ជាតិ
បុណ្យភ្ជុំបិណ្ឌ
ពីនេះ ពីនោះ
វីដេអូ
បទ​ចម្រៀង «​បុណ្យ​ភ្ជុំបិណ្ឌ​» ១០​បទ ដែលមាន​ការគាំទ្រ​ខ្លាំង​
14, Sep 2020 , 2:21 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​បណ្តា​ផលិតកម្ម​ធំៗ​នៅ​ប្រទេស​កម្ពុជា បាន​ផលិត​នូវ​បទ​ចម្រៀង​ជាច្រើន​បទ ក្នុង​ពិធី​ភ្ជុំបិណ្ឌ​នេះ ។​បទ​ចម្រៀង​ខ្លះ គឺជា​ចម្រៀង​ប្រពៃណី​ខ្មែរ​ដែល​ផលិត​ឡើងវិញ និង​បទ​ចម្រៀង​ខ្លះទៀត ជា ស្នាដៃ​ផលិត​ថ្មី​ទាំង​ចង្វាក់​និង​សាច់ភ្លេង ។



​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​ឡើង​លើកឡើង​នូវ​បទ​ចម្រៀង​១០​បទ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម YouTube,Facebook ជាដើម​។​
 
១. «​ខែ​ភ្ជុំ​ជ្រូក​យំ​ពេញ​ទ្រុង​»​ជា​បទ​ចម្រៀង​របស់លោក​ព្រាប សុវត្ថិ នៅក្នុង​ផលិតកម្ម Galaxy Navata ដែល​និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ​លោក យឹម តា​ស្រង់ និង​និពន្ធ​បទ​ភ្លេង​ដោយ Grimes​។ បទ​ចម្រៀង​មួយ​បទ​នេះ​ទទួលបាន​គាំទ្រ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​YouTube​គ្រាន់តែ​បង្ហោះ​រយៈពេល​បី​ថ្ងៃ​ទទួល​បានការ​ទស្សនា​ជាង​១​លាន​ដង​ទស្សនា​។ 
 

២. «​ភ្ជុំបិណ្ឌ​ដល់​ហើយ​»​ជា​បទ​ចម្រៀង​របស់ តារាចម្រៀង​ពី​រូប​ផលិតកម្ម​រស្មី​ហង្ស​មាស​
​គឺ​លោក ខេមរៈ សិរីមន្ត និង​អ្នកនាង ឱក សុគន្ធ​កញ្ញា ។ បទ​នេះ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ដូចគ្នា​នៅលើ​បណ្តាញ​សង្គម​YouTube​បង្ហោះ​រយៈពេល​៥​ថ្ងៃ​ទទួល​បានការ​ទស្សនា​ជាង​៩៥​ម៉ឺន​ដង​ទស្សនា​។ បទ​ចម្រៀង​ដែល​បាន​បញ្ចូល​នូវ​ឧបករណ៍​ភ្លេងខ្មែរ​ដែលមាន​ដូចជា​សាដៀវ​,​ចាប៉ីដងវែង​,​ទ្រខ្មែរ​,​ខ្លុយ​,​ទ្រ​អ៊ួ​,​ប៉ីអរ និង​ស្គ​ដី​ស្តាប់ទៅ​យ៉ាង​ពិ​រោះ​រណ្តំ​។​
 
​បទ​ចម្រៀង​មួយ​បទ​ដែល​ច្រៀង​រៀបរាប់​អំពី​រដូវ​បុណ្យ​ភ្ជុំ​អម​ជាមួយ​ការ​នឹករលឹក​ដល់​អ្នកមានគុណ​ទាំងពីរ​និង​ការរៀបរាប់​អំពី​ទិដ្ឋភាព​ស្រុកស្រែ​នា​ខែវស្សា​នេះ​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក ហ៊ុន ហេង​។ និង​រៀបរៀង​បទ​ភ្លេង​ដោយ​លោក កែវ សម្រេច និង​លោក គង់ ភក្តី និង​បច្ចេកទេស​សំឡេង​ដោយ​លោក ម៉ម មិថុនា​។ 
 
 
៣. «​នឹក​ស្រណោះ​»​ពី​កញ្ញា​តន ចន្ទ​សី​ម៉ា ពី​ផលិតកម្ម Galaxy Navatra ដែល​និពន្ធ ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ​លោក ឡេង ណា​វ៉ា​ត្រា និង​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​លោក Tempo ។ បទ​ចម្រៀង​នឹក​ស្រណោះ​ទទួលបាន​គាំទ្រ​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម YouTube ជាង​១​លាន​ដង​ទស្សនា​ក្នុង​រយៈពេល​១​សប្តាហ៍​។ 
 
