កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ថា ស្តាយដែលមិនបានវ៉ៃ Alvaro ដែលប្រើសម្ដីរើសអើងពូជសាសន៍ដាក់ខ្លួន
14, Sep 2020 , 11:10 am        
រូបភាព
Paris Saint-Germain បានរងបរាជ័យជាលើកទីពីរក្នុងក្របណ្ឌ Ligue1 ក្រោយចាញ់ Marseille ១-០ ដែលមានកីឡាករ៥នាក់ទទួលបានកាតក្រហម។ Neymar ដែលបានកាតក្រហមបណ្តេញចេញដែរនោះ ថាខ្លួនស្តាយណាស់ដែលមិនបានវ៉ៃ Alvaro Gonzalez ឲ្យចំកណ្តាលមុខ។



តារាឆ្នើម Neymar ស្ថិតក្នុងចំណោមកីឡាករ៣នាក់របស់ PSG ដែលទទួលបានកាតក្រហមក្នុងជំនួប Le Classique ដែលបញ្ចប់ទៅយ៉ាងច្របូកច្របល់ក្នុងកីឡដ្ឋាន Parc des Princes នៅយប់ថ្ងៃទី១៣ ខែកញ្ញា។ កីឡាករ២នាក់របស់ Marseille ក៏ត្រូវបានពិន័យកាតក្រហមនៅចុងម៉ោងដែរ។ 
 
មូលហេតុដែល Neymar ត្រូវបណ្តេញចេញ ក្រោយអាជ្ញាកណ្តាលពិនិត្យមើល VAR ឃើញថា រូបគេបានវាយក្បាល Gonzalez ពីក្រោយអំឡុងពេលកីឡាករក្រុមទាំងពីរកំពុងមានជម្លោះ។
 
 

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បានចោទ Gonzalez ថាបានបង្ហាញការរើសអើងជាតិសាសន៍ទៅលើខ្លួន ទើបរូបគេវាយខ្សែការពាររបស់ក្រុម Marseille មួយនេះចំក្បាលពីក្រោយ។ Neymar បានប្រាប់រឿងនេះឲ្យមន្ត្រីអាជ្ញាកណ្តាលទី៤ បានដឹង នៅពេលរូបគេដើរចេញពីតារាង។
 
ក្រោយការប្រកួត Neymar បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដោយសរសេរថារូបគេសមតែដាល់ Gonzalez កីឡាករសញ្ជាតិអេស្ប៉ាញឲ្យចំកណ្តាលមុខ។ «ការសោកស្តាយតែមួយគត់ក្នុងការប្រកួតនេះ គឺខ្ញុំមិនបានវាយឲ្យចំមុខរបស់ Gonzalez»។

មុនអាជ្ញាកណ្តាលឲ្យកាតក្រហម Neymar មានកីឡាកររបស់ក្រុមការពារជើងឯកលីគកំពូលបារាំងពីររូបដូចជា Leandro Paredes និង Layvin Kurzawa រួមទាំងកីឡាកររបស់ក្រុមអ្នកចាត់ការទូទៅលោក André Villas-Boas ដែលមាន Jordan Amavi និង Dario Benedetto ក៏ត្រូវបានបណ្តេញចេញពីទីលាននៅក្នុងម៉ោងបន្ថែមនោះដែរ។
 
គ្រាប់បាល់ជ័យជម្នះ ១-០ របស់ Marseille ធ្វើបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Florian Thauvin ដែលធ្វើឲ្យ PSG រងបរាជ័យលើកទី២ ក្នុងការប្រកួតទាំង២លើកដំបូង រដូវកាលថ្មី ២០២០-២១៕
 

 

Tag:
 Paris Saint-Germain
  Neymar
  Ligue1
© រក្សាសិទ្ធិដោយ thmeythmey.com