ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​បារាំង មាន​ទាំង​លោក សម រង្ស៊ី ផងដែរ ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​ដទៃទៀត​
14, Sep 2020 , 3:28 pm        
រូបភាព
​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដោយមាន​ទាំង​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង​ផងដែរ បាន​ទៅកាន់​បិណ្ឌ​ក្នុង​វត្ត​ខ្មែរ​មួយ នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​។ ក្រៅពី​ធ្វើបុណ្យ​រួមគ្នា ពួកគាត់ ប្រមូលផ្តុំ​គ្នា​ក្នុង​វត្ត​នោះ ហើយ​ទាមទារ​រដ្ឋអំណាច​កម្ពុ​ជា ឲ្យ​ដោះលែង​លោក រ៉ុង ឈុន មេ​សហជីព និង​អ្នក​ផ្សេងទៀត ដែល​ពួកគាត់ ចាត់ទុកថា ជា​អ្នកទោស​មនសិការ​។


​ក្នុង​ដៃ​ពួកគាត់ គឺមាន​កាន់​រូបថត​លោក រ៉ុង ឈុន និង​រូបថត​មនុស្ស​ផ្សេងទៀត ដូចជា លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ យុវជន ហ៊ុន វណ្ណៈ និង យុវតី ឈឿន ដា​រ៉ាវី ជាដើម ដែល​កំពុង​ជាប់ឃុំ​នៅ​កម្ពុជា​។ ពួកគាត់ ស្រែក​ព្រមៗ​គ្នា​ថា​៖«​ដោះលែង រ៉ុង ឈុន​! ដោះលែង រ៉ុង ឈុន​! ដោះលែង​អ្នកទោស​មនសិការ​! ដោះលែង​អ្នកទោស​មនសិការ​!»​។ 
 
​បុរស​ម្នាក់ បាន​និយាយថា ខ្លួន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ស្រុក ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​និង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​។ បុរស​នោះ ថ្លែងថា​៖«​យើង​នៅក្រៅ​ស្រុក យើង គាំទ្រ​សកម្មភាព​ទាំងឡាយ ដែល​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្របតាម​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​»​។ 
 
​មិនមែន​តែ​នៅ​បារាំង​ទេ កន្លងមក ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា ក៏បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ដែរ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​កាណាដា ជួយ​ធ្វើ​អន្តរាគមន៍​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​ផ្សេងទៀត​។ 
 
​ចំណែក​ក្នុងស្រុក​វិញ គឺ​រឹតតែ​មិន​ស្ងៀមស្ងាត់ ដោយ​ក្រុមយុវជន​និង​សកម្មជន ចេញមុខ​ទាម​ទាម​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ​។ លើសពីនេះ ក្រុម​យុ​វន បាន​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​បរទេស​នានា ក្នុង​រាជធានី​ភ្នំពេញ ដូចជា ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង និង ស្ថានទូត​អឺរ៉ុប ជាដើម​។ ជាមួយគ្នានេះ មាន​អង្គការ​ជាតិ​-​អន្តរជាតិ​មិនតិច​ទេ ដែល​ចេញ​សេចក្តីថ្លែងការណ៍ រិះគន់​រដ្ឋាភិបាល​កម្ពុ​ជា ចំពោះ​ការចាប់​អ្នក​ទាំងនោះ និង​ទាមទារ​ឲ្យ​ដោះ​លែ​ពួកគេ​វិញ​។ 
 
​យ៉ាងណាក៏ដោយ ការទាមទារ​ទាំងអស់​នោះ មិនទាន់​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​។ មន្ត្រី​រដ្ឋាភិបាល ឆ្លើយតប​ថា ការទាមទារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ស្រុក​ក្តី និង​ការ​សេចក្តី​សេចក្តី​ការណ៍​របស់​អង្គការ​ជាតិ​-​អន្តរជាតិ​ក្តី គឺ​គ្រាន់តែ​ជា​សិទ្ធិ​របស់​ពួកគេ​ប៉ុណ្ណោះ តែ​មិនមាន​ឥទ្ធិពល​មកលើ​តុលាការ​កម្ពុជា​ឡើយ​។ 
 
​អង្គការ​ជាតិ​-​អន្តរជាតិ រិះគន់​រដ្ឋាភិបាល ថា​បាន​រំលោភសិទ្ធិ​មនុស្ស​និង​បិទ​សិទ្ធិសេរីភាព​។ តែ​មន្ត្រី​រដ្ឋាភិបាល បកស្រាយ​ថា ការចាប់​អ្នក​ទាំងនោះ គឺជា​វិធានការ​ផ្លូវច្បាប់​។ 
​មកដល់ពេលនេះ មាន​យុវជន​យុវតី​មិនតិចជាង​១០​នាក់​នោះទេ ដែល​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ រួមមាន អតីត​ព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្ម​មុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡា​វី យុវជន ថុ​ន រដ្ឋា យុវជន មួង សុភ័ក្ត្រ យុវតី ឈឿ ដា​រាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គ​ន្ធា និង យុវតី ភួ​ន កែវ​រស្មី និង ជាដើម​។ អតីត​ព្រះសង្ឃ និង​យុវជន​យុវតី​ទាំងនោះ ភាគច្រើន​ជា​សមាជិក​នៃ​ក្រុមយុវជន​ខ្មែរ​ថាវរៈ​និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ​។​
 
​លោក រ៉ុង ឈុន មេ​សហជីព និង លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ត្រូវ​ចាប់ខ្លួន​មុន​យុវជន​យុវតី​ខាងលើ​។ អ្នក​ទាំង​២ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​។ ឯ​យុ​វជ​យុវតី ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការចេញ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​២ និង​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​។ នៅមាន​មនុស្ស​មួយទៀត ដែល​ត្រូវ​ចាប់ខ្លួន ដូចជា យុវជន​ជា​អ្នកចម្រៀង​រ៉េ​ប ជា គ​ន្ធា រួមទាំង​មន្ត្រី​អតីត​គណបក្សប្រឆាំង​២​រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង​។​
 
​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ ស្ទើរតែ​ទាំងអស់ រង​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​៕

Tag:
 ​រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com