូករួមនឹងទឹកធ្លាក់យ៉ាងត្រជាក់ គឺជាចំណុចពិសេស និងលេចធ្លោបំផុត នៃរមណីយដ្ឋានផ្ទះស្នាក់បៃតង។ លើសពីនេះ ទេសចរទេសចរ អាចសម្រាក បន្ទូរអារម្មណ៍ជាមួយនឹងទិដ្ឋភាពយ៉ាងខៀវស្រងាត់នៅជុំវិញតំបន់ផ្ទះស្នាក់បៃតង, ងូតទឹកឬជិះទូកលេងកម្សាន្ត, ស្ទូចត្រី, និងអាចបោះតង់នៅទីនោះបានទៀតផង។ «ជារៀងរាល់ថ្ងៃចុងសប្ដាហ៍ តែងមានភ្ញៀវទេសចរ ដែលមកពីតំបន់ឆ្ងាយៗ តែងឈាងចូលលេងកម្សាន្ត និងសម្រាកលំហែកាយជាលក្ខណៈគ្រួសារ យ៉ាងសប្បាយរីករាយនៅទីនេះ»។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់។ 
 
ស្រុកបន្ទាយស្រី គឺជាគោលដៅទេសចរណ៍សំខាន់បំផុតមួយ ក្នុងខេត្តសៀមរាប ព្រោះបន្ទាយស្រី សម្បូរទៅដោយទីតាំងកម្សាន្តស្អាតប្លែក ដូចជាប្រាសាទបន្ទាយស្រី,រមណីយដ្ឋានធម្មជាតិភ្នំគូលែន, បឹងឈូក, ភូមិព្រះដាក់, និងសួនផ្កាចម្រុះពណ៌ជាដើម៕
 
 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com