ស្វែងយល់ពីបច្ចេកទេសខ្លះៗ ដើម្បីដាំទុរេន ទទួលបានទិន្នផលល្អ
ជាតិ
សង្គមជាតិ
ស្វែងយល់ពីបច្ចេកទេសខ្លះៗ ដើម្បីដាំទុរេន ទទួលបានទិន្នផលល្អ
14, Sep 2020 , 8:30 am        
រូបភាព
«ទុរេន» ត្រូវបានគេចាត់ទុកជាស្ដេចផ្លែឈើ។ ទោះបីវាមានក្លិនមិនល្អក៏ពិតមែន តែមានរសជាតិឆ្ងាញ់ដែលសម្បូរដោយវីតាមីន និងសារធាតុរ៉ែ។ នៅពេលទុំសាច់របស់វាមានពណ៌លឿងស្រស់គួរឲ្យចង់ទទួលទាន។ ហើយក្រៅពីអាចហូបសាច់ផ្ទាល់ គេក៏អាចយកច្នៃជា ការ៉េម បង្អែម ដំណាប់ ស្ករគ្រាប់ជាដើម។ សម្រាប់កម្ពុជា ដំណាំទុរេនក៏ជាដំណាំហូបផ្លែដែលពេញនិយម តែក៏ជាដំណាំរើសតំបន់ ត្រូវដាំតាមបច្ចេកទេសផងដែរ។

 
ថ្ងៃនេះសារព័ត៌មានThmeyThmey25 បានដកស្រង់បច្ចេកទេសក្នុងការដាំទុរេនពីឯកសារនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ដើម្បីចែករំលែកដល់បងប្អូនដែលមានបំណងស្វែងយល់ឲ្យកាន់តែពីដំណាំទុរេន។ ដំណាំទុរេន សមស្របជាមួយបរិយាកាសសើម និងមានរបាយទឹកស្មើគ្នា។ ការលូតលាស់ល្អបំផុតសម្រាប់ដែលមានស្រទាប់លើក្រាស់ ដីល្បាយលាយឥដ្ឋ ដែលមានសារធាតុសរីរាង្គ។ 
 
ការរើសពូជនិងរៀបចំដី៖ ពូជទុរេនដែលគេនិយមដាំគឺពូជ ម៉ាន់ថង ឪខាក់ និងចាន់នី។ ត្រូវរើសពូជដែលអាចបន្សាំទៅនឹងអាកាសធាតុ មានសុខភាពល្អ។ ហើយការរើសកូនទៅដាំ ត្រូវរើសកូនដែលធំល្មម ដែលមានការថែរក្សានៅក្នុងថ្នាលបណ្ដុះកូនចាប់ពី ១ឆ្នាំ។ ត្រូវរៀបចំដីឲ្យស្មើជាសិន មុនចាប់ផ្ដើមដាំ ហើយត្រូវរៀបចំឲ្យមានប្រព័ន្ធទឹកឲ្យបានល្អផង។ ដោយឡែកវិធីសាស្រ្តជ្រើសពូជមានច្រើន ដូចជាគេអាចបណ្ដុះគ្រាប់ បំបៅមែក និងការផ្សាំដោយតមែកជាដើម។
 
វិធីដាំ៖ ជីករណ្ដៅសមល្មមជាកូនទុរេន។ បន្ទាប់មកត្រូវដកកូនទុរេនពីថង់បណ្ដុះ និងកុំឲ្យបែកដី។ ដាក់កូនក្នុងរណ្ដៅរួច ត្រូវយកដីបាតរណ្ដៅទៅដាក់ផ្នែកខាងលើ និងបង្ហាប់ដីឲ្យណែនល្មម។ កូនទុរេនមិនអាចធន់នឹងកម្ដៅថ្ងៃបានទេ ដូច្នេះបន្ទាប់ពីដាំត្រូវធ្វើជាម្លប់ដើម្បីគ្របវា អាចប្រើជាធាងស្លឹកដូង ឬត្នោត និងសំណាញ់។ 
 
