អជ្ញាធររឹបអូសបង្គាចាក់បញ្ចូលចាហួយ ២៨គីឡូ ក្នុងក្រុងស្ទឹងសែន
ជាតិ
សង្គមជាតិ
អជ្ញាធររឹបអូសបង្គាចាក់បញ្ចូលចាហួយ ២៨គីឡូ ក្នុងក្រុងស្ទឹងសែន
13, Sep 2020 , 5:59 pm        
រូបភាព
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះដកហូតបង្គាចាក់បញ្ចូលចាហួយចំនួន ២៨គីឡូ ដែលបង្កផលប៉ះពាល់ចំពោះសុខភាពពលរដ្ឋ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 
មន្រ្តីជំនាញអគ្គនាយកដ្ឋាន បានពិនិត្យ និងវិភាគលើតូបលក់គ្រឿងសមុទ្រពីរស្ដង់ ដើម្បីស្វែងរកសារធាតុហាមឃាត់ណាមួយ ដែលអាចប៉ះពាល់អ្នកបរិភោគ។ ជាលទ្ធផលមន្ត្រីជំនាញក៏បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ២៨ គីឡូក្រាម ដែលស្ថិតនៅទីតាំងខាងលើ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដើម្បីដកហូតបង្គាទាំងនោះ ទៅដុតកម្ទេចចោល។
  រូបភាព(អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ)

យ៉ាងណាមិញមន្រ្តីជំនាញមិនបានបង្ហាញនោះទេថាបង្គាទាំងនោះមានប្រភពមកពីណា ប៉ុន្តែអជ្ញាធរបានណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាកម្ម ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
 
សូមបញ្ជាក់ថាសកម្មភាពនេះបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ រវាងមន្រ្តីនៃមន្ទីពាណិជ្ជកម្មខេត្តកំពង់ធំ សហការជាមួយអជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យម្ហូបអាហារនៅផ្សារថ្នល់បែក ស្រុកស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com