 
៤. បទ​ចម្រៀង​របស់​តារាចម្រៀង​សំឡេង​ស្រទន់​លោក ដួង វីរៈ​សិទ្ធ បាន​បញ្ចេញ​បទ ចម្រៀង​ពី​ជាប់​គ្នា​ដើម្បី​អបអរសាទ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បទ​ទី​១«​ភ្ជុំបិណ្ឌ​ស្រុក​យើង​»​និង​បទ​ទី​២«​ភ្ជុំបិណ្ឌ​ភ្ជាប់​ស្នេ​ហ៏​»​បទ​ចម្រៀង​ទាំង​ពីបទ​នេះ​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក សុផាន់ តារា​ជឿន និង​និពន្ធ​បទ​ភ្លេង​ដោយ​លោក ម៉ម មិថុនា ។ បទ​ភ្លេង​ប្រពៃណី​ខ្មែរ​ជា ចង្វាក់​រាំក្បាច់​«​ភ្ជុំបិណ្ឌ​ស្រុក​យើង​»​បាន​រៀបរាប់​អំពី​ទិដ្ឋភាព​អំពី​ទេសភាព​នា​រដូវ​ភ្ជុំបិណ្ឌ​និង​រដូវវស្សា​ហើយ​រៀបរាប់​អំពី​ការ​នឹករលឹក​ដល់​ព្រះ​រស់នា​រដូវ​នេះ​ផងដែរ​។​ចំណែក​១​បទ​ទៀត​«​ភ្ជុំបិណ្ឌ​ភ្ជាប់​ស្នេ​ហ៏​»​ជា​បទ​ចម្រៀង​ដែល​បាន​រៀបរាប់​អំពី​ក្តី​ស្នេហា​ស្មោះត្រង់​រវាង​បុ​រ សម្នាក់​ដែល​បាន​ស្រឡាញ់គ្នា​ជាមួយ​នារី​ដែលមាន​ភូមិ​ផង​របង​ក្បែរ​គ្នា​ហើយ​សន្យាថា​ពេល​ភ្ជុំ​និង​ចូល​ស្តី​តាម​ប្រពៃណី​ខ្មែរ​។ 
 
៥. បទ​ចម្រៀង​ឆ្លងឆ្លើយ​របស់លោក​កែវ វាសនា និង​កញ្ញា សុខ ពិសី «​រលឹម​ខែ​ភ្ជុំ​»​ដែល ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​និង​បទ​ភ្លេង​ដោយ​លោក Jone Roffer ។ ដែល​ទទួលបាន គាំទ្រ​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម YouTube បង្ហោះ​ក្នុងពេល​១​ថ្ងៃ​ទទួលបាន​គាំទ្រ ជាង​២០​ម៉ឺន​ដង​ទស្សនា​។​
 
 
៦.«​ស្រណោះ​ភ្ជុំបិណ្ឌ​»​បទ​ចម្រៀង​ជា​ចង្វាក់រាំ​ក្បាច់​របស់​ផលិតកម្ម​សាន់​ដេ​ដែល​ច្រៀង​ដោយ​លោក យឿន សូត្រ​អនុស្សាវរីយ៍​។​បទ​ចម្រៀង​ដែល​បាន​រៀបរាប់​អំពី​ការ ឃ្លាតឆ្ងាយ​ពី​ស្រុកកំណើត​ទួញ​រលឹក​នឹក​ដល់​ភូមិ​ស្រុក​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។​
 
​បទ​«​ស្រណោះ​ភ្ជុំបិណ្ឌ​»​និពន្ធ​ទំនុកច្រៀង​ដោយ​លោក សុន រដ្ឋា និង​សម្រួល​តន្ត្រី ដោយ​លោក ឡុង គឹម​លាង ។ បទ​នេះ​ទទួលបាន​គាំទ្រ​ជាង​១​លាន​ដង​ទស្សនា​លើ បណ្តាញ​សង្គម YouTube ។​
 
 
៧.​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ចង្វាក់​រាំវង់​របស់​ផលិតកម្ម​ថោ​ន​«​ឱ​!​ផ្កាម៉ោងដប់​»​របស់​កញ្ញា​ដា​សុមា​វ​តី្ត​។​ច្រៀង​រៀបរាប់​ការ​នឹក​ស្រណោះ​រង់ចាំ​មនុស្ស​ជាទី​ស្រឡាញ់​ដែល​ឃ្លាត​គ្នា​ជា​យូរ​។​និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ​លោក រ័ត្ន តា​ម៉ូ និង​និពន្ធ​បទ​ភ្លេង​ដោយ​លោក​ដា ភ្លេង​។ 
 
 
៨.«​ជូន​ម៉ែ​១​លាន​»​ចម្រៀង​របស់លោក​ខេមរៈ សិរីមន្ត ទទួល​បានការ​ទស្សនា​ជិត​២ លាន​ដង​ទស្សនា​លើ​បណ្តាញ​សង្គម YouTube បង្ហោះ​រយៈពេល​៧​ថ្ងៃ​។​
«​ជូន​ម៉ែ​១​លាន​»​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ​លោក​ឈិ​ត តេង​រិ​ទ្ធ​។ 
 
 
៩.«​ទៅ​វត្ត​ទៅ​វ៉ា​»​បទ​ចម្រៀង​កញ្ញា មាស សុខ​សោភា បទ​ចម្រៀង​រាំវង់​ប្រពៃណី​ខ្មែរ​
​ដែល​និពន្ធ​ទំនុកច្រៀង​ដោយ​លោក សយ រតនា និង​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​លោក ដា ភ្លេង​។​បទ​នេះ​រៀបរាប់​ផ្តែផ្តាំ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​វត្ត​ដើម្បី​ឧទ្ទិស​កុសល​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ​។ 
 
១០.«​នឹក​ស្រណោះ​»​ចម្រៀង​ពី​លោក ខេ​ម របស់​ផលិតកម្ម Galaxy Navatra ច្រៀង​រៀបរាប់​ការបែកបាក់​នូវ​ស្នេហា​មួយគូរ​ដែល​មិន​ចុះសម្រុង​និង​គ្នា​។​
​បទ​«​នឹក​ស្រណោះ​»​ទទួលបាន​គាំទ្រ​១​លាន​៥​សិប​ម៉ឺន​ក្នុង​រយៈពេល​១​សប្តាហ៍​លើ​បណ្តាញ​សង្គម YouTube ។ បទ​ចម្រៀង​នេះ​និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ដោយ​លោក ឡេង ណា​វ៉ា​ត្រា និង​និពន្ធ​បទ​ភ្លេង​ថ្មី​ដោយ​លោក Tempo ។​
 
 
 

Tag:
 បទ​ចម្រៀង​
 ​ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com