កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល ភ្នំពេញ​ក្រោ​ន ទ័ព និង​វិសាខា អស់​ឱកាស​ប្រជែង​ពាន​លី​គ​កំពូល​
14, Sep 2020 , 11:45 am        
រូបភាព
ថ្នាក់ដឹកនាំ និងគ្រូបង្វឹកវិសាខា ណាហ្គាវើល ភ្នំពេញក្រោន និងទ័ព (រាប់ពីឆ្វេង), រូបភាពពី cncc
ថ្នាក់ដឹកនាំ និងគ្រូបង្វឹកវិសាខា ណាហ្គាវើល ភ្នំពេញក្រោន និងទ័ព (រាប់ពីឆ្វេង), រូបភាពពី cncc
ដោយ:
​នៅសល់តែ​បី​ប្រកួត​ទៀត​ប៉ុណ្ណោះ ការប្រកួត​វគ្គ​៦​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹងត្រូវ​បញ្ចប់ ស្របពេល​ក្រុម​ចំនួន​៤​រួមមាន​ណាហ្គា​វើ​ល ភ្នំពេញ​ក្រោ​ន មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​) និង​វិសាខា បាន​បាត់បង់​ឱកាស​ប្រជែង​ដណ្តើមពាន​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​នេះ​។ បឹងកេត​បន្ត​គ្រង​កំពូល​តារាង ក្រោយ​វាយបក​តាម​ស្មើ ១-១ ជាមួយ​ណាហ្គា​វើ​ល​។

 
​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៨​ណាហ្គា​វើ​ល វិសាខា និង​ទ័ព​សុទ្ធតែ​អស់​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​លី​គ​កំពូល​ប្រចាំឆ្នាំ​២០២០ ក្រោយ​ពួកគេ​ចាញ់ និង​ស្មើ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​សប្តាហ៍​មុន​។ ក្នុងនោះ​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ជាមួយ​វិសាខា រីឯ​ណាហ្គា​វើ​ល​ស្មើ ១-១ ជាមួយ​បឹងកេត ចំណែក ទ័ព ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៥-២​។ 
 
​បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​២៦​ពិន្ទុ រីឯ​ណាហ្គា​វើ​ល ទ័ព​និង​វិសាខា​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​មាន​២៤​ពិន្ទុ​ស្មើគ្នា ខណៈ​បឹងកេត​ឈរ​កំពូល​តារាង​មាន​៣៦​ពិន្ទុ ស្របពេល​ការប្រកួត​នៅសល់តែ​បី​ប្រកួត​ទៀត​ប៉ុណ្ណោះ​។ មានតែ​បឹងកេត​និង​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ឈរ​លេខ​រៀង​ទី​ពីរ​មាន​៣៤​ពិន្ទុ​ប៉ុណ្ណោះ ដែលមាន​ឱកាស​ប្រជែង​ដណ្តើមយក​ពាន​លី​គ​កំពូល​នៅ​ឆ្នាំនេះ​។​
 
​នា​ការប្រកួត​សប្តាហ៍​ទី​១៥​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ បានបញ្ចប់​ទៅជា​មួ​យល​ទ្ធ​ផល​ស្មើ​ទាំងបី​ប្រកួត​ក្នុងនោះ​ក្រុម​បឹងកេត​បាន​វាយបក​តាម​ស្មើ ១-១ ជាមួយ​ណាហ្គា​វើ​ល នា​ជំនួប​ដ៏​តានតឹង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ កីឡាករ Marques Marcio De Oliveira ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច​ឲ្យ​ណាហ្គា​វើ​ល​នាំមុខ ១-០ នៅ​នាទី​ទី​២៦ មុន​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា សម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​បឹងកេត​នៅ​នាទី​ទី​៨៨ មុន​ចប់​តង់​ទី​ពីរ​។ 
 
​នៅ​កីឡដ្ឋាន​ព្រី​នស៍​ឯណោះ​វិញ ក្រុម​ម្ចាស់ផ្ទះ​វិសាខា មិនអាច​ស្វែងរក​បី​ពិន្ទុ​ពី​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​បាន​នោះទេ ដោយ​ពួកគេ​បានបញ្ចប់​ជាមួយ​លទ្ធផល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​ចប់​ការប្រកួត​៩០​នាទី​។ ចំណែក​ក្រុម​សូល​ទី​ឡូ​អង្គរ បានបញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។ 
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃអាទិត្យ ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ម្ចាស់ផ្ទះ​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ ចាញ់​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៥-២​។ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម រក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​១០​នាទី​ដំបូង​ក្នុង​តង់​ទី​១ មុន​ខ្សែប្រយុទ្ធ Jean Marie Privat បន្ថែម​១​គ្រាប់​ទៀត​នៅ​៣​នាទី​បន្ទាប់​។ 
 
៤​នាទី​ក្រោយមក​កីឡាករ ណា​រ៉ុង កក្កដា បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ១-២ សម្រាប់​ម្ចាស់ផ្ទះ​ទ័ព​។ គ្រាប់​បាល់​នាំមុខ ៣-១ សម្រាប់​ភ្ញៀវ​បានកើត​ឡើង​នៅ​នាទី​ទី​៤៤ ដែលជា​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច​ពី Privat​។ ឈានដល់​តង់​ទី​ពីរ ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​មេ​រូ​ន​រូបនេះ រកបាន​គ្រាប់​ទី​បី​របស់ខ្លួន​នៅ​នាទី​ទី​៥៣ ដើម្បី​បង្កើន​ការនាំ​មុខ ៤-១ សម្រាប់​ក្រុម​ភ្ញៀវ មុន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម រកបាន​គ្រាប់​ទី​ពីរ និង​ជា​គ្រាប់​ទី​៥​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​៤​នាទី​បន្ទាប់​។ ក្រោយមក​កីឡាករ សុខ ដារ៉ាវុធ សម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ២-៥ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​ទី​៩០+៥ មុន​ចប់​តង់​ពីរ​។ 
 
​ចំណែក​ការប្រកួត​កីឡដ្ឋាន A.E.U Sport Park ក្រុមនគរបាល​ជាតិ​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-១ ចំណែក​ក្រុម​អង្គ​រថា​យ​ហ្គឺ​របា​ន​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ១-០៕   

Tag:
 ​បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com