ការថែទាំ៖ សម្អាតស្មៅនៅជុំវិញគល់ឲ្យបានទៀតទាត់ និងធ្វើកំពែងជុំវិញគល់មុនពេលដាក់ជីបំប៉ន។ ប៉ុន្តែបើយើងប្រើប្រព័ន្ធស្រោចស្រពដំណក់ទឹក មិនចាំបាច់ធ្វើកំពែងនោះទេ។ ដោយសារទុរេន ជាដំណាំរយៈពេលយូរ ដូច្នេះយើងអាចដាំដំណាំរួមផ្សំផ្សេងៗបាន។ ដោយឡែកសម្រាប់ការដាក់ជី ត្រូវមានការប្រុងប្រយ័ត្នបន្តិច ព្រោះបើដាក់មិនបានត្រឹមត្រូវអាចប៉ះពល់ដល់ទិន្នផល និងរសជាតិទុរេន។ ត្រូវប្រើជីធម្មជាតិឲ្យច្រើនជាងជីគីមី ទើបជាការល្អសម្រាប់ដំណាំទុរេន។
 
ចំពោះសត្វល្អិតដែលបំផ្លាញដំណាំទុរេនច្រើនជាងគេមាន ខ្ញុង ដង្កូវចោះមែក ចៃ។ ក្នុងលក្ខខណ្ឌមានបញ្ហាសត្វចង្រៃបំផ្លាញដំណាំទុរេន ត្រូវប្រើវិធានការកំចាត់សត្វចង្រៃទាំងនោះដោយថ្នាំគីមី តែត្រូវធ្វើតាមការណែនាំរបស់គេ ជៀសវាងប្រើលើសកម្រិត។ ប៉ុន្តែយើងក៏អាចប្រើវិធីធម្មជាតិ ដើម្បីកំចាត់សត្វចង្រៃបានដែរ ដោយប្រើខ្ទឹមស ៥០០ក្រាម បុកឲ្យម៉ត់រួចត្រាំក្នុងប្រេង មីណេរ៉ាល់ចំណុះ ៥០មីលីលីត ២៤ម៉ោង។ បន្ទាប់មកលាយជាមួយទឹក ១លីត្រនិងម្សៅសាប៊ូ ២០មីលីក្រាម រួចកូរឲ្យសពនិងច្រោះឲ្យស្អាត ហើយយកទឹក ១០លីត្របន្ថែមពីលើរួចបាញ់ទៅលើដំណាំទុរេន។
 
ការប្រមូលផល៖ សម្រាប់ពូជមាន់ថងយើងអាចកំណត់ការប្រមូលផលទុរេនចាប់ពីចេញក្ដិប រហូតទុំមានរយៈពេលប្រហែល ១២៥ថ្ងៃ។ យើងអាចសំគាល់លើសំបកទុរេន ពីបៃតងទៅខៀវដិត លាយពណ៌ត្នោត ឬខៀវលាយប្រផេះ ចុងបន្លាស្ងួត រងចង្អូរបន្លាមានពណ៌ត្នោតខ្លោច និងមានកន្ទួលតូចៗ នៅជុំវិញគល់បន្លា ទងផ្លែមានពណ៌ត្នោតស្រគាំ។ ជាទូទៅការប្រមូលផល គេធ្វើនៅពេលទុរេនទុំស្រគាល រួចទុក ២ ទៅ ៣ថ្ងៃទើបទុរេនទុំល្អ និងមានរសជាតិឆ្ងាញ់។ សម្រាប់ដំណាំទុរេន អាចទទួលផលចាប់ពីឆ្នាំទី៣ និងទី៤ បន្ទាប់ពីដាំ និងមានអាយុចាប់ពី ២០ ទៅ ២៥ឆ្នាំ។ យ៉ាងណាក៏ដោយនេះគ្រាន់តែជាដំណាក់កាលសំខាន់ៗ មួយចំនួនក្នុងការដាំដុះដំណាំទុរេន ដែលអាចឲ្យកសិករស្វែងយល់បន្ថែម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com