COVID-19
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ នឹង​លើកចោល​បម្រាម​រឹតត្បិត​នៅ​ថ្ងៃទី​២១ ខែកញ្ញា​
14, Sep 2020 , 9:59 am        
រូបភាព
លោកស្រី ចាស៊ីនដា អាឌើន នាយករដ្ឋមន្រ្តីនូវែលសេឡង់។ រូបភាព៖ AFP
លោកស្រី ចាស៊ីនដា អាឌើន នាយករដ្ឋមន្រ្តីនូវែលសេឡង់។ រូបភាព៖ AFP
​នាយករដ្ឋមន្ត្រី លោកស្រី​ចា​ស៊ីន​ដា អា​ឌើ​ន (Jacinda Ardern) នៅ​ថ្ងៃទី​១៤ ខែកញ្ញា បាន​លើកឡើងថា នូ​វែ​ល​សេ​ឡង់ នឹង​លើក​ចោលការ​រឹតត្បិត​នៅ​ទូទាំងប្រទេស​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខ ប៉ុន្តែ​ទីក្រុង Auckland ដែលជា​កន្លែង​ផ្ទុះ​COVID-19 ចុងក្រោយ នៅតែ​បន្ត​ស្ថិតក្រោម​ការ​រឹតត្បិត​ដដែល​។​



​ទីក្រុង Auckland ត្រូវបាន​រាយការណ៍​ថា​គឺជា​កន្លែង​ផ្ទុះ​COVID-19 ចុងក្រោយ​របស់​នូ​វែ​ល​សេ​ឡង់​។ ករណី​ផ្ទុះ​ដំបូង នៅក្នុង​ទីក្រុង​មួយ​នេះ មិនទាន់​ត្រូវបាន​គេ​រកឃើញ​ប្រភព​ចម្លង​នៅឡើយ​ទេ បើទោះបីជា​អាជ្ញាធរ​សុខាភិបាល បានដាក់​ការសង្ស័យ​លើ​ឃ្លាំង​ក្លាសេ​មួយកន្លែង​ក៏ដោយ​។ ជាមួយ​វិធានការ​រឹតត្បិត និង​ទប់ស្កាត់​COVID-19 នូ​វែ​ល​សេ​ឡង់ បាន​ទប់ស្កាត់​COVID-19 បានល្អ​ប្រសើរ​នៅក្នុង​ប្រទេស​។ 
 
​ដោយមាន​ករណី​ឆ្លង​បាន​ធ្លាក់​ចុះមក​ក្នុង​ចំនួន​តិចតួច ដែលមាន​ករណី​ឆ្លង មួយ ឬ​ពីរ​ករណី​ក្នុង​មួយថ្ងៃ នូ​វែ​ល​សេ​ឡង់ បានសម្រេច​លើកចោល ការ​រឹតត្បិត​នៅក្នុង​ប្រទេស នា​ថ្ងៃទី​២១ ខែកញ្ញា​ខាងមុខ​។ បើតាម​ការអះអាង​រប​ស់លោក​ស្រី​នាយករដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ឌើ​ន នូ​វែ​ល​សេ​ឡង់​សម្រេច​លុបចោល​ការ​រឹតត្បិត ការរក្សា​គម្លាត​លើ​យន្តហោះ និង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ទាំងអស់​នៅក្នុង​ប្រទេស​។ ចំណែក​ទីក្រុង​Auckland រដ្ឋាភិបាល​នឹង​ពិចារណា នៅ​សប្តាហ៍​ក្រោយ​។ 
 
​នៅ​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ មនុស្ស​ជាច្រើន​ពាន់​នាក់​នៅក្នុង​ទីក្រុង​Auckland បាន​ជួបប្រជុំគ្នា ដើម្បី​ប្រឆាំងនឹង​វិធានការ​រឹតត្បិត​របស់​រដ្ឋាភិបាល ដោយ​ក្រុម​តវ៉ា​មិនបាន​គោរព​វិធាន​ការរក្សា​គម្លាត ឬ​ការពាក់​ម៉ាស់​អ្វី​ឡើយ​។ «​យើង​នៅ​កន្លែង​នេះ ក្នុងថ្ងៃនេះ ដោយសារ​យើង​ជឿថា យើង​ត្រូវការ​ក្រោកឈរ​ទាមទារ សិទ្ធិ​របស់​ពួកយើង​»​។ នេះ​បើតាម​ការអះអាង​របស់ Jami-Lee Ross អ្នករៀបចំ​ឲ្យ​មានការ​តវ៉ា​ម្នាក់ និង​ជា​មេដឹកនាំ​របស់​បក្ស​នូ​វែ​ល​សេ​ឡង់​ចម្រើន​ទៅមុខ (Advance New Zealand party)​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា នូ​វែ​ល​សេ​ឡង់ មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ១៧៩៨​ករណី អ្នកស្លាប់​មាន​ចំនួន ២៤​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១៦៧៨​នាក់​៕ 

Tag:
 នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com