ជាតិ
ពីនេះ ពីនោះ
«កន្លាស់»,«គន្លាស់»ខុសពី«ក្រឡាស់»ដូចម្តេច?
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យ «កន្លាស់»មានថ្នាក់ពាក្យជានាមសព្ទ។ ចំពោះ «គន្លាស់» និង«ក្រឡាស់»ជាកិរិយាសព្ទ។
«កន្លាស់»ជានាមសព្ទ សំដៅលើប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់,ខ្ទាស់។ ឧទាហរណ៍៖ ក្លាស់កន្លាស់ក។ «កន្លាស់»ក៏សំដៅលើស្លឹកសម្រាប់ប្រក់,សម្រាប់បាំងដែលដេរ,ក្លាស់ដោយកន្លាស់។ ឧទាហរណ៍៖ ស្លឹកកន្លាស់។ ហើយ«កន្លាស់»ក៏សំដៅលើឈ្មោះឈ្លើងមួយប្រភេទ ដែលមានរូបតូចល្អិត។ ឧទាហរណ៍៖ឈ្លើងកន្លាស់។
ចំពោះពាក្យ«គន្លាស់»ជាកិរិយាសព្ទមានន័យថា និយាយផ្ទុយពាក្យ ថាត្រឡប់មកឡើងវិញ ទើបមានន័យច្បាស់ថា ជានេះជានោះ។ ឧទាហរណ៍៖ តានៅ?(ទៅណា?), ម៉ាពីនក?(មកពីណា?), ភឹកតឹក(ផឹកទឹក?), សាយប៊ី(ស៊ីបាយ),សាយសំបុក(សុខសប្បាយ)ជាដើម។ ពាក្យចាស់ហាមថា កុំនិយាយគន្លាស់លើពាក្យពុំសមគួរ ឬលើពាក្យអាសគ្រាម ព្រោះនាំឲ្យគេរង្កៀស។
ចំណែកពាក្យ«ក្រឡាស់»ជាកិរិយាសព្ទ មានន័យថា ប្រែពីផ្កាប់មកជាផ្ងារ ពីផ្ងារទៅជាផ្កាប់។ បើជាពាក្យប្រៀបវិញ គឺគេចកែសំដី។ និយាយក្រឡាស់ភ្លាមៗ។ ឲ្យគេរិះគន់និន្ទាថាព្រហើន៕
© រក្សាសិទ្ធិដោយ thmeythmey